ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ប្រចាំកម្ពុជា អមដំណើរដោយលោកស្រីសាវ លី មន្ត្រីផ្នែកទទួលបន្ទុកផ្នែកព័ត៌មាននិងលោកវ៉ាង សិន អគ្គកុងស៊ុលរងនៃស្ថានកុងស៊ុលចិនប្រចាំខេត្តសៀមរាប កាលពីថ្មីៗនេះបានអញ្ជើញបំពេញទស្សនកិច្ចនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
លោកវ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាអញ្ជើញសួរសុខគ្រូ សិស្សខ្មែរ, គ្រូស្ម័គ្រចិត្តជនជាតិចិននៃសាលារៀនចុងវ៉ានិងថ្នាក់ដឹកនាំសមាគមខ្មែរ ចិនស្រុកមង្គលបូរី។ អញ្ជើញជូនដំណើរនិងទទួលស្វាគមន៍មានលោកលី សុវណ្ណារឹទ្ធិ ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត លោករ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី លោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីនិងនាយកសាលា ។
លោកគ្រូគួយ គាំ នាយកសាលារៀនចុង វ៉ា បានរាយការណ៍សង្ខេបពីស្ថានភាពសាលារៀននេះថា: សាលានេះបានកសាងតាំងពីឆ្នាំ ១៩៣៥ ដែលបច្ចុប្បន្នស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១៩៩៥ សាលារៀនបានបើកឲ្យដំណើរការឡើងវិញ។ដល់ឆ្នាំ១៩៩៥ សមាគមខ្មែរ ចិន ស្រុកមង្គលបូរី ទិញដីពង្រីកសាលាដល់ទំហំ២៥,០០០ម៉ែត្រក្រឡា។
នេះដោយសារមានការយកចិត្តទុកដាក់ពីបងប្អូនថ្នាក់ដឹកនាំ សមាជិកសមាគមខ្មែរចិនស្រុកមង្គលបុរី ពិសេសសមាគមខ្មែរចិននៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងការជ្រោមជ្រែងពីអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងដោយមានការអនុញ្ញាតនិងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ០៣៦០ / អយក ប្រកប ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ ១៩៩៥ របស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យបើកសាលារៀនចំណេះដឹងទូទៅឯកជន ខ្មែរ ចិន ចុង វ៉ា នេះឡើងវិញ ។ ហើយដំណើរការរៀន បង្រៀនពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៩ នៃអនុវិទ្យាល័យដោយឥតគិតថ្លៃ ។លើកលែងតែការសិក្សាភាសាចិន ត្រូវបង់ថ្លៃ ។
អ្នកដឹកនាំនិងគ្រប់គ្រងសាលា លោកគួយ គាំនិងលោកឧកញ៉ា អ៊ឹង វណ្ណា ម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីបានឲ្យដឹងថា: ក្នុងនោះ រដ្ឋាភិបាលប្រទេសចិន បន្តបញ្ជូនគ្រូស្ម័គ្រចិត្តមកជួយបង្រៀនភាសាចិនក្នុងសាលានេះបន្តបន្ទាប់ ។
ឆ្នាំ២០១៨ ក្រោមការជួយឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេសនិងអតីតសិស្ស សមាគមបានសង់អគារអន្តេវេសិក១ខ្នង ទំហំ១៦មគុណ១៤ម កម្ពស់២ជាន់ ។ល។ នាឆ្នាំសិក្សា២០២៤-២៥នេះ សាលាមានសិស្សសរុប៩៧៤នាក់/ស្រី៤៦៧នាក់ ។បុគ្គលិកសិក្សា៥៣នាក់/ស្រី៤៥នាក់ ។ ក្នុងនោះមានគ្រូស្ម័គ្រចិត្តជនជាតិចិនដែលស្ថានទូតចិនប្រចាំកម្ពុជាជួយសម្របសម្រួល ។
លទ្ធផលការសិក្សាឆ្នាំ២០២៣-២៤ កន្លងមក សិស្សថ្នាក់ទី៩ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ១០០ភាគរយ ។
លោកវ៉ាង វិនពិន បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះប្រវត្តិដ៏ចំណាស់ ការអភិវឌ្ឍន៍សាលាពីតូចមកធំរីកចម្រើននិងលទ្ធផលសម្រេចបានរបស់សាលារៀនចុងវ៉ា។
សាលារៀននេះ មានស្តង់ដារនិងជាគំរូមួយដែលត្រូវបានទទួលស្គាល់ដោយក្រសួង ស្ថាប័នផ្លូវការអន្តរជាតិខាងបណ្តុះបណ្តាលភាសាចិន ពោលគឺការបង្ហាត់បង្រៀន បណ្តុះបណ្តាលភាសាចិននៅទីនោះ គួរឲ្យលើកសរសើរនិងពេញចិត្ត។
លោកទូតមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងលើកទឹកចិត្ត គាំទ្រនិងបន្តជ្រោមជ្រែងសាលារៀននេះបន្តទៀត តាមដែលអាចជួយបាន។
ក្នុងនោះស្ថានទូតនឹងបន្តសម្របសម្រួលជាមួយក្រសួងអប់រំចិននិងការិយាល័យកិច្ចការកូនចៅចិនរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដើម្បីអញ្ជើញគ្រូស្ម័គ្រចិត្តជនជាតិចិនមកជួយតាមគ្រឹះស្ថានសិក្សាឬសាលារៀនសាធារណ:និងឯកជនដើម្បីជួយបង្រៀនភាសាចិនបន្ថែមទៀតនៅទីនេះនិងនៅកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា។
ចំពោះគ្រូស្ម័គ្រចិត្តជនជាតិចិន លោកទូត វ៉ាង វិនពិន បានសម្តែងមនោសញ្ចេតនានឹករលឺកនិងលើកទឹកចិត្តឲ្យបន្តខិតខំបង្រៀនកូនសិស្សខ្មែរឲ្យឆាប់ចេះចាំនិងអនុវត្តបាន។
ក្នុងនោះ ដើម្បីឲ្យកាន់តែស្និទ្ធស្នាល លោកស្នើឲ្យគ្រូទាំងនោះឈ្វេងយល់ពីវប្បធម៌ របៀបរស់នៅរបស់ប្រជាជនកម្ពុជាដើម្បីឲ្យកូនសិស្សរៀនភាសាចិនកាន់តែច្រើននិងងាយចេះ៕