អន្តរជាតិ

ពិធីផ្តល់តំណែងរបស់លោកTrump បាននាំមកនូវក្រុមអភិជនមហាសេដ្ឋីពិភពលោកមកកាន់រដ្ឋធានីវ៉ាស៊ីនតោន

ប្រែសម្រួល៖ តារា

អ្នកចូលរួមក្នុងពិធីផ្តល់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកជាធម្មតាមិនដូចគ្នានឹងការជួបជុំប្រចាំឆ្នាំនៃក្រុមមហាសេដ្ឋីពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនោះទេ ប៉ុន្តែភាពស្រដៀងគ្នាពិបាកនឹងមើលរំលងនៅពេលដែលលោក Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

មហាសេដ្ឋីល្បីៗបំផុតនៃពិភពលោកបានចូលរួមពិធីផ្តល់តំណែងរបស់លោក Trump នៅវ៉ាស៊ីនតោននាថ្ងៃចន្ទ និងពិធីជប់លៀងដ៏ប្រណីតដើម្បីអបអរជាមួយប្រធានាធិបតីថ្មី។

ក្នុងចំណោមអ្នកដែលអង្គុយនៅកន្លែងសំខាន់ៗ មានបុរសអ្នកមានបំផុតបីនាក់នៅលើពិភពលោក។ក្នុងនោះមានលោក Elon Musk លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon និងលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលមានទ្រព្យសម្បត្តិសរុបជិត ៩០០ ពាន់លានដុល្លារ យោងតាម Forbes។

សម្រាប់អ្នកខ្លះ វត្តមាននៃមហាសេដ្ឋីពិភពលោកតំណាងឱ្យកំពូលនៃការវិលត្រឡប់មកកាន់អំណាចវិញរបស់លោក Trump នៅវ៉ាស៊ីនតោន បន្ទាប់ពីការប៉ុនប៉ងបដិសេធលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលលោកបានចាញ់លោក Joseph Biden។

សម្រាប់អ្នកផ្សេងទៀត ឈរជាការព្រមានថាអាទិភាពរបស់រដ្ឋបាលថ្មីក្នុងឆ្នាំខាងមុខនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានទំនាក់ទំនងល្អបំផុតតាមរយៈគោលនយោបាយពន្ធដារ ពលកម្ម ពាណិជ្ជកម្ម និងគោលនយោបាយផ្សេងទៀត។ អតីតប្រធានាធិបតី Joseph Biden នៅក្នុងសុន្ទរកថាលាឈប់របស់លោកបានព្រមានអំពីការកើនឡើងនៃអំណាចក្រុមអភិជននៅសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

សមាជិកព្រឹទ្ធសភាអាមេរិក Elizabeth Warren ជាសមាជិកគណបក្សប្រជាធិបតេយ្យ បានកត់សម្គាល់ពីកន្លែងអង្គុយដ៏ល្អសម្រាប់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងពិធីសផ្តល់តំណែង នៅខាងមុខបេក្ខជនគណៈរដ្ឋមន្ត្រីរបស់លោក Trump។

លោក Musk ដែលបានចំណាយប្រាក់ជាង ២៥០ លានដុល្លារលើយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញរបស់លោក Trump បន្ទាប់ពីកាលពីប៉ុន្មានឆ្នាំមុនបានស្នើឱ្យលោកចូលនិវត្តន៍បន្ទាប់ពីការវាយប្រហារទៅលើវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ប្រហែលជាមានឥទ្ធិពលខ្លាំងបំផុត។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla ត្រូវបានគេជ្រើសរើសឱ្យដឹកនាំគណៈកម្មាធិការថ្មីមួយដើម្បីស្វែងរកវិធីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ត្រូវបានគេរំពឹងថានឹងជំរុញការអនុម័តបទប្បញ្ញត្តិឱ្យបានលឿនសម្រាប់យានយន្តបើកបរដោយស្វ័យប្រវត្តិ ហើយមានសំណួរអំពីអ្វីដែលនឹងកើតឡើងចំពោះការស៊ើបអង្កេតរបស់សហព័ន្ធទៅលើរូបលោក និងក្រុមហ៊ុនរបស់លោកនៅពេលលោក Trump កាន់តំណែង។

លោក Darrell West អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings បានមានប្រសាសន៍ថា “អ្នកជំនួញមួយចំនួនដែលបានប្រើប្រាស់ទំនាក់ទំនងជាមួយលោក Trump តំណាងឱ្យក្រុមហ៊ុនដែលទទួលបានកិច្ចសន្យាជាមួយរដ្ឋាភិបាលច្រើន ឬព្រួយបារម្ភអំពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាល”។

បន្ទាប់ពីជ័យជម្នះរបស់លោក Trump លើអនុប្រធានាធិបតី Kamala Harris ក្នុងខែវិច្ឆិកា នាយកប្រតិបត្តិជាច្រើនបានរួសរាន់ធ្វើទំនាក់ទំនងជាមួយលោក Trump ជាពិសេសលោក Zuckerberg។

Meta បានប្រកាសថាខ្លួននឹងផ្អាកការត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាននៅលើវេទិការបស់ខ្លួននៅសហរដ្ឋអាមេរិក។ លោក Zuckerberg បានអង្គុយជាប់នឹងចៅក្រមតុលាការកំពូល Brett Kavanaugh នៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់ដ៏ពិសេសនៅថ្ងៃចន្ទ ដែលជាព្រឹត្តិការណ៍ដែលមានវត្តមានលោក Bezos និងលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ផងដែរ ហើយនាយកប្រតិបត្តិ Meta ក៏បានរៀបចំពិធីជប់លៀងមុនពិធីផ្តល់តំណែងជាមួយម្ចាស់ជំនួយមហាសេដ្ឋីគណបក្សសាធារណរដ្ឋផ្សេងទៀតនៅថ្ងៃចន្ទផងដែរ។

សមាជិកជាច្រើនផ្សេងទៀតនៃបញ្ជី Forbes ក៏មានវត្តមាននៅវ៉ាស៊ីនតោនផងដែរ រួមមានលោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុន LVMH និងសមាជិកគ្រួសារជាច្រើននាក់ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេទី៥ នៅទូទាំងពិភពលោក លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet ដែលបាននិយាយជាមួយលោក Trump អំឡុងពេលពិធីជប់លៀងអាហារថ្ងៃត្រង់ និងលោក Mukesh Ambani ដែលជាបុរសអ្នកមានបំផុតនៅប្រទេសឥណ្ឌា។

ទំនាក់ទំនងរវាងផលប្រយោជន៍អាជីវកម្ម និងគោលនយោបាយសហរដ្ឋអាមេរិកត្រូវបានបង្ហាញមុនពេលលោក Trump ចូលកាន់តំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏រវល់សម្រាប់កម្មវិធី TikTok ដែលមានប្រជាប្រិយភាព។

សមាជិកសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ បានបោះឆ្នោតដោយសំឡេងគាំទ្រច្រើនលើសលប់ដើម្បីហាមឃាត់កម្មវិធីនេះនៅសហរដ្ឋអាមេរិកដោយសារកង្វល់សន្តិសុខជាតិ ប៉ុន្តែបានឃើញលោក Trump ផ្អាកច្បាប់នេះនៅពេលដែលលោកបានអញ្ជើញលោក Shou Zi Chew នាយកប្រតិបត្តិ TikTok មកចូលរួមពិធីផ្តល់តំណែងនៅនាទីចុងក្រោយ។

លោក Trump បានលើកឡើងពីគំនិតដែលថារដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាម្ចាស់កម្មសិទ្ធិដោយផ្នែកលើ TikTok ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថាប៉េកាំងបានពិភាក្សាអំពីការឱ្យលោក Musk ក្លាយជាម្ចាស់កម្មសិទ្ធិ TikTok តាមមធ្យោបាយណាមួយ៕