ដោយ : បន្ទាយ
បន្ទាយមានជ័យ: ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួរសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ។
ពិធីនេះធ្វើឡើងក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។
បំណងនៃពិធីដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់កងកម្លាំងនគរបាលគ្រប់ប្រការ និងសុំម្ចាស់ទឹកម្ចាស់ដី ជួយថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសដល់ញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទទួលបាននូវចំណែកបុណ្យកុសលដែលបានធ្វើនាពេលនេះ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានថ្លែងសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកឪពុក លោកពូ ដែលជាអតីតស្នងការ ស្នងការរង បានអញ្ជើញមក សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ។
សូមបានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បីសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន និងសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តសិទ្ធិ សូមជួយតាមថែរក្សា លោកឪពុក លោកពូដែលត្រូវជាអតីតស្នងការ ស្នងការរង ជួបតែពុទ្ធពរ ទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជូននូវត្រកអនុស្សាវរីយ៍ និងថវិកាដល់អតីតស្នងការរងដែលបានចូលនិវត្តន៍ផងដែរ៕