សេដ្ឋកិច្ច

ខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានអ្នកវិនិយោគមួយក្រុមទិញយកអស់ហើយ

ដោយ៖សហការី

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានអះអាងថា មកទល់នឹងពេលនេះអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានអ្នកវិនិយោគចរចាទិញអស់ហើយ បន្ទាប់ពីបើកលក់អស់រយៈពេលជាង១ឆ្នាំ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប បានមានប្រសាសន៍ថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុប ជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុមព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយនៅសប្តាហ៏នេះ ក៏ប៉ុន្តែអ្នកវិនិយោគិននោះបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វីដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥ នេះ។

ជាមួយគ្នានេះអ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត។

ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ៣០%ហើយ៕