ព័ត៌មានជាតិ

សម្ពោធទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារADB នៅក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : នាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥  លោករស់ វណ្ណា រដ្ឋលេខាធិការ-តំណាងលោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្ត លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ-នាយកគម្រោង ,លោកអែនតូនី ហ្គីល (Antony Gill ) តំណាងADB ប្រចាំកម្ពុជា និងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ក្រុមហ៊ុនអ្នកពាក់ព័ន្ធទទួលផលយ៉ាងច្រើនកុះករ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានស្វាគមន៍ថា: ក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យ សូមអបអរសាទរនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា  ក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាអង្គភាពអនុវត្តគម្រោងនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងអ្នកពាក់ព័ន្ធដែលចូលរួមសហការដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ ។

នេះជាគម្រោងទី៣ “ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ”។ រីឯគម្រោងទី១និងទី២ គឺគម្រោង”ប្រព័ន្ធលូទឹកភ្លៀងនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ” ដែលបាននិងកំពុងដំណើរការ  ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ នេះដែរ ។

លោកលី សុវណ្ណារឹទ្ធិ បានបន្តថា:តាមរយ:គម្រោងនេះ ពិតជាបានឆ្លើយតបនឹងនឹងគោលដៅលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយ:ការលើកកម្ពស់អនាម័យនិងបរិស្ថានល្អនៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ។

ក្នុងនោះខេត្តដែលដំណើរការពីថ្ងៃទី០៧ខែមករាឆ្នាំ១៩៨៨ មកនេះ  បច្ចុបន្នមានប្រជនជនធំ២គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ។ខេត្តមានដង់ស៊ីតេប្រជាពលរដ្ឋចំនួន១២៩នាក់/គីឡូម៉ែត្រការ៉េ។ខេត្តមានស្រុក៧និងក្រុង២ មានឃុំសង្កាត់៦៧ ,ភូមិចំនួន៦៦៤ភូមិ, ប្រជាជន២០១.៣៨១គ្រួសារ មនុស្សរាយចំនួន៨៦៤០៩៤នាក់ ។

លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការនិងជានាយកគម្រោងបានឲ្យដឹងថា: គម្រោងនេះ អង្គភាពគ្រប់គ្រងដោយជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទឹប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនRAMBOLL DANMARK សហការនឹងក្រុមហ៊ុនORIENTAL CONSULTANT GLOBAL Co.,Ltd  ក្រុមហ៊ុនSCEនិងក្រុមហ៊ុនTANCONS(Cambodia) Co.,Ltd ។ ម៉ៅការសាងសង់ដោយក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់។

គម្រោងនេះ សាងសង់រយ:ពេល១៧ខែ ដែលផ្តើមសាងសង់ខែធ្នូឆ្នាំ២០២៣   បញ្ចប់គម្រោងខែឧសភាឆ្នាំ២០២៥  ប៉ុន្តែជាក់ស្តែងរួចរាល់នាថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ ។

ឯការចំណាយថវិកា(+តម្លៃពន្ធ១០%)អស់ប្រមាណ ៦,៥លានដុល្លារអាមេរិក ដែលជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។

លទ្ធភាពផ្ទុកគឺកន្លែងទុកដាក់សំរាមមាន២ រណ្តៅ ដែលរណ្តៅទី១ មានទំហំ៦២.២៤២ម៉ែត្រត្រីគុណ បាតរណ្តៅមានក្រាលកៅស៊ូHDPE ,Geotextile ប្រព័ន្ធប្រមូលទឹករងៃនិងរន្ធឧស្ម័ន្ធ(Gas Vent)  ផ្ទុកសំរាមបាន៥១.៤១៤តោន និងរណ្តៅទី២ ទំហំ៨៧.៦៣០ម៉ែត្រត្រីគុណ ផ្ទុកសំរាមបាន៨៤.០៦០តោន បាតរណ្តៅមានក្រាលដូចគ្នា។

ទីលាននេះមាន២ទីតាំងជិតគ្នាដែលមានទំហំសរុប១១ហិកតា  ដែលអាចប្រើប្រាស់បាន១៥ឆ្នាំសម្រាប់ពលរដ្ឋក្រុងសិរីសោភ័ណ១០៨.២៧២នាក់ ។

ផ្លូវចូលទីលានសង់ជាប្រភេទបេតុងអារមេប្រវែង១.៣៥០ម៉ែត្រ ។ផ្លូវក្នុងទីលានក៏ជាប្រភេទបេតុងអារមេ មាន៥ខ្សែ។មានរបងរៀបឥដ្ឋបូកបាយអនិងចម្រឹងដែកនិងរបងសំណាញ់ដែក។

លោកវង្ស ពិសិដ្ឋ បានបន្តថា: ក្នុងនោះមានស្រះប្រព្រឹត្តកម្មចំនួន៣ ដែលបាតវាមានក្រាលកៅស៊ូដូចខាងលើ មានដាំរុក្ខជាតិចម្រោះទឹកនិងបំពាក់ម៉ាស៊ីនបូមទឹក មានអណ្តូងទឹកសម្រេច អណ្តូងទឹកប្រើសម្រាប់វាស់ស្ទង់និងពិនិត្យគុណភាពទឹកក្នុងដី។ មានប៉ុស្តិ៍យាម២កន្លែង ។ មានអគារការិយាល័យ ,អគារបរិភោគអាហារនិងសម្រាករបស់បុគ្គលិកកម្ពស់២ជាន់ ចំនួន១កន្លែង។មានជញ្ជីងថ្លឹងរថយន្តផ្ទុកសំរាម ១កន្លែង , អគាររោងជាង អគ្គិសនី មេកានិច កម្ពស់១ជាន់,។អគារផ្គត់ផ្គង់ ១ជាន់ ។អគារញែកសំរាម. កម្ពស់១ជាន់ ។មានកន្លែងលាងរថយន្ត១កន្លែង,មានប្រឡាយបេតុងអារមេ ក្នុងទីលានទុកដាក់សំរាមរួមនឹងរីហ្កា១ខ្សែ ។

មានប្រឡាយបេតុងអារមេក្នុងទីតាំងអគារប្រតិបត្តិការរួមទាំងរីហ្កា១ខ្សែ។សម្ភារស្តុកទុកសម្រាប់ធ្វើការលុបរណ្តៅនៅដំណាក់កាលចុងក្រោយរួមមានដីឥដ្ឋ បរិមាន៦.៣៩៨ម៉ែត្រត្រីគុណ  ថ្មក្រួសបរិមាណ៦.៣៩៨ម៉ែត្រត្រីគុណ។មានដាំដើមឈើក្នុងបរិវេណ,ផ្លាកសញ្ញាគម្រោងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។

លោកអាន់តូ ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានថ្លែងថា: គម្រោងគាំទ្រដោយអេឌីប៊ី ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជានេះ បានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការពង្រឹងលទ្ធភាពទទួលបានសេវាមូលដ្ឋានក្នុងទីក្រុងនៅទូទាំងប្រទេស តាមរយ:ធ្វើអោយទីក្រុងនិងខេត្តកាន់តែស្អាតដែលផ្តល់ការរស់នៅដែលមានសុខភាពល្អនិងកាន់តែរស់នៅបាន ហើយទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមបង្កឡើងពីសំរាម  ការបំពុលដី ទឹកនិងខ្យល់ ។ វានឹងជួយការពារប្រភពទឹកនិងជួយរៀបចំខេត្តអោយបានកាន់តែស្អាតនិងបៃតង ។

លោករស់ វណ្ណា រដ្ឋលេខាធិការ-តំណាងលោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា: ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា  លើវិស័យរបស់ខ្លួន ក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយលោកប៉េង ពោធិនា រដ្ឋមន្ត្រីបាននិងបន្តខិតខំបំពេញការងារនិងដោះស្រាយបញ្ហាដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ ក៏ដូចជាតម្រូវការរបស់វិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច។

ក្នុងនោះក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍកម្ពុជា បានផ្តោតផងដែរដល់ការកសាងទីក្រុងគួរឲ្យចង់រស់នៅ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងក៏អោយស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

លោករដ្ឋលេខាធិការរស់ វណ្ណា បានបន្តថា: ទីលានទុកដាក់សំរាមបែបនេះ បានអនុវត្តរួចហើយនៅខេត្តកំពង់ចាម កំពង់ធំ កំពត ស្ទឹងត្រែង ខេត្តព្រះសីហនុ និងពេលនេះខេត្តបន្ទាយមានជ័យ ។

គម្រោងបែបនេះក៏នឹងអនុវត្តនៅក្រុងប៉ោយប៉ែតជាទីដែលមានពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង១០ម៉ឺននាក់ផងដែរ ពោលគឺបញ្ហាកាកសំណល់រឹងឬហៅថាសំរាមនេះ និងកាកសំណាល់់រាវឬហៅថាទឹកកខ្វក់នេះ  រាជរដ្ឋាភិបាល ក្រសួងសាធារណការនិងដឹកកជញ្ជូននិងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងផ្នែកឯកជន រួមទាំងបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង យុវជន បាននិងកំពុងបន្តចូលរួមដោះស្រាយដើម្បីធ្វើឲ្យប្រសើរឡើងជីវភាព សុខភាពក្នុងការរស់នៅ៕