សន្ដិសុខសង្គម

យុវជន៣នាក់ត្រូវតុលាការឃុំខ្លួនក្រោមបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ដោយ៖ កំចាយ

កំពត÷ តុលាការខេត្តកំពតបានសម្រេចឃុំខ្លួនយុវជន៣នាក់ក្រោមបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ផ្អែកតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកំពតមានខ្លឹមសារថា ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវនាំខ្លួនក្រុមជនត្រូវចោទ៣នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ជនត្រូវចោទទាំង៣នាក់មានអាយុពី១៥-១៦ឆ្នាំ មានទីលំនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទៅ ម៉ៅ ច័ន្ទមធុរិទ្ធ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជុំគិរីបានចុះតាមដានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីពួកគេកាន់កាំបិតថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ប្រព្រឹត្តឡើងនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី។ ក្រោយកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក៏បានបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពតដើម្បីម្រេចចាត់ការតាមនីតិវិធី៕