សន្ដិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍បុ.កពីក្រោយម៉ូតូកិ.នបុរសម្នាក់ស្លា.ប់នៅនឹងកន្លែង

ដោយ៖សហការី

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័មបន្ទាប់ពីបើកម៉ូតូឈប់រង់ចាំស្តុបត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកមកពីក្រោយរួចបួងចង្កូតបត់បុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ១៦ខែមករា ឆ្នាំ២០២៥ នៅស្តុប៩២ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ចាម 1V-5865 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិច។ នៅពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់រង់ចាំភ្លើងស្តុបក្រហម។ ពេលនោះដែរគេឃើញមានរថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង មួយគ្រឿង ពណ៌លឿងលាយសពាក់ផ្លាកលេខ ភ្នំពេញ 5A-1409 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ ស្របទិសគ្នាពីកើតមកលិច។

នៅពេលបើកមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហមដូចគ្នា បន្ទាប់មកភ្លើងស្តុបក៏បានលោតពណ៌ខៀវ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍បានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវភ្នំពេញហាណូយវិញតែមិនបានមើលមុខស្រាប់តែបុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លា.ប់នៅក្រោមកង់រថយន្ត។ ភ្លាមនោះដែរតៃកុងបម្រុងបើកទ្វាររត់គេចខ្លួនក៏ត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់សួរនាំបន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕