ដោយ : បន្ទាយ
បន្ទាយមានជ័យ : ពលរដ្ឋរស់នៅចំណុចឡធ្យូងឬខាងលិចភូមិ/សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ បានលើកគ្នាតវ៉ា ករណីអាជ្ញាធរនិងសមត្ថកិច្ចមិនប្រគល់ប្លង់រឹង(ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ) ដែលចុះបញ្ជីលក្ខណ:ជាប្រព័ន្ធរយ:ពេលជាង១ឆ្នាំមកហើយ ។
ពលរដ្ឋទាំងនោះមានជាង៧០នាក់ដែលអះអាងថាជាម្ចាស់ក្បាលដីចំនួន១៤២ ប្លង់លើចំនួនសរុប២៥១ក្បាលដី បានលើកគ្នាតវ៉ា នៅមុខការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលក្រុងនិងសាលាក្រុងប៉ោយប៉ែតដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពួកខ្លួនគឺសុំប្រគល់ប្លង់រឹង(ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ) ដែលចុះបញ្ជីលក្ខណ:ជាប្រព័ន្ធលើដីធ្លីលំនៅដ្ឋានដែលពួកគេបានកាន់កាប់ រស់នៅ សង់ផ្ទះសំបែងនិងអាស្រ័យផលដោយរលូន ឥតអាក់រហូតមកតាំងពីទសវត្សរ៍ទី៩០និងពីឆ្នាំ២០០០មក។
លោក សុខ លីណា ក៏ដូចជាពលរដ្ឋរស់នៅភូមិផ្សារកណ្ដាលបានឲ្យដឹងបន្តថា: រយ:ពេលជាង១ឆ្នាំមកហើយ ដែលមន្ត្រីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធបានកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លី បានចុះវាស់វែងនៅវាល មន្ត្រីទទួលចុះទិន្នន័យក្បាលដី ផ្តល់សន្លឹកសម្គាល់ក្បាលដី បិទផ្សាយជាសាធារណ:ឯកសារទិន្នន័យចុះបញ្ជីដីធ្លី និងបានបញ្ចូលទិន្ន័យ ហើយចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុរួចហើយ នៅឡើយតែមិនប្រគល់ប័ណ្ណឬប្លង់រឹងនោះឲ្យពួកខ្លួនតាមនីតិវិធី ពោលគឺក្នុងដំណើរការនេះទៅរលូន គ្មាននរណាមកប្តឹងទាស់ឡើយ។
ពួកគេបន្តថា : ប៉ុន្តែពេលពួកខ្លួនយកសន្លឹកសម្គាល់ក្បាលដីទៅសុំដកយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុឬប្លង់រឹង មន្ត្រីចុះបញ្ជីប្រាប់មិនអាចប្រគល់ជូនបានទេ ព្រោះមានគេប្តឹងជំទាស់ឯណាទៅវិញ។
លុះដល់សុំអង្វរឬជជីកសួរថា អ្នកណា ឈ្មោះអី នៅឯណាជាអ្នកប្តឹងទាស់នោះ ទាំងមន្ត្រីសុរិយោដីទាំងមន្ត្រីអាជ្ញាធរមិនព្រមប្រាប់អត្តសញ្ញាណឡើយ ដែលនេះវាដូចជាឈុតឆាកល្ខោនមួយ។
ទោះជាយ៉ាងណា មានប្រភពខ្លះបានខ្សឹបថា : អ្នកប្តឹងជំទាស់ពលរដ្ឋមិនឲ្យប្រគល់ប្លង់រឹងនោះ មានចំនួន៩នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ផងដែរ សំអាងថាមានឯកសារនិងដីចំនួន៤៥ហិកតានៅម្តុំឡធ្យូងខាងលិចវត្តផ្សារកណ្តាលនោះ ហើយថាក្នុងចំណោមដីទាំងនោះ មានប្លង់ស្លាបមាន់ផងដែរ ។
ឆ្លើយតបករណីនេះ លោកចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលក្រុងប៉ោយប៉ែតនិងជាប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្រុងនិងលោកឯម វុត្ថន នាយករដ្ឋបាលក្រុងប៉ោយប៉ែតបានចេញមកទទួលនិងពន្យល់បំភ្លឺពលរដ្ឋ ។
លោកចូវ សុភឿត និយាយថា: ករណីនេះ ត្រូវបានគេប្តឹងទាស់មកក្រុមការងារចុះបញ្ជីដីធ្លី ហើយសមត្ថកិច្ចទទួលដោះស្រាយរឿងនេះ ស្ថិតនៅលើដៃទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យ។
លោកបានសម្រន់នូវកំហឹងនិងការទទូចតវ៉ារបស់ពលរដ្ឋម្ចាស់ក្បាលដីទាំងនោះថា ដីរបស់បងប្អូនៗបានកាន់កាប់សង់ផ្ទះ រស់នៅនិងប្រកបរបរលើដី ហើយបានចុះបញ្ជីរួចហើយដែរ មិនមាននរណាអាចមករំលោភយកបានទេ គ្រាន់មានការប្តឹងជំទាស់ដើម្បីកុំឲ្យមន្ត្រីប្រគល់ប្លង់រឹងជូនបងប្អូន ហើយត្រូវរង់ចាំពេលវេលាដោះស្រាយតាមនីតិវិធីប៉ុណ្ណោះ ។
តមកនាយករដ្ឋបាលសាលាក្រុងបាននាំពលរដ្ឋតវ៉ាឡើងលើសាលាក្រុង ហើយជួបជុំគ្នានៅសាលប្រជុំ។
នៅទីនោះ តំណាងពលរដ្ឋបានលើកឡើងសំណូមពរក្នុងបំណងដូចខាងលើ ហើយលោកចូវ សុភឿតនិងលោកញឹម ផឿង អភិបាលរង ក្នុងនាមលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឆ្លើយបំភ្លឺលម្អិតជាងជាងមុនដល់ពលរដ្ឋតវ៉ា ដោយថា រាល់សំណូមពរនិងទុក្ខកង្វល់របស់បងប្អូន មន្ត្រីរដ្ឋបាលនិងជំនាញបានកត់ត្រានិងសន្យាថានឹងសហការជាមួយផ្នែកជំនាញនៃរដ្ឋបាលខេត្តដោះស្រាយបញ្ហាទាំងនេះជូនបងប្អូនក្នុងពេលខាងមុខ ហើយស្នើសុំឲ្យបងប្អូនវិលទៅលំនៅឋានវិញ កុំលើកគ្នាតវ៉ាឬធ្វើបាតុកម្មឲ្យខូចសន្តិសុខ សណ្តាប់ធ្នាប់ឲ្យសោះ ។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពេលវេលាណាមួយជាក់លាក់ ហើយក៏នៅតែមិនព្រមប្រាប់ឈ្មោះនិងអត្តសញ្ញាណអ្នកប្តឹងទាស់បងប្អូនឡើយ៕