សន្ដិសុខសង្គម

ឧបនាយករដ្ឋមន្រ្តីស្នើឱ្យថ្នាក់ដឹកនាំ,មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធបង្ហាញភាពស្អាតស្អំមិនពាក់ព័ន្ធនឹងគ្រឿងញៀន

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ ថ្នាក់ដឹកនាំ,មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ បង្ហាញភាពស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀនដាច់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើបែបនេះ នៅក្នុងការឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តនេះ កាលពីថ្ងៃទី១៤ មករា។

ឯកឧត្តមបានថ្លែងថា៖ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មព្រមៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿង ញៀន”។ កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួនក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទឱ្យបានទាន់ពេលវេលា ជាពិសេសនៅតាមទីតាំងកម្សាន្ត សប្បាយនានា និងមុខសញ្ញាដែលមានការសង្ស័យ។ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។ជាមួយគ្នានេះត្រូវខិតខំបង្កើន និងជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ឱ្យជៀសវាងឆ្ងាយពីគ្រឿងញៀន។

នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បញ្ជាក់ដែរថា៖ ការងារបង្ក្រាបគ្រឿងញៀនបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩ នាក់ ថយចុះ២៦៨នាក់ ចាប់បានយកសារធាតុញៀន ប្រភេទក្រាមពណ៌ ស ចំនួន ១.៥០៩កញ្ចប់ ស្មើនឹង ៥គីឡូ៣២១ក្រាម ព្រមទាំងភស្តុតាងមួយចំនួនទៀត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ មានកត្តាមួយចំនួនធ្វើឱ្យបទល្មើសថយចុះដូចជា ការបង្ក្រាបចំគោលដៅ ចំមេខ្លោង និងចំមុខសញ្ញា ការត្រួតពិនិត្យរដ្ឋបាលចំហនៅតាមក្លឹប សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ប៉ុន្តែ ជនល្មើសក៏មានល្បិចកលច្រើនជាងមុន និងមានចរិតកាចសាហាវ តដៃជាមួយសមត្ថកិច្ចផងដែរ៕