ព័ត៌មានជាតិ

បើកការដ្ឋានសាងសង់សួនតេជោសន្តិភាពនៅទីតាំងសួនច្បារផ្ការំដួល ក្នុងក្រុងសៀមរាប

ដោយ : បន្ទាយ

បន្ទាយមានជ័យ : កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ មានពិធីសែនក្រុងពាលីបើកការសាងសង់សួនតេជោសន្តិភាព នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ (Grand Hotel) ឬសួនច្បារផ្ការំដួល មុខព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះ មានការអញ្ជើញជាអធិបតីដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប និងចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក លោកស្រី ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារនិងកំពង់ធំ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៦០០នាក់ចូលរួមផងដែរ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបក្នុងនាមលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ក៏បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ក៏បានអញ្ជើញចូលរួមពិធីនោះផងដែរ ។

បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នៅសួនច្បាផ្ការំដួល ។

សួនតេជោសន្តិភាពបានរចនាឡើងក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩តឹក១ហ៊ុន១លី។ សួនបែងចែកជា ៣ផ្នែកៗរួមមាន៖ ផ្នែកទី-១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី-២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាបថវិមានឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី-៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឲ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព ខេត្តសៀមរាប ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព គឺរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីតាំងបង្ហាញពីតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តិការណ៍នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា បានបន្តថា ដោយសារភាពចាំបាច់ និងតម្រូវការជាប្រវត្តិសាស្ត្រ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះ-ឈ្នះ ចំនួន៣កន្លែងទៀត ។ គឺយកលំនាំវិមានឈ្នះ-ឈ្នះ នៅជ្រោយចង្វា រាជធានីភ្នំពេញ ដែលត្រូវធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះ-ឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា៕