ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបណ្តាស្រុក ក្រុង មន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត ខិតខំអនុវត្តអនុវត្តតួនាទី ភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត៥ការងារបន្តសម្រាប់ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៣ មករានេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ ក្នុងនោះត្រូវបន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ ដើម្បីជំរុញ លើកទឹកចិត្តដល់ រដ្ឋបាលឃុំ-សង្កាត់ និងសម្រួចឆន្ទៈ អ្នកអនុវត្តឱ្យចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឲ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងបន្តលើកទឹកចិត្តការដោះ ស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងពង្រឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបាន ជោគជ័យនូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ អនុវត្តនូវដំណោះស្រាយដែលអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិនៅថ្នាក់ខេត្ត បានដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវរៀបចំផែនការសកម្មភាពដោយកំណត់ក្របខ័ណ្ឌពេលវេលាអនុវត្តឲ្យបានជាក់លាក់ និងច្បាស់លាស់ស្របតាមស្មារតីនៃអង្គវេទិកា។
ឯកឧត្តមបានបន្ថែមថា៖ បន្តខិតខំរួមគ្នាដោះស្រាយសំណើសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក, ឃុំ-សង្កាត់ សំដៅចូលរួមការអនុវត្តគោន៍លនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព ឈានទៅ សម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមបានបន្តថា៖ បន្តពង្រឹងភាពជាម្ចាស់លើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ម្ចាស់លើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយត្រូវយកចិត្ត ទុកដាក់កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តគោលការណ៍បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់ការគ្រប់គ្រងគម្រោងខេត្ត គម្រោងក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលប្រើប្រាស់ថវិកាមូលនិធិ ប្រកបដោយភាពរលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕