ប្រែសម្រួល៖ ស-សម្បត្តិ
សេអ៊ូល៖ នៅក្រោមម្លប់ទ្វារហ្គ្វាងហាមុនដ៏ចាស់បុរាណក្នុងក្រុងសេអ៊ូល អ្នកជំនួញវ័យក្មេងឈ្មោះ ស៊ីន ជី-យ៉ុង ពាក់កន្សែងក្បាលពណ៌ឥន្ទធនូ និងគ្រវីទង់ដែលរិះគន់ប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែង ក្នុងចំណោមអ្នកតវ៉ារាប់ពាន់នាក់។
ការបែងចែកមួយបានកើតឡើងក្នុងចំណោមយុវជនកូរ៉េខាងត្បូង ចាប់តាំងពីលោក យូន ស៊ុក យល បានប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យកាលពីខែមុន និងបានស្នាក់នៅក្នុងលំនៅដ្ឋានរបស់គាត់ដោយប្រឆាំងនឹងការចាប់ខ្លួន។
នៅផ្នែកម្ខាង បុរសវ័យក្មេងអភិរក្សនិយម រួមទាំងក្រុមគ្រិស្តបរិស័ទអេវ៉ាំងហ្គែលិក និងអ្នកដែលបង្ហាញការគាំទ្រប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងប្រឆាំងនឹងការទម្លាក់តំណែងនេះ។
នៅម្ខាងទៀត ស្ត្រីវ័យក្មេង និងអ្នកគាំទ្របុព្វហេតុសេរីនិយម ដូចជាសហគមន៍ LGBTQ+ យុត្តិធម៌អាកាសធាតុ និងសិទ្ធិការងារ កំពុងទាមទារឱ្យមានការឃុំខ្លួនគាត់ភ្លាមៗ។
“ខ្ញុំគិតថាជម្លោះ(យេនឌ័រ)មានរួចទៅហើយ ប៉ុន្តែវាកាន់តែចេញមុខច្បាស់នៅពេលបញ្ហាទម្លាក់តំណែងលោក យូន ស៊ុក យល កើតឡើង” នេះជាសម្តីរបស់ ស៊ីន។
“ខ្ញុំគិតថាស្ត្រីមានភាពរសើបច្រើនជាងទៅនឹងគ្រោះមហន្តរាយសង្គម និងការរើសអើង។ បុរសដែលមានអាយុពី២០ទៅ៣០ឆ្នាំ ទោះបីជាស្ថិតក្នុងជំនាន់តែមួយក៏ដោយ តែងតែមិនយល់ស្របថាការរើសអើងយេនឌ័រមាន” នេះបើតាមការបន្ថែមរបស់នារីវ័យ២៩ឆ្នាំរូបនេះ។
ចំណាត់ការរបស់លោក យូន បានពង្រីកភាពប៉ូលនយោបាយរបស់ប្រទេស និងបានធ្វើឱ្យជនជំនាន់ក្រោយកូរ៉េនៅទាំងសងខាងនៃការបែងចែកនេះ ប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុងសេអ៊ូលក្នុងសីតុណ្ហភាពក្រោមសូន្យ។
ខាងប្រឆាំងលោក យូន ភាគច្រើនត្រូវបានតំណាងនៅក្នុងការតវ៉ាដោយក្រុមយុវជនដែលទ្រេតទៅរកសេរីនិយមចម្រុះមួយ។
ក្នុងនោះមានអ្នកគាំទ្រ K-pop អ្នកលេងហ្គេម និងក្រុមស្ត្រីនិយម ព្រមទាំងទង់ចម្លែកៗដែលមានសរសេរថា “មនុស្សចូលចិត្តនៅម្នាក់ឯង” និងសូម្បីតែ “សមាគមផ្កាអ័រគីដេ”។
“ក្នុងនាមជាអ្នកគាំទ្រជនភាគតិចផ្លូវភេទ ខ្ញុំគិតថាមូលហេតុដែលពួកគេជាច្រើនចេញមកក្នុងការប្រមូលផ្តុំទម្លាក់តំណែងនេះ គឺព្រោះពួកគេចង់បង្កើតសង្គមមួយកាន់តែប្រសើរ” នេះជាសម្តីរបស់និស្សិត សុង មីន-ជី អាយុ២១ឆ្នាំ ប្រាប់ AFP។
ប៉ុន្តែខណៈដែលយុវជនកូរ៉េមួយចំនួនកំពុងព្យាយាមផ្សព្វផ្សាយគុណតម្លៃសេរីនិយមរបស់ពួកគេ ហើយអ្នកគាំទ្រជ្រុលនិយមជាច្រើនរបស់លោក យូន ហាក់ដូចជាចាស់ទុំចូលនិវត្តន៍ គាត់ក៏មានក្រុមអ្នកការពារវ័យក្មេងមួយក្រុមដែលបង្កើតក្តីបារម្ភផងដែរ។
កាលពីសប្តាហ៍មុន ក្រុមយុវជនស្តាំនិយមជ្រុលបានធ្វើសន្និសីទសារព័ត៌មាននៅក្នុងសភា ដែលពួកគេបានដាក់ឈ្មោះអនុក្រុមរបស់ខ្លួនថា “បែកហ្គុលដាន” ។
ឈ្មោះនេះសំដៅទៅលើអង្គភាពមួយដែលបានប្រឆាំងនឹងអ្នកតវ៉ាប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ រួមទាំងការវាយដំរហូតដល់ស្លាប់មួយចំនួន។
ប្រសិនបើអ្នកស៊ើបអង្កេត “បន្តដំណើរការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី ឬដាក់ពង្រាយកងកម្លាំងប៉ូលិសពិសេស វាអាចនាំឱ្យមានស្ថានភាពដូចសង្គ្រាមស៊ីវិល” នេះបើតាមការថ្លែងរបស់មេដឹកនាំរបស់ក្រុមនេះ គីម ជុង-ហ៊្យូន នៅក្នុងសន្និសីទសារព័ត៌មានដ៏ចម្រូងចម្រាសមួយនៅក្នុងសភាកាលពីសប្តាហ៍មុន។
“នៅក្នុងបរិយាកាសដែលមិនមានស្ថិរភាពបែបនេះ ហានិភ័យនៃការជ្រៀតជ្រែកពីបរទេស ឬភាពវឹកវរសង្គមខ្លាំងអាចកើនឡើង។”
សុីន បាននិយាយថា បុរសវ័យក្មេងកំពុងក្លាយជាជ្រុលនិយមកាន់តែខ្លាំង រួមទាំងក្រុមមួយ “ដែលថែមទាំងគាំទ្រច្បាប់អាជ្ញាសឹក”។
អ្នកផ្សេងទៀតបាននិយាយថា សន្និសីទសារព័ត៌មាននោះបានធ្វើឱ្យពួកគេអស់សង្ឃឹម ដោយមិនអាចដឹងពីរបៀបដែលពួកគេអាចនិយាយគ្នាជាមួយអ្នកដទៃក្នុងជំនាន់របស់ពួកគេ ដែលមានទស្សនៈពិភពលោកខុសគ្នាខ្លាំង។
“វាពិតជាមានអារម្មណ៍ថាយើងបានឈានដល់ចំណុចទាបថ្មីមួយ។ វាធ្វើឱ្យខ្ញុំខឹង។ ខ្ញុំមានអារម្មណ៍ថាទប់ចិត្តមិនបាន” នេះបើតាមនិស្សិតអាយុ២០ឆ្នាំ នូ មីន-យ៉ុង។
“ជាចុងក្រោយ ពួកគេជាសមាជិកសង្គមរបស់យើង… ប៉ុន្តែទស្សនៈរបស់យើងហាក់ដូចជាខុសគ្នាខ្លាំងណាស់។”
អ្នកតវ៉ាស្តាំនិយមក៏បានប្រើទង់ជាតិកូរ៉េខាងត្បូង និងអាមេរិកយ៉ាងច្រើន រួមជាមួយរូបភាពរបស់លោកត្រាំ ដើម្បីបង្ហាញពីទស្សនៈជាតិនិយមរបស់ពួកគេថា គណបក្សប្រឆាំងកំពុងសហការជាមួយកូរ៉េខាងជើង។
បដា និងផ្លាកសញ្ញារួមមានពាក្យស្លោកដូចរបស់លោកត្រាំដូចជា “ធ្វើឱ្យកូរ៉េអស្ចារ្យឡើងវិញ!” និង “បញ្ឈប់ការលួច!”
- បុរសៗសម្រាប់លោក យូន
លោក យូន ផ្ទាល់ត្រូវបានចោទប្រកាន់ពីការឆ្លៀតឱកាសលើការភ័យខ្លាចរបស់បុរសវ័យក្មេង។
គាត់បានទាក់ទាញពួកគេនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២ ដោយការបដិសេធការរើសអើងជាស្ថាប័នប្រឆាំងនឹងស្ត្រី និងការសន្យានឹងលុបចោលក្រសួងសមភាពយេនឌ័រ ដែលអ្នកគាំទ្ររបស់គាត់អះអាងថា “ហួសសម័យ”។
លទ្ធផលស្ទង់មតិក្រោយការបោះឆ្នោតនោះបង្ហាញថា លោក យូន បានឈ្នះការបោះឆ្នោតដោយទទួលបានប្រមាណ៥៨ភាគរយនៃសន្លឹកឆ្នោតពីបុរសក្នុងវ័យ២០ឆ្នាំ។
ក្នុងពេលជាមួយគ្នា គូប្រជែងសេរីនិយមរបស់គាត់ មេដឹកនាំគណបក្សប្រឆាំង លី ជេ-មីង បានទទួលភាគរយសន្លឹកឆ្នោតដូចគ្នាពីស្ត្រីក្នុងវ័យ២០ឆ្នាំ។
អ្នកជំនាញនិយាយថា លោក យូន បានប្រើប្រាស់ការគាំទ្រពីបុរសវ័យក្មេងសម្រាប់ការរស់រានខាងនយោបាយរបស់គាត់ ខណៈដែលមិនអើពើនឹងសារៈសំខាន់របស់ស្ត្រីវ័យក្មេង។
“គាត់បានទទួលស្គាល់ថាវានឹងពិបាកក្នុងការទទួលបានការគាំទ្រពីពួកគេ(ស្ត្រី) ដូច្នេះគាត់បានចាត់ទុកពួកគេដូចជាមិនមានអត្ថិភាពតាំងពីដំបូង” នេះបើតាមសាស្ត្រាចារ្យសង្គមវិទ្យា ក្វូន ស៊ូ-ហ៊្យូន នៅសាកលវិទ្យាល័យជាតិហ្គ្យុងសាង។
“អស្ថិរភាពសេដ្ឋកិច្ចដើរតួនាទីជាកត្តាជំរុញសំខាន់ដែលរុញច្រានយុវជនឆ្ពោះទៅរកលទ្ធិអភិរក្សនិយម” នាងបានបន្ថែមថា រដ្ឋបាលរបស់លោក យូន បានព្យាយាមស្តីបន្ទោសទៅលើ “ស្ត្រីដែលរងឥទ្ធិពលពីលទ្ធិស្ត្រីនិយម” និងជនចំណាកស្រុក។
ខណៈដែលគម្លាតរវាងជនជំនាន់ក្រោយកូរ៉េខាងត្បូងបានមានស្រាប់រួចទៅហើយ វិបត្តិនយោបាយដែលអូសបន្លាយនេះបានធ្វើឱ្យវាកាន់តែស៊ីជម្រៅ។
“នៅពេលនិយាយអំពីនយោបាយជាមួយមិត្តភក្តិរបស់ខ្ញុំ ទោះបីខ្ញុំប្រាប់ពួកគេពីការពិតច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនស្តាប់ដែរ” នេះជាសម្តីរបស់ យ៉ាង អ៊ុយ-ប៊ីន អាយុ២៥ឆ្នាំ ដែលកាន់ផ្លាកសញ្ញា “បញ្ឈប់ការលួច”។
“ដូច្នេះ យើងក៏ធម្មជាតិឃ្លាតឆ្ងាយពីគ្នា៕”
ប្រភព៖ AFP/rl