អន្តរជាតិ

បាតុកម្មបានប្រែជាហិង្សានៅប្រទេសចិនបន្ទាប់ពីសិស្សម្នាក់ធ្លាក់ស្លាប់

ប្រែសម្រួល៖ រតនា
ការតវ៉ាហិង្សាបានផ្ទុះឡើងនៅប្រទេសចិន បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ម្នាក់បានបង្កឱ្យមានការចោទប្រកាន់ពីការបិទបាំងរបស់អាជ្ញាធរ ដូចដែលបានបង្ហាញក្នុងវីដេអូពីតំបន់ភាគពាយព្យសាន់ស៊ី។

នៅក្នុងវីដេអូដែលបានផ្ទៀងផ្ទាត់ដោយ CNN បាតុករជាច្រើននាក់ត្រូវបានគេឃើញប្រឈមមុខដាក់ជញ្ជាំងប៉ូលិសប្រឆាំងកុបកម្មនៅខាងក្រៅសាលាបច្ចេកទេសវិជ្ជាជីវៈពូឆេង ដោយអ្នកខ្លះបានគប់ដំបងនិងវត្ថុផ្សេងៗទៅលើមន្ត្រី។

បាតុករម្នាក់ត្រូវបានគេឃើញគប់ធុងពន្លត់អគ្គិភ័យទៅលើទ្វារ ធ្វើឱ្យកញ្ចក់បែក។ ជាការឆ្លើយតប ប៉ូលិសត្រូវបានគេឃើញប្រើប្រាស់កម្លាំងលើបាតុករ វាយដំអ្នកខ្លះ និងចាប់បោកទម្លាក់អ្នកផ្សេងទៀតទៅលើដី។

មូលហេតុនៃការតវ៉ានេះគឺការស្លាប់របស់សិស្សវ័យជំទង់ម្នាក់ ដែលមានគោត្តនាមថា ដាង និងកំពុងសិក្សានៅឆ្នាំទីបីនៅសាលានោះ។ អាជ្ញាធរមូលដ្ឋាននៅពូឆេងបានអះអាងថា ការស្លាប់របស់ដាងកាលពីថ្ងៃទី២ ខែមករា គឺជាគ្រោះថ្នាក់មួយ និងមិនមែនជាបទឧក្រិដ្ឋទេ ប៉ុន្តែការចោទប្រកាន់បានរាលដាលនៅលើបណ្តាញសង្គមថាមានការបិទបាំង។

អាជ្ញាធរចិនមានការប្រុងប្រយ័ត្នជាពិសេសចំពោះការតវ៉ាជាសាធារណៈនៅក្នុងប្រទេស បន្ទាប់ពីការតវ៉ា “ក្រដាសស” យ៉ាងទូលំទូលាយនៅចុងឆ្នាំ២០២២ ប្រឆាំងនឹងគោលនយោបាយតឹងរឹងរបស់ប៉េកាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកស៊ើបអង្កេតដែលបានចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលស្រុកពូឆេង ដាង “មានការជជែកគ្នានិងប៉ះទង្គិចផ្លូវកាយ” ជាមួយសិស្សឆ្នាំទីមួយម្នាក់ដែលមានគោត្តនាមថា ក្វូ ដោយសារ “រំខានការសម្រាក” របស់គាត់នៅក្នុងអន្តេវាសិកដ្ឋាន។ នៅយប់នោះ មន្ត្រីសាលាម្នាក់បានជួយដោះស្រាយការជជែកគ្នា។

នៅម៉ោងប្រហែល៣ព្រឹក សិស្សម្នាក់ទៀតនៅក្នុងអន្តេវាសិកដ្ឋានរបស់ដាងបានទៅបន្ទប់ទឹក ហើយបានឃើញកៅអីឈើមួយនៅក្រោមបង្អួចរបងជណ្តើរ យោងតាមសេចក្តីថ្លែងការណ៍នោះ។

“បង្អួចរំកិលត្រូវបានបើក ហើយសំណាញ់លោហៈត្រូវបានដកចេញ។ ដាងបានធ្លាក់ពីបង្អួចទៅលើដីខាងក្រោមរួចហើយ” សេចក្តីថ្លែងការណ៍បានបញ្ជាក់។

អង្គការសិទ្ធិមនុស្សនៅចិន ដែលជាក្រុមសកម្មជនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ពី “កាលៈទេសៈគួរឱ្យសង្ស័យ” នាំទៅដល់ការស្លាប់របស់ដាង រួមទាំងរបាយការណ៍របស់សាក្សីអំពី “សញ្ញានៃការប៉ះទង្គិចនៅក្នុងអន្តេវាសិកដ្ឋានរបស់ដាង” និងការលើកឡើងថាគាត់ត្រូវបានគេ “រុញពីលើដំបូល។”

ក្រុមនេះបាននិយាយថា គ្រួសាររបស់ដាងបានបដិសេធការពន្យល់ផ្លូវការអំពីការស្លាប់របស់គាត់។ ក្រុមគ្រួសារក៏បានអះអាងថា រូបថតពីទូរសព្ទរបស់គាត់ត្រូវបានលុបចេញ យោងតាមរបាយការណ៍របស់ Reuters។ ការសង្ស័យរបស់ក្រុមគ្រួសារត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។

មិនមានភាពច្បាស់លាស់ថាតើការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅតែបន្តពេញមួយសប្តាហ៍នេះដែរឬទេ។

ការហៅទូរសព្ទរបស់ CNN ទៅកាន់ការិយាល័យសន្តិសុខសាធារណៈនៃស្រុកពូឆេង ក៏ដូចជាទីក្រុងវេយណាន ដែលស្រុកនេះជាផ្នែកមួយនោះ មិនមានការឆ្លើយតបទេ៕
ប្រភព៖ CNN