ប្រែសម្រួល៖ តារា
ជូហូបារូ៖ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅរដ្ឋជូហូបានកើនឡើងដល់ជាង៣.០០០នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ (១២ មករា) កើនឡើងពី២.៥២៤នាក់កាលពីយប់មុន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) បានរាយការណ៍ថា ប្រជាជន៣.២៩៥នាក់ដែលរងផលប៉ះពាល់មកពី៩៦០គ្រួសារនៅស្រុកកូតាធីងហ្គី កូឡៃ ជូហូបារូ ក្លួង និងប៉ុនទៀននៃប្រទេសម៉ាឡេស៊ី។
ពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្នចំនួន៣៤កន្លែង។
ស្រុកកូតាធីងហ្គីមានចំនួនជនរងគ្រោះដោយទឹកជំនន់ច្រើនបំផុតគឺ១.១៦០នាក់ បន្ទាប់មកគឺស្រុកកូឡៃ (៧៤៨នាក់) ជូហូបារូ (៥០២នាក់) ក្លួង (៤៥៥នាក់) និងប៉ុនទៀន (៤៣០នាក់)។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត ដោយមានលទ្ធភាពកើតមានទឹកជំនន់នៅស្រុកផ្សេងទៀត រួមទាំងនៅបាតូប៉ាហាត និងម៉ឺស៊ីង ដូចដែលកាសែត New Straits Times បានរាយការណ៍។
កាលពីមុន កាសែត The Star បានរាយការណ៍ថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានទឹកហូរកួច នៅផ្លូវលីកូឈីណា ក្បែរសួនច្បារអាម៉ាន។
“ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១.៣០យប់ (ថ្ងៃទី១០ មករា) នៅពេលដែលសមាជិកក្រុមខ្លះកំពុងជម្លៀសជនរងគ្រោះដោយទឹកជំនន់” នេះបើតាមការថ្លែងរបស់ប្រធាននគរបាលកូតាធីងហ្គី យូសុហ្វ អូថមែន។
“រថយន្តនោះជាប់នឹងបង្គោលភ្លើង ខណៈដែលអ្នកបើកបរកំពុងអង្គុយនៅលើរថយន្តរបស់គាត់។”
ទឹកជំនន់តែងតែកើតមាននៅឆ្នេរខាងកើតប្រទេសម៉ាឡេស៊ីក្នុងអំឡុងរដូវមូសុងប្រចាំឆ្នាំចាប់ពីខែតុលាដល់ខែមីនា ដោយមានប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ប្តូរទីលំនៅជារៀងរាល់ឆ្នាំ៕
ប្រភព៖ ទីភ្នាក់ងារ/as