ដោយៈសុខុម
ស្ទឹងត្រែងៈ ផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់នៅឆ្នាំ២០២៥នេះបានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីដាំពូជកូនឈើប្រណីត រាប់ពាន់ដើម នៅតាមតំបន់សហគមន៍ព្រៃឈើរេចរឹលតំបន់ដកហូតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ការដាំកូនឈើឡើងវិញគឺផ្តោតជាសំខាន់ជួយឱ្យព្រៃឈើដែលបាត់បង់ទៅប្រែក្លាយទៅជាបៃតង។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បាននិយាយថា នៅឆ្នាំ២០២៤ កូនឈើចំនួន១៧.០០០ពាន់ដើមបានបណ្តុះកំពុងលូតលាស់ល្អ មើលថែដោយយកចិត្តទុកដាក់ពីមន្រ្តីជំនាញ។ឈើទាំងនេះរួមមាន៖ ប្រភេទឈើកម្រនិងប្រណីតកូនឈើគ្រញូង,ធ្នង់,បេងជាដើម។ នៅពេលកូនឈើវាធំលូតលាស់ពេញរូបរាងអាចយកទៅដាំបានហើយ។ក្នុងនោះព្រៃសហគមន៍ចំនួន២កន្លែង ជាប់ជាអត្ថិភាព ដើម្បីទទួលយកពូជកូនឈើទៅដាំ។មានសហគមន៍ព្រៃឈើ ព្រៃតាម៉ៅស្ថិតនៅឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ និងសហគមន៍ព្រៃឈើព្រៃតាគង់នៅភូមិច្រប់ឃុំក្បាលរមាសស្រុកសេសាន។
ក្រៅពីនេះរដ្ឋបាលព្រៃឈើក៏នឹងមានគម្រោងចែកជូនស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ ដងផ្លូវ វត្តអារាម សាលារៀនទៀតផង។
លោកសំអឿនសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពស្តារព្រៃឈើឡើងវិញនៅក្នុងគម្រោងរេដបូក មេគង្គជំហានទី១ ខេត្តស្ទឹងត្រែងនឹងទទួលបានលទ្ធផលល្អ។ លោកបាននិយាយបន្តទៀតថា ឆ្នាំ២០២៥គ្រោងដាំកូនឈើចំនួន៨ពាន់ដើម។ព្រៃឈើបានផ្តល់ផលប្រយោជន៍ជាច្រើនគឺជួយទប់ស្កាត់បម្រែបម្រួលអាអាសធាតុនៅលើផែនដី។ផ្តល់ជាម្លប់ដល់មនុស្ស សត្វ។ បង្កើតគម្របព្រៃឈើឡើងវិញ។ស្រូបយកជាតិពុល បញ្ចេញអុកស៊ីសែន។ អាចលក់កាបូនទៅកាន់ទីផ្សារអន្តរជាតិ។ ទប់ស្កាត់ការហូរច្រោះបាក់ដីពីគ្រោះធម្មជាតិផ្សេងៗ។បង្កើតជីជាតិលើស្រទាប់ដី។ប្រជាពលរដ្ឋអាចដាំដំណាំបាននៅតាមចន្លោះដំណាំ កសិរុក្ខកម្ម។បង្កើនជីវភាពសហគមន៍នៅតាមមូលដ្ឋាន។
លោកហ៊ុន សំអឿនបានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានបង្កើតឡើងនៅឆ្នាំ២០២៤ ទទឹង១០ម៉ែតត្របណ្តោយ២០ម៉ែត្រ ក្នុងគម្រោងរេដបូកមេគង្គជំហានទី១ខេត្តស្ទឹងត្រែង។
ប្រភពថវិកាបានមកពីអង្គការ AfoCo ប្រទេសកូរ៉េ។ថ្នាលនេះបានបណ្តុះកូនឈើចំនួន១៧.០០០កូន មានឈើគ្រញូង,បេង,ធ្នង់,ឈើទាលនិងកកោះ។ដោយមានការសម្របសម្រួលពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល។ឆ្នាំ២០២៥ គ្រោងដាំកូនឈើចំនួន៨០០០កូនលើផ្ទៃដី២០ហិកតា។នៅឆ្នាំ២០២៦ គ្រោងដាំចំនួន២ពាន់កូនលើផ្ទៃដី១០ហិកតាបន្ថែមទៀត។
ជាមួយនោះក៏មានការគាំទ្រដៃគូជាមួយខាងអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងផងដែរ៕