ប្រែសម្រួល៖ ស-សម្បត្តិ
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ ប្រធានាធិបតីរុស្ស៊ី បូរីស យេលស៊ីន បានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយប្រាប់ប្រជាពលរដ្ឋរួមជាតិរបស់លោកថា លោកនឹងចុះចេញពីតំណែងដើម្បីឱ្យនាយករដ្ឋមន្ត្រីរបស់លោកឡើងកាន់តំណែងជាប្រធានាធិបតី។
“ហេតុអ្វីត្រូវប្រកាន់ខ្ជាប់នឹងអំណាចរយៈពេលប្រាំមួយខែទៀត នៅពេលដែលប្រទេសមានមេដឹកនាំខ្លាំងម្នាក់ដែលអាចក្លាយជាប្រធានាធិបតី ជាបុគ្គលដែលជនជាតិរុស្ស៊ីស្ទើរតែទាំងអស់កំពុងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត?” លោក យេលស៊ីន បានថ្លែង ដោយទទួលស្គាល់នូវការឈឺចាប់ដែលបានធ្លាក់មកលើប្រជាជនរុស្ស៊ីសាមញ្ញ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ “ហេតុអ្វីត្រូវឈររារាំងផ្លូវគាត់?”
មេដឹកនាំខ្លាំងនោះគឺជាបុគ្គលដែលមិនសូវស្គាល់ក្នុងវិស័យនយោបាយ៖ អតីតមន្ត្រី KGB ម្នាក់ឈ្មោះ វ្លាឌីមៀរ ពូទីន។ នៅថ្ងៃចូលឆ្នាំថ្មីនេះ នៅពេលដែលលោក ពូទីន ថ្លែងទៅកាន់ប្រជាជនរុស្ស៊ី លោកនឹងបានគូសចំណាំខួបមួយភាគ៤នៃសតវត្សរ៍នៃការដឹកនាំរុស្ស៊ី ទាំងក្នុងតួនាទីជាប្រធានាធិបតី និងក្នុងអំឡុងពេលបួនឆ្នាំជានាយករដ្ឋមន្ត្រីដ៏មានអំណាច។
នៅពេលដែលឆ្នាំ២០២៤ ជិតបញ្ចប់ ការគ្រប់គ្រងអំណាចរបស់លោក ពូទីន ហាក់កាន់តែរឹងមាំជាងពេលណាៗទាំងអស់។ នៅលើសមរភូមិនៅអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបានរីកចម្រើនក្នុងសង្រ្គាម ដោយបានវាយលុកទៅមុខក្នុងតំបន់ដុនបាស។ នៅក្នុងប្រទេស ទិដ្ឋភាពនយោបាយរបស់រុស្ស៊ីត្រូវបានបោសសម្អាតឱ្យរួចផុតពីការប្រកួតប្រជែង បន្ទាប់ពីការស្លាប់របស់មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីល្បាញបំផុតរបស់ប្រទេស គឺលោក អាឡិចស៊ី ណាវ៉ាល់នី។
ហើយមួយខែក្រោយពីលោក ណាវ៉ាល់នី បានស្លាប់នៅក្នុងពន្ធនាគារដាច់ស្រយាលមួយនៅភាគខាងជើងនៃរង្វង់អាកទិក មេដឹកនាំក្រឹមឡាំងបានឈ្នះការបោះឆ្នោតឡើងវិញក្នុងការប្រកួតមួយដែលអនុញ្ញាតឱ្យលោកអះអាងពីអាណត្តិដ៏ធំធេង ដោយមិនគិតពីភាពយុត្តិធម៌ឡើយ។
លោក ពូទីន ប្រហែលជាកំពុងបង្ហាញពីទំនុកចិត្ត ប៉ុន្តែភាពមិនច្បាស់លាស់ថ្មីកំពុងនៅជិតបង្កើយ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានឃោសនាដោយសន្យាថានឹងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ហើយទោះបីជាផែនទីបង្ហាញផ្លូវរបស់លោកសម្រាប់ការចរចាបញ្ចប់ជម្លោះនេះមិនទាន់ច្បាស់លាស់ក៏ដោយ លោក ត្រាំ បានធ្វើឱ្យរឿងមួយច្បាស់លាស់៖ លោកចង់ឱ្យវាកើតឡើងយ៉ាងឆាប់រហ័ស។
“(វាជា) រឿងមួយក្នុងចំណោមរឿងដែលខ្ញុំចង់ធ្វើ ហើយឱ្យបានឆាប់ៗ — ហើយប្រធានាធិបតី ពូទីន បាននិយាយថា លោកចង់ជួបជាមួយខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះនៅរដ្ឋអារីហ្សូណា។ “ដូច្នេះ យើងត្រូវរង់ចាំរឿងនេះ។ ប៉ុន្តែយើងត្រូវតែបញ្ចប់សង្រ្គាមនោះ។”
មិនគួរឱ្យភ្ញាក់ផ្អើលទេដែលគ្មានការបើកដបស្រាសំប៉ាញអបអរការជាប់ឆ្នោតរបស់លោក ត្រាំ នៅក្នុងទីក្រុងម៉ូស្គូ។ លោក ពូទីន បានភ្នាល់គ្រប់យ៉ាងទៅលើសង្រ្គាមនៅអ៊ុយក្រែន៖ លោកបានដាក់សេដ្ឋកិច្ចប្រទេសរបស់លោកក្នុងស្ថានភាពសង្រ្គាម បង្កើតសម្ព័ន្ធភាពកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ដើម្បីបន្តដំណើរការម៉ាស៊ីនសង្រ្គាម ហើយត្រូវបានដាក់ក្នុងបញ្ជីស្វែងរកខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ទាំងអស់នេះគឺក្នុងការតាមប្រមាញ់គោលដៅអតិបរមានៃការបំផ្លាញលទ្ធភាពរបស់អ៊ុយក្រែនក្នុងនាមជារដ្ឋមួយ។
ប្រាកដណាស់ លោក ត្រាំ និងលោក ពូទីន មានចំណុចរួមមួយចំនួន។ កិច្ចប្រជុំកំពូលហិលស៊ីនគីឆ្នាំ២០១៨ រវាងអ្នកទាំងពីរបានបង្ហាញថា លោក ត្រាំ មានឆន្ទៈក្នុងការបំផ្លាញបទដ្ឋានដែលបានបង្កើតឡើងយូរមកហើយក្នុងការអនុវត្តគោលនយោបាយការបរទេស ដូចជាលោក ពូទីន ដែរ ហើយការកោតសរសើរដែលលោក ត្រាំ បានប្រកាសចំពោះលក្ខណៈមេដឹកនាំរឹងមាំរបស់លោក ពូទីន បានធ្វើឱ្យអ្នកសង្កេតការណ៍អាមេរិកព្រួយបារម្ភអំពីនិន្នាការផ្តាច់ការនៅក្នុងប្រទេស។ ប៉ុន្តែវិធីសាស្ត្រដែលផ្លាស់ប្តូរជាញឹកញាប់របស់លោក ត្រាំ ចំពោះគោលនយោបាយការបរទេស មានន័យថាក្រឹមឡាំងប្រហែលជាត្រូវត្រៀមខ្លួនសម្រាប់ការចរចាដែលមិនអាចព្យាករណ៍បាន។
អ្នកតំណាងពិសេសចូលថ្មីរបស់លោក ត្រាំ សម្រាប់រុស្ស៊ី និងអ៊ុយក្រែន គឺអតីតឧត្តមសេនីយ៍យោធាគោក គីត ខែលឡុក បានប្រៀបធៀបសង្រ្គាមនេះទៅនឹង “ការប្រដាល់ក្នុងទ្រុង” រវាងប្រទេសទាំងពីរ ដែលលោក ត្រាំ អាចធ្វើជាអាជ្ញាកណ្តាល។
“អ្នកមានអ្នកប្រដាល់ពីរនាក់ ហើយទាំងពីរចង់ចុះចាញ់ អ្នកត្រូវការអាជ្ញាកណ្តាលម្នាក់ដើម្បីបំបែកពួកគេ” លោកបាននិយាយនៅលើ Fox Business។ “ខ្ញុំគិតថាប្រធានាធិបតី ដូណាល់ ជេ ត្រាំ អាចធ្វើបែបនោះបាន… ខ្ញុំគិតថាលោកពិតជាមានភាគីទាំងសងខាងដែលមានឆន្ទៈក្នុងការជួបជុំគ្នា — ទីបំផុត — និងនិយាយគ្នា។”
តើការប្រៀបធៀបនោះនឹងដំណើរការយ៉ាងដូចម្តេចក្នុងការអនុវត្តជាក់ស្តែង គឺជាសំណួរបើកចំហមួយ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូ ឡូឌីមៀរ ហ្សេឡិនស្គី ក្នុងសប្តាហ៍ថ្មីៗនេះ បានផ្លាស់ប្តូរសុន្ទរកថារបស់លោក ដោយទទួលស្គាល់ថាអ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកទឹកដីទាំងអស់ដែលបានបាត់បង់ទៅរុស្ស៊ីមកវិញទេ។ ហើយនៅក្នុងវេទិកាសំណួរ-ចម្លើយចុងឆ្នាំរបស់លោក ពូទីន ក៏បានបង្ហាញសញ្ញានៃការត្រៀមខ្លួនសម្រាប់ការចរចាដែរ ដោយនិយាយថា “នយោបាយគឺជាសិល្បៈនៃការផ្សះផ្សា។ យើងតែងតែនិយាយថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទាំងការចរចា និងការផ្សះផ្សា។”
ប៉ុន្តែក្រៅពីពាក្យពេចន៍ទាំងនេះ លោក ពូទីន បានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់ — ហើយបានចំណាយពេលភាគច្រើននៃការផ្សាយផ្ទាល់សំណួរ-ចម្លើយចុងឆ្នាំដ៏វែងរបស់លោក បង្ហាញពីជំហរនៃភាពខ្លាំង ទាំងទៅកាន់ប្រជាជនរុស្ស៊ីសាមញ្ញ និងរដ្ឋបាលលោក ត្រាំ ដែលនឹងចូលកាន់តំណែង។
ឧទាហរណ៍ មេដឹកនាំក្រឹមឡាំងបានបដិសេធសំណួររបស់លោក ឃារ ស៊ីមុនស៍ នៃ NBC ដែលបានសួរថាតើបរាជ័យផ្នែកគោលនយោបាយការបរទេសដែលគួរឱ្យអាម៉ាស់ដូចជាការដួលរលំនៃរបបប្រធានាធិបតីស៊ីរី បាសារ អាល់-អាសាដ ដែលទើបតែរត់ភៀសខ្លួនទៅរុស្ស៊ី មានន័យថាលោកនឹងចរចាពីជំហរនៃភាពខ្សោយដែរឬទេ។
ចម្លើយរបស់លោក ពូទីន គឺ៖ “យើងបានមកស៊ីរីកាលពី១០ឆ្នាំមុន ដើម្បីទប់ស្កាត់ការបង្កើតមូលដ្ឋានភេរវករនៅទីនោះ ដូចអ្វីដែលយើងបានឃើញនៅក្នុងប្រទេសផ្សេងទៀត ឧទាហរណ៍ អាហ្វហ្គានីស្ថាន។ យើងបានសម្រេចគោលដៅនោះ ជារួម។”
រុស្ស៊ីនៅតែមានឥទ្ធិពលការទូតមួយចំនួននៅមជ្ឈិមបូព៌ា ទោះបីជាមានការដួលរលំនៃរបបអាសាដក៏ដោយ។
លោកស្រី ហាណា ណូតេ នាយកកម្មវិធីអឺរ៉ាស៊ីនៅមជ្ឈមណ្ឌលជេមស៍ ម៉ាទីន សម្រាប់ការសិក្សាអំពីការមិនរីករាលដាលនៃអាវុធនុយក្លេអ៊ែរ ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់អាមេរិក បាននិយាយថា រុស្ស៊ីនៅតែមាន “ត្រួតរបស់ចរចា” លើស៊ីរី រួមទាំងស្ថានភាពរបស់ទីក្រុងម៉ូស្គូជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
“តួនាទីរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ — ដែលអាចប្រើសិទ្ធិវេតូឬមិនប្រើ — មានសារៈសំខាន់ចំពោះ HTS (អ្នកគ្រប់គ្រងស៊ីរីជាក់ស្តែង ហាយ៉ាត់ តាហ្រីរ អាល់-សាម) នៅពេលនិយាយអំពីដំណើរការទាំងអស់ដែលទាក់ទងនឹងការធ្វើឱ្យរដ្ឋាភិបាលស៊ីរីថ្មីមានភាពស្របច្បាប់” លោកស្រីបានថ្លែង។ “ដំណើរការណាមួយដែលទាក់ទងនឹងការផ្លាស់ប្តូរនយោបាយនៅក្នុងសម័យក្រោយអាសាដ ប្រសិនបើអង្គការសហប្រជាជាតិចូលរួម ខ្ញុំគិតថាអ្នកមិនចង់ឱ្យជនជាតិរុស្ស៊ីនៅខាងខុសនៃរឿងនេះទេ។”
លើផ្នែកសេដ្ឋកិច្ច លោក ពូទីន ក៏កំពុងប្រកាន់ខ្ជាប់នឹងចំណុចវិជ្ជមានដែរ ទោះបីជាប្រជាជនរុស្ស៊ីសាមញ្ញទទួលរងការឈឺចាប់ពីតម្លៃអាហារខ្ពស់ និងការធ្លាក់ចុះតម្លៃរូប៊្លក៏ដោយ។ ប៉ុន្តែការប្រែក្លាយអាចធ្វើទៅបានត្រឹមកម្រិតណាមួយប៉ុណ្ណោះ។ ក្នុងការវិភាគថ្មីៗនេះ លោកស្រី អាឡិចសាន់ដ្រា ប្រូកូពិនកូ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលកានេហ្គី រុស្ស៊ី-អឺរ៉ាស៊ី ដែលជាស្ថាប័នស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានកត់សម្គាល់ថា សេដ្ឋកិច្ចពេលសង្រ្គាមដែលលើសកម្រិតរបស់រុស្ស៊ី ប្រហែលជាកំពុងខិតជិតដល់ចំណុចវិបត្តិ។
“រាល់ខែដែលកន្លងផុតទៅ បង្កើនសម្ពាធកាន់តែខ្លាំង” លោកស្រីបានសរសេរ។ “ក្រឹមឡាំងកំពុងខិតជិតដល់ចំណុចបត់បែនមួយ នៅពេលដែលកិច្ចព្រមព្រៀងសង្គមរវាងរដ្ឋ និងប្រជាជននឹងផ្លាស់ប្តូរដោយមិនអាចជៀសផុត។ ជនជាតិរុស្ស៊ីកាន់តែត្រូវបានស្នើសុំឱ្យទទួលយកវិសមភាពដែលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិត ជាថ្នូរនឹងស្ថិរភាពរយៈពេលខ្លី និងមោទនភាពនិមិត្តរូបក្នុងគំនិត ‘ជាតិដូចបន្ទាយ’។ ប៉ុន្តែសូម្បីតែការផ្សះផ្សានេះក៏កំពុងក្លាយជាមិនអាចទ្រទ្រង់បានកាន់តែខ្លាំងឡើងដែរ។”
លោក ពូទីន បានឡើងកាន់អំណាចកាលពី២៥ឆ្នាំមុន ដោយសន្យាថានឹងដឹកនាំដោយកណ្តាប់ដែករឹងមាំ បន្ទាប់ពីទសវត្សរ៍នៃការរងរបួសផ្លូវចិត្តរួមគ្នាក្នុងសម័យយេលស៊ីន។ ឥឡូវនេះ លោក និងប្រទេសរបស់លោកត្រូវតែប្រឈមមុខនឹងលោក ត្រាំ នៅក្នុងពេលវេលាថ្មីនៃបញ្ហាប្រឈម៕
ប្រភព់៖ CNN