ព័ត៌មានជាតិ

យុវជន៣០០០នាក់ចូលរួមអបអរសាទរទិវាសន្តិភាពនៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះលើភ្នំព្រំដែន

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ÷យុវជនចំនួន៣០០០នាក់នឹងចូលរួមក្នុងពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ លើទីតាំងភ្នំ២០០ ដែលស្ថិតនៅភូមិ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤  ។

 

នេះបើតាមការបញ្ជាក់របស់ផេកផ្លូវការ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ កាលពីពេលថ្មីៗនេះ។

ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅទីតាំងភ្នំ២០០គឺជាកន្លែងមូលដ្ឋានកែឆ្នៃគ្រាប់កាំភ្លើងមួយ របស់អតីតយោធាខ្មែរក្រហមចុងក្រោយបំផុត ក្នុងចំណោមទីតាំងចំនួន១៤ កន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់ទាំងនោះ ប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅព្រំដែន នូវថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១០ ដល់ក្រសួងទេសចរណ៍មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្ស និងការអភិវឌ្ឍន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។

សូមបញ្ជាក់ថា ក្នងអនុក្រិត្យរបស់រាជរដ្ខាភិបាល គោលបំណងធ្វើការអភិរក្សនៅទីតាំងសំខាន់ៗ ដែលជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ យល់ដឹង និងចងចាំអំពីនយោបាយ មេដឹកនាំរបស់បនប្រល័យពូជសាសន៍។ហើយការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងនោះបែងចែកជា២តំបន់គឺ តំបន់លើភ្នំ(តំបន់ក) និងតំបន់ជើងភ្នំ(តំបន់ខ)។ក្នុងនោះតំបន់(ក)មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៦ទីតាំង និងតំបន់(ខ)ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប និងជើងភ្នំដងរែក ដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៨កន្លែង៕