អន្តរជាតិ

មន្រ្តីអាមេរិកសន្និដ្ឋានថាប្រព័ន្ធការពាររបស់រុស្សីអាចបានបាញ់ទម្លាក់យន្តហោះអាស៊ែបៃហ្សង់ដែលបានសម្លាប់មនុស្ស៣៨នាក់

ប្រែសម្រួល៖ ស្រីស្រស់

មន្ត្រីអាស៊ែបៃហ្សង់និងសហរដ្ឋអាមេរិកជឿថា មីស៊ីលការពារពីលើដីទៅអាកាសរបស់រុស្សី អាចធ្វើឲ្យមានគ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរអាស៊ែបៃហ្សង់។ នេះបើយោងតាមរបាយការណ៍ព័ត៌មាននិងមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៦ ធ្នូ) ។ខណៈវិមានក្រឹមឡាំងបានប្រុងប្រយ័ត្នចំពោះ “ការសន្និដ្ឋាន” លើគ្រោះមហន្តរាយនេះ។

យន្តហោះរបស់ក្រុមហ៊ុន Azerbaijan Airlines បានធ្លាក់នៅក្បែរក្រុងអាក់តាវ ដែលជាមជ្ឈមណ្ឌលប្រេងនិងឧស្ម័ននៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ បន្ទាប់ពីចេញពីគន្លងហោះហើរដោយមូលហេតុមិនទាន់កំណត់ ។អ្នកដំណើរ ៣៨នាក់ក្នុងចំណោម ៦៧នាក់បានស្លាប់។

យន្តហោះ Embraer 190 គួរតែហោះទៅទិសពាយព្យពីរដ្ឋធានីបាគូនៃប្រទេសអាស៊ែបៃហ្សង់ទៅក្រុងក្រូហ្សនីក្នុងតំបន់ឆេកឈែនយ៉ា ភាគខាងត្បូងប្រទេសរុស្សី ប៉ុន្តែផ្ទុយទៅវិញបានប្តូរគន្លងឆ្ងាយពីគន្លងដើមឆ្លងកាត់សមុទ្រកាស្យាន។

ការស៊ើបអង្កេតកំពុងដំណើរការ ដោយគេហទំព័រ Caliber គាំទ្ររដ្ឋាភិបាលអាស៊ែបៃហ្សង់បានដកស្រង់មន្ត្រីអនាមិកដែលនិយាយថា ពួកគេជឿថាមីស៊ីលរុស្សីអាចបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស Pantsir-S បានទម្លាក់យន្តហោះនោះ។

ការអះអាងនេះក៏ត្រូវបានរាយការណ៍ដោយកាសែត The New York Times ស្ថានីយទូរទស្សន៍ Euronews និងទីភ្នាក់ងារព័ត៌មានទួរគី Anadolu ផងដែរ។

អ្នកជំនាញអាកាសចរណ៍និងយោធាមួយចំនួន បាននិយាយថា យន្តហោះប្រហែលជាត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាសរុស្សីដោយអចេតនា ដោយសារវាកំពុងហោះនៅតំបន់ដែលមានរាយការណ៍ថាមានសកម្មភាពដ្រូនអ៊ុយក្រែន។

អតីតអ្នកជំនាញនៃទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ BEA របស់បារាំងបាននិយាយថា ហាក់ដូចជាមាន “បំណែកគ្រាប់ច្រើន” នៅលើសំណល់យន្តហោះ។

ដោយនិយាយក្រោមលក្ខខណ្ឌអនាមិក គាត់បាននិយាយថា ការខូចខាតនេះ “រំលឹក” ដល់ជើងហោះហើរ MH17 របស់ក្រុមហ៊ុន Malaysia Airlines ដែលត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលការពារពីលើដីទៅអាកាសដោយក្រុមឧទ្ទាមគាំទ្ររុស្សីនៅភាគខាងកើតប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មានថា៖ “វាជាការខុសឆ្គងក្នុងការធ្វើការសន្និដ្ឋានណាមួយមុនសេចក្តីសន្និដ្ឋាននៃការស៊ើបអង្កេត។”

របាយការណ៍អំពីការប៉ះពាល់ដោយបំណែកគ្រាប់  សារព័ត៌មានបានដកស្រង់ប្រភពរដ្ឋាភិបាលអាស៊ែបៃហ្សង់ដោយនិយាយថា “បំណែកគ្រាប់បានបុកអ្នកដំណើរនិងបុគ្គលិកយន្តហោះ នៅពេលវាផ្ទុះនៅក្បែរយន្តហោះកំពុងហោះហើរ”។

មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្រោមលក្ខខណ្ឌអនាមិក បាននិយាយថា សញ្ញាដំបូងបង្ហាញថា ប្រព័ន្ធប្រឆាំងអាកាសយានរបស់រុស្សីបានបុកយន្តហោះនោះ។

ទីភ្នាក់ងារព័ត៌មាន Kazinform របស់កាហ្សាក់ស្ថានបានដកស្រង់ការបញ្ជាក់របស់ព្រះរាជអាជ្ញាក្នុងតំបន់ដោយនិយាយថា ប្រអប់ខ្មៅពីរដែលកត់ត្រាហេតុការណ៍ក្នុងជើងហោះហើរត្រូវបានរកឃើញហើយ។

ក្រុមហ៊ុន Azerbaijan Airlines បាននិយាយដំបូងថា យន្តហោះបានហោះកាត់ហ្វូងសត្វបក្សី មុនពេលដកសេចក្តីថ្លែងការណ៍នោះវិញ។

មន្ត្រីកាហ្សាក់ស្ថានបាននិយាយថា មនុស្ស៣៨នាក់បានស្លាប់ហើយមានអ្នករួចជីវិត២៩នាក់ រួមទាំងកុមារបីនាក់។

លោក ជាលីល អាលីយេវ ឪពុករបស់អ្នកបម្រើលើយន្តហោះ ហូគូមេ អាលីយេវ៉ា បានប្រាប់ AFP ថា នេះគួរតែជាជើងហោះហើរចុងក្រោយរបស់នាងមុនពេលចាប់ផ្តើមការងារជាមេធាវីឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ។

“ហេតុអ្វីបានជាជីវិតក្មេងរបស់នាងត្រូវបញ្ចប់យ៉ាងរន្ធត់បែបនេះ?” បុរសរូបនោះបាននិយាយដោយសម្លេងញ័រ មុនពេលដាក់ទូរសព្ទ។

អ្នករងរបួស១១នាក់កំពុងស្ថិតក្នុងការថែទាំពិសេស យោងតាមក្រសួងសុខាភិបាលកាហ្សាក់ស្ថាន។

ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ បានប្រកាសថ្ងៃព្រហស្បតិ៍ជាថ្ងៃកាន់ទុក្ខ និងបានលុបចោលដំណើរទស្សនកិច្ចទៅរុស្សីសម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៃសហភាពរដ្ឋឯករាជ្យ (CIS) ដែលជាក្រុមប្រទេសអតីតសូវៀត។

លោកបាននិយាយក្នុងសារបណ្តាញសង្គមកាលពីថ្ងៃពុធថា “ខ្ញុំសូមសម្តែងការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារអ្នកដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះ… និងសូមជូនពរឱ្យអ្នករងរបួសជាសះស្បើយឆាប់ៗ”។

គេហទំព័រ Flight Radar បានបង្ហាញថា យន្តហោះបានចេញពីគន្លងធម្មតារបស់វា ឆ្លងកាត់សមុទ្រកាស្ព្យាន បន្ទាប់មកហោះជុំវិញតំបន់ដែលវាបានធ្លាក់នៅជិតក្រុងអាក់តាវ ដែលជាមជ្ឈមណ្ឌលប្រេងនិងឧស្ម័ននៅឆ្នេរខាងកើតនៃសមុទ្រនោះ។

កាហ្សាក់ស្ថានបាននិយាយថា យន្តហោះនេះដឹកអ្នកដំណើរជនជាតិអាស៊ែបៃហ្សង់៣៧នាក់ កាហ្សាក់ស្ថាន៦នាក់ គៀរហ្គីស្ថាន៣នាក់ និងរុស្សី១៦នាក់។

  • អ្នករួចជីវិតជោកជាំឈាម

ស្ត្រីកាហ្សាក់ស្ថានម្នាក់បានប្រាប់សាខាក្នុងស្រុកនៃវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរី (RFE/RL) ថា នាងនៅក្បែរកន្លែងដែលយន្តហោះធ្លាក់ហើយបានរត់ទៅកន្លែងកើតហេតុដើម្បីជួយអ្នករួចជីវិត។

ស្ត្រីដែលបានឱ្យឈ្មោះថា អេលមីរ៉ា បាននិយាយថា “ពួកគេជោកជាំទៅដោយឈាម។ ពួកគេកំពុងយំ។ ពួកគេកំពុងស្រែកសុំជំនួយ”។នាងបាននិយាយថា ពួកគេបានជួយយុវជនមួយចំនួន។

មីរ៉ាបាននិយាយថា “ខ្ញុំនឹងមិនអាចបំភ្លេចទឹកមុខរបស់ពួកគេឡើយ ដែលពេញទៅដោយការឈឺចាប់និងអស់សង្ឃឹម។” “ក្មេងស្រីម្នាក់បានអង្វរថា៖ ‘ជួយម្តាយខ្ញុំផង ម្តាយខ្ញុំនៅខាងក្រោយនោះ'”។

ប្រធានាធិបតីរុស្សី វ្លាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយលោក អាលីយេវ និង “បានសម្តែងការចូលរួមសោកស្តាយទាក់ទងនឹងគ្រោះថ្នាក់នេះ” លោក ប៉េស្កូវ បានប្រាប់សន្និសីទសារព័ត៌មានមួយ៕

ប្រភព៖ AFP/fs