ដោយ៖ ប្រាក់សុវណ្ណ
រតនគិរី: ឯកឧត្ដម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី និងជាប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ ២០២៤ នេះ បាននាំយកកំណោយ ជាគ្រឿងឧបភោគ បរិភោគរួមទាំងថវិកា មួយចំនួន ជូនដល់ពលរដ្ឋមួយគ្រួសារដែលរងគ្រោះដោយសារភ្លើងផ្ទះអស់គ្មានសល់ នៅស្រុកកូនមុំ។
អំណោយទាំងនោះមានខេត្ត,ស្រុកនិងឃុំរួមគ្នាមាន អង្ករចំនួន 100 គីឡូក្រាម ក្នុងនោះមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងស័ង្កសីចំនួន២០សន្លឹក រួមជាមួយថវិកាជាង២លានរៀល។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ពលរដ្ឋរងគ្រោះឲ្យខំប្រឹងប្រែងរកស៊ីបន្តទៀត កុំ អស់សង្ឃឹម និងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីការពារគ្រោះអគ្គិភ័យកើតឡើងដែលជាយថាហេតុ។
គួររំលឹកថា: កាលពីម៉ោង ជាង2យប់ទៀបភ្លឺ រំលងអធ្រាត្រឈានចូលថ្ងៃទី 24 ខែធ្នូ ឆ្នាំ ២០២៤នេះ ពួកគាត់ម្ចាស់ផ្ទះ នាំគ្នាដេកនៅបន្ទប់ជាន់ផ្ទាល់ដី គឺលង់លក់ ពុំបានដឹង ក៏ឆ្លងចរន្តអគ្គិសនីនៅជាន់លើ រហូតបង្កជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ទើបបានដឹងហៅប៉ូលិសឱ្យជួយអន្តរាគមន៍។
លោកណុប ណោ ម្ចាស់ផ្ទះនោះ បានប្រាប់ឲ្យដឹងទៀតថា: ផ្ទះដែលឆេះមានទំហំ១៤ម៉ែត្រគុណនឹង១៨ម៉ែត្រនិងបន្ដឆេះផ្ទះបាយទទឹង៨ម៉ែត្រគុណ១៨ម៉ែត្រដែរ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី។
នៅក្នុងផ្ទះនោះ រួមមានគ្រឿងសង្ហារិម គ្រែងឿចំនួន ៧សម្រាប់, ទូទឹកកកចំនួន 2 ទូកញ្ចក់១និងទូដាក់សម្លៀកបំពាក់១ សៀវភៅគ្រួសារ សំបុត្រកំណើតនិងប្លង់ដីរួមនឹងឈើពកជាច្រើនដុំ ត្បូងរតនគិរីចំនួន៤០គ្រាប់ ត្រូវបានភ្លើងឆេះអស់គ្មានសល់ទេ សរុបជាប្រាក់ ជាង៤ម៉ឺនដុល្លារ។
មន្ត្រីប៉ូលិសសណ្ដាប់ធ្នាប់ស្រុកកូនមុំ ក៏បានប្រាប់ឲ្យដឹងដែរថា:ករណីអគ្គិភ័យដែលឆាបឆេះផ្ទះខាងលើនោះ កម្លាំងអន្តរាគមន៍ផ្នែកអគ្គិភ័យ បានប្រើទឹកអស់ចំនួន 13ស៊ីទែនទើបរលត់ទាំងស្រុង៕