អន្តរជាតិ

អាមេរិកថាយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកពីរគ្រឿងត្រូវបានបាញ់ទម្លាក់ដោយ ‘ការបាញ់ច្រឡំគ្នា’ នៅសមុទ្រក្រហម

ប្រែសម្រួល៖ ស-សម្បត្តិ

យោធាអាមេរិកបានឱ្យដឹងថា អ្នកបើកបរយន្តហោះចម្បាំងពីររូបរបស់កងទ័ពជើងទឹកអាមេរិក ត្រូវបានបាញ់ទម្លាក់នៅសមុទ្រក្រហម ក្នុងហេតុការណ៍បាញ់ច្រឡំគ្នាមួយ។

កងទ័ពអាមេរិកកំពុងធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន និងបានបាញ់ច្រឡំទៅលើអ្នកបើកបរយន្តហោះកងទ័ពជើងទឹកអាមេរិកពីររូប។

ពួកគេទាំងពីរត្រូវបានជួយសង្គ្រោះបានទាន់ពេល ដោយម្នាក់រងរបួសស្រាល។

បញ្ជាការដ្ឋានកណ្តាលបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាចម្បាំង USS Gettysburg ដែលជាផ្នែកមួយនៃក្រុមនាវាចម្បាំង USS Harry S. Truman បានបាញ់ច្រឡំទៅលើយន្តហោះចម្បាំង F/A-18 ដែលកំពុងហោះហើរចេញពីនាវា USS Harry S. Truman”។

បញ្ជាការដ្ឋានកណ្តាលមិនបានបញ្ជាក់លម្អិតអំពីបេសកកម្មរបស់ពួកគេទេ។

ក្រុមឧទ្ទាមហ៊ូធីបានថ្លែងថា គោលដៅរបស់ពួកគេគឺបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។

យុទ្ធនាការរបស់ក្រុមហ៊ូធី ដែលក្រុមឧទ្ទាមអះអាងថាគ្រាន់តែគោលដៅទៅលើនាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល ឬសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ បានបង្កការរំខានយ៉ាងខ្លាំង ដោយក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានជ្រើសរើសផ្លូវវែងជាងមុនដោយត្រូវធ្វើដំណើរជុំវិញកោះអាហ្វ្រិក ដើម្បីសុវត្ថិភាព។

មេដឹកនាំក្រុមហ៊ូធីបានថ្លែងកាលពីដើមឆ្នាំនេះថា “មិនមានបញ្ហាអ្វីសម្រាប់ជនជាតិអឺរ៉ុប ចិន និងពិភពលោកទាំងមូលក្នុងការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមទេ។” “គោលដៅតែមួយគត់គឺនាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល។”

ប៉ុន្តែគាត់បានបន្ថែមថា រដ្ឋាភិបាលណាក៏ដោយដែលចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងជើងទឹករបស់ក្រុមឧទ្ទាម នឹងប្រឈមនឹងការសងសឹក។

មេដឹកនាំហ៊ូធីបានព្រមានថា “អ្នកណាដែលចង់ចូលរួម វាយប្រហារប្រជាជនជាទីស្រលាញ់របស់យើង និងគោលដៅកងកម្លាំងជើងទឹក គឺពិតជាប្រថុយប្រថាននឹងកងនាវា និងនាវាពាណិជ្ជកម្មរបស់ពួកគេ។”

“យើងសង្ឃឹមថា បណ្តាប្រទេសអារ៉ាប់ និងអ៊ីស្លាមដទៃទៀតនឹងមិនចូលរួមជាមួយជនជាតិអាមេរិក អ៊ីស្រាអែល និងអង់គ្លេសឡើយ។”

នាវាដែលធ្វើដំណើរឆ្លងកាត់យេម៉ែន បានស្ថិតនៅក្រោមការវាយប្រហារជាញឹកញាប់ពីក្រុមឧទ្ទាមហ៊ូធី ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធានៅហ្គាហ្សា បន្ទាប់ពីការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។

យោងតាមរបាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ ក្រុមឧទ្ទាមបានផ្លាស់ប្តូរពីក្រុមប្រដាប់អាវុធក្នុងស្រុក ទៅជាអំណាចខ្លាំងជាងមុន បន្ទាប់ពីទទួលបានការគាំទ្រពីអ៊ីរ៉ង់ ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ក្រុមយោធាហេសប៊ុលឡានៅលីបង់ និងអ្នកដទៃទៀត។

ក្រុមនេះបានវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រអាដេន ដែលរំខានដល់ការដឹកជញ្ជូនសកលនៅតំបន់ភូមិសាស្រ្តសំខាន់មួយ ដើម្បីគាំទ្រក្រុមយោធាហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់៕