ប្រែសម្រួល៖ ស្រីស្រស់
ទីក្រុងហូជីមិញ៖ ប្រជាជនរាប់ពាន់នាក់នៅទីក្រុងហូជីមិញបានប្រមូលផ្តុំគ្នាក្នុងទូរថភ្លើង និងថតរូបសែលហ្វីកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២២ ខែធ្នូ) ដើម្បីអបអរសាទរការបើកដំណើរការខ្សែរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងដែលតែងតែកកស្ទះចរាចរណ៍នេះ បន្ទាប់ពីការពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ។
ជួរមនុស្សដ៏វែងបានតម្រង់នៅគ្រប់ស្ថានីយទាំងអស់នៃខ្សែរថភ្លើងដែលមានតម្លៃ១,៧ ពាន់លានដុល្លារអាមេរិក និងមានប្រវែងជិត២០គីឡូម៉ែត្រ ចាប់ពីកណ្តាលក្រុង – ក្នុងនោះមានស្ត្រីស្លៀកពាក់ឈុតអាវផាយប្រពៃណី យោធិនក្នុងឯកសណ្ឋាន និងគូស្វាមីភរិយាដែលកំពុងកាន់កូនតូចៗ រង់ចាំជិះរថភ្លើងដោយក្តីរំភើប។
“ខ្ញុំដឹងថាគម្រោងនេះយឺតយ៉ាវ ប៉ុន្តែខ្ញុំនៅតែមានកិត្តិយស និងមោទនភាពណាស់ដែលបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងៗដែលបានជិះរថភ្លើងក្រោមដីនេះ” នេះជាសម្ដីរបស់កញ្ញា ងួយិន ញឹ ហ៊ុយេន បុគ្គលិកការិយាល័យម្នាក់ បន្ទាប់ពីបានថតរូបសែលហ្វីក្នុងទូរថភ្លើងដែលមានមនុស្សច្រើនកុះករ។
“ទីក្រុងរបស់យើងឥឡូវនេះស្មើមុខស្មើមាត់នឹងទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោកហើយ” នាងបានបន្ថែម។
វាត្រូវការពេល១៧ឆ្នាំ ទើបរដ្ឋធានីពាណិជ្ជកម្មរបស់វៀតណាមឈានដល់ចំណុចនេះ។ គម្រោងនេះដែលផ្តល់ហិរញ្ញប្បទានភាគច្រើនដោយកម្ចីរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានអនុម័តដំបូងនៅឆ្នាំ២០០៧ និងគ្រោងចំណាយត្រឹមតែ៦៦៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅពេលការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១២ អាជ្ញាធរបានសន្យាថា ខ្សែរថភ្លើងនេះនឹងដាក់ឱ្យដំណើរការក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ។
ប៉ុន្តែនៅពេលការពន្យារពេលកើនឡើង ចំនួនរថយន្ត និងម៉ូតូក៏កើនឡើងក្នុងទីក្រុងដែលមានប្រជាជន៩លាននាក់នេះ ធ្វើឱ្យមហានគរនេះកាន់តែកកស្ទះខ្លាំង កើនការបំពុលបរិស្ថាន និងត្រូវការពេលវេលាច្រើនក្នុងការធ្វើដំណើរ។
រថភ្លើងក្រោមដីនេះ “ឆ្លើយតបនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលកំពុងកើនឡើង និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន” នេះជាសម្ដីរបស់លោក ប៊ូយ ស្វាន់ កួង អភិបាលរងក្រុង។
លោកកួងបានទទួលស្គាល់ថា អាជ្ញាធរត្រូវជម្នះ “ឧបសគ្គរាប់មិនអស់” ដើម្បីបញ្ចប់គម្រោងនេះ។
- ការពន្យារពេលដែល “ធ្វើឱ្យខកចិត្ត”
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រថភ្លើងក្រោមដីនេះយឺតយ៉ាវដោយសារ “ការបញ្ចេញមូលធនយឺត បញ្ហាបច្ចេកទេសដែលមិនបានរំពឹងទុក បញ្ហាបុគ្គលិក និងការរាតត្បាតនៃជំងឺកូវីដ-១៩”។
“ការពន្យារពេល និងការកើនឡើងនៃថ្លៃចំណាយគឺជារឿងដែលធ្វើឱ្យខកចិត្ត” នេះជាសម្ដីរបស់សាស្ត្រាចារ្យ វូ មិញ ហោង នៃសាកលវិទ្យាល័យហ្វុលប្រៃត៍វៀតណាម ដែលបានព្រមានថា ដោយមានស្ថានីយត្រឹមតែ១៤ប៉ុណ្ណោះ ខ្សែរថភ្លើងនេះនឹងមាន “ឥទ្ធិពលមានកម្រិតក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរយៈពេលខ្លី”។
ទោះជាយ៉ាងណា វានៅតែជា “សមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុង” លោកបានបន្ថែម។
ជាមួយនឹងមេរៀនដែលទទួលបាន “ការសាងសង់ខ្សែរថភ្លើងនាពេលអនាគតនឹងកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពចំណាយជាងមុន” លោកហោងបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
នៅលើរថភ្លើង អតីតយុទ្ធជនវ័យ៨៤ឆ្នាំ វូ ថាញ់ បានប្រាប់ AFP ថា លោកសប្បាយចិត្តដែលបានទទួលបទពិសោធក្រោមដីក្នុងន័យវិជ្ជមានជាងមុន បន្ទាប់ពីបានចំណាយពេលបីឆ្នាំប្រយុទ្ធប្រឆាំងកងទ័ពអាមេរិកក្នុងរូងក្រោមដីគូជីដ៏ល្បីល្បាញរបស់ទីក្រុង ដែលជាបណ្តាញក្រោមដីដ៏ធំមួយ។
“វាមានអារម្មណ៍ខុសគ្នាឆ្ងាយណាស់ពីបទពិសោធក្រោមដីដែលខ្ញុំធ្លាប់មានកាលពីប៉ុន្មានឆ្នាំមុនក្នុងពេលសង្គ្រាម។ នៅទីនេះភ្លឺថ្លា និងស្រស់ស្អាតណាស់” លោកបាននិយាយ។
ដោយឆ្លុះបញ្ចាំងពីការពន្យារពេល លោកបានបន្ថែមថា៖ “យើងបានជីករូងក្រោមដីដើម្បីលាក់ខ្លួនពីសត្រូវកាលពីអតីតកាល ដូច្នេះការជីករូងក្រោមដីសម្រាប់រថភ្លើងមិនគួរពិបាកនោះទេ”។
“ទីបំផុត យើងក៏បានសម្រេច!”
ប្រភព៖ AFP/zl