ព័ត៌មានជាតិ

មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យប្តេជ្ញាថា នឹងចុះបញ្ជីដីធ្លីនៅសល់អោយបាន១.០០០ក្បាលដីក្នុង១ថ្ងៃ

ដោយ : បន្ទាយ / បន្ទាយមានជ័យ :

មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យប្តេជ្ញាថា នឹងវាស់វែងនៃការចះុបញ្ជីដីធ្លីនៅសល់ចំនួនប្រមាណ១៩៥.៩៧១ក្បាលដីនោះ អោយ១.០០០ក្បាលដីក្នុង១ថ្ងៃឬយ៉ាងតិចចំនួន២០.០០០ក្បាលដីក្នុង១ខែ ។

បានដឹងដូច្នេះ ក្នុងពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរោបនីយកម្ម​ សំណង់និងសុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ ដែលធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តនារសៀលថ្ងៃទី២០ខែធ្នូ​ ឆ្នាំ​ ២០២៤ កន្លងមក ។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំ​ដែន​ដី ននគរោបនីយកម្មនិងសំណង់ហៅកាត់ថាដនស លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្ត ។

ក្នុងកិច្ចស្វាគមន៍ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ៏យមានប្រសាសន៍ថា: ចំពោះស្ថានភាពនៃការចុះបញ្ជីដីធ្លីដែលចម្បង នៅខេត្តបន្ទាយមានជ័យទាំងចុះបញ្ជីដាច់ដោយដុំនិងចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធបានកើនដ៏ខ្លាំងក្លាពីអំឡុងឆ្នាំ២០០០,២០១០និង២០២៤នេះ ។

យោងរបាយការណ៍របស់មន្ទីរ​រៀបចំ​ដែន​ដី នគរោបនីយកម្ម​ សំណងនិងសុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ វឌ្ឍនភាពនៃការចុះបញ្ជី មកទល់ពេលនេះ ភូមិជិត៨០% បាននឹងកំពុងចុះបញ្ជីដីធ្លីរូច ។ ហើយរំពឹងទុកថា ភូមិ២០% ទៀតនឹងចុះបញ្ជីចប់នៅឆ្នាំ២០២៥ ។
ពោលគឺដើម្បីសម្រេចគោលដៅនៃយុទ្ធនាការងារជម្រះចុះបញ្ជីដីធ្លី៧លានក្បាលដីនិងផែនការ៥លានក្បាលដីទូទាំងប្រទេស ខេត្តនេះ បានចាត់តាំងកម្លាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ៩ក្រុមស្មើនឹង១៧៦នាក់(មានមន្ត្រីក្របខ័ណ្ឌ៤៥នាក់ និង ថែមពីលើនោះជាមន្ត្រីជាប់កិច្ចសន្យា និស្សិតមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លី យុវជនសសយក)បាននឹងកំពុងសស្រាក់សស្រាំនិងមានការរួមចំណែកពីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ អ្នកពាក់ព័ន្ធនិងការចូលរួមពីពលរដ្ឋ ។

ជាលទ្ធផល ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធពីចាប់ផ្តើមមកទល់ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៤ មន្ទីរសម្រេចបានដូចខាងក្រោម : ១/- ការងារជម្រះ(៧លានក្បាលដីផែនការទូទាំងប្រទេស) :- ចែកប័ណ្ណបាន២៨៨.៤៧៥ប័ណ្ណ (ក្នុងនោះភូមិ/ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតចំនួន១០.១៥៨ប័ណ្ណ ដែលពិធីចែកក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដនស)។-ក្បាលដីនៅសល់ត្រៀមចែកក្នុងពេលឆាប់ៗចំនួន២២.៩៣៥ប័ណ្ណនៅក្នុង៧ស្រុក / ក្រុងឬត្រូវនឹង៩ឃុំ សង្កាត់ស្មើនឹង២១ភូមិ ។
២-ការងារជម្រុញ(៥លានក្បាលដី ផែនការទូទាំងប្រទេស) -ប៉ាន់ស្មានក្បាលដីមិនទាន់បានចុះបញ្ជីចំនួន៣២៤.១៣៧ក្បាលដី នៅ៤១ឃុំ/សង្កាត់ស្មើនឹង៣៥២ភូមិនៃ៨ស្រុក/ ក្រុង រួមទាំងក្បាលដីតំបន់២នៃទំនាប់បឹងទន្លេសាប ដែលការងារនឹងត្រូវបញ្ចប់នៅនៅត្រឹមចុងឆ្នាំ២០២៥ ខាងមុខ ។
ក្នុងនោះ វាស់វែងនៅស្រុកក្រុងនានា បានការជួយពីក្រុមការងារនៃស្រុង ក្រុងដែលគេអនុវត្តរួចមុន ។

នាឱកាសនោះ លោកសេង សុវណ្ណរតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងក្រសួងរៀបចំ​ដែន​ដី នគរោបនីយកម្មនិងសំណង់បានអានអនុក្រឹត្យរាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតាំង : ១- លោកមាស ដារ៉ា ប្រធានមន្ទីររៀបចំ​ដែន​ដី នគរោបនីយកម្ម សំណងនិងសុរិយោដីខេត្តបន្ទាយមានជ័យ ។
ចំណែកលោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានអានដីការតែងតាំងសមាសភាពអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរគឺដីការបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលខេត្តតែងតាំង: ២- លោកយឹម មករា ៣-លោកប៊ុន វុត្ថា ៤-លោកអ៊ុំ វិណារ៉ា ជាអនុប្រធានមន្ទីរ ។
និងដីការបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយលោកអ៊ុំ រាត្រី អភិបាលខេត្ត ប្រគល់ភារកិច្ច : ៥-លោកអ៊ឹម រីប៉ូ ប្រធានការិយាល័យរដ្ឋបាល និង ៦- លោកឆាយ សុវណ្ណា ប្រធានការិយាល័យសុរិយោដីនិងភូមិសាស្ត្រ ។

បន្ទាប់ពីទទួលអនុក្រឹត្យតែងតាំងនិងត្រារបស់មន្ទីររៀបចំ​ដែន​ដី នគរោបនីយកម្ម សំណងនិងសុរិយោដីខេត្តបន្ទាយមានជ័យ ពីលោកទេព ឆន រដ្ឋលេខាធិការក្រសួងដនស រួចមក លោកមាស ដារ៉ា ប្រធានមន្ទីរថ្មី អមដោយអនុប្រធាន៣រូបនិងប្រធានការិយាល័យ២រូប បានប្តេជ្ញាចិត្តដោយផ្តើមពីការថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រី អភិបាលខេត្តនិងមន្ត្រីថ្នាក់ដឺកនាំគ្រប់ថ្នាក់ដែលបានផ្តល់ជំនឿទំនុកចិត្តតែងតាំង ប្រគល់ភារកិច្ចដល់អស់លោក ហើយដែលបានចូលកាន់តំណែងក្នុងពិធីផ្លូវការនាពេលនេះ ។
ក្នុងនោះលោកប្តេជ្គាចិត្តចំនួន៦ចំណុចសំខាន់ៗ ក្នុងន័យថានឹងខិតខំបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

នាឱកាសនោះ លោកទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំ​ដែន​ដី ននគរោបនីយកម្មនិងសំណង់បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ អបអរនិងជូនពរពីលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែន​ដី ននគរោបនីយកម្មនិងសំណង់ចំពោះប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យថ្មីនិងមន្ត្រីចាស់ មន្ត្រី អ្នកពាក់ព័ន្ធទាំងឡាយ។

ហើយលោកបានស្នើអោយមន្ត្រីទទួលភារកិច្ចនិងមុចតំណែងថ្មីអនុវត្តអោយបានដូចការប្តេជ្ញាចិត្ត ក៏ដូចជាការដឹកនាំ ណែនាំនិងចង្អុលបង្ហាញពីថ្នាក់លើនិងសំណូមពររបស់ថ្នាក់ក្រោម ។

ពោលគឺធ្វើយ៉ាងណាអោយការរួបរួមសាមគ្គី ឯកភាពគ្នាក្នុងមន្ទីរដើម្បីអនុវត្តអោយសម្រេចបានបានផែនការរបស់រាជរដ្ឋាភិបាល ក្រសួង និងខេត្តដែលបានកំណត់លើគ្រប់ការងារជំនាញរបស់មន្ទីរនិងការងារអន្តរាគមន៍ ចូលរួមនានាជាមួយអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធ ៕