ដោយ : បន្ទាយ
បន្ទាយមានជ័យ : បងប្អូនពលរដ្ឋរងគ្រោះជាអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០គ្រួសារ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសាខាកាកបាទក្រហមផ្ដល់នូវអំណោយមនុស្សធម៌ជូន គឺផ្តល់ក្នុងពិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ២០២៤ ក្រោមប្រធានបទ:” សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ប្រារព្ធធ្វើឡើងនាបរិវេណវត្តឃោសត្ថារាមស្រះត្រាចជក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
“យើងអាចភ្លេចមេរោគអេដស៍ តែអេដស៍ពុំដែលភ្លេចយើងឡើយ” ។ នេះគឺជាការនិយាយរបស់លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
លោកបានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលមានខ្លឹមសារថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់គូសបញ្ជាក់ពីការយកចិត្តទុកដាក់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ភាព មិនរើសអើង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋទូទៅនៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានយកមកផ្តល់ជូនដល់បងប្អូនក្នុងឱកាសនេះម្នាក់ៗ ទទួលបាននូវអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងទឹកត្រី១យួរ ទឹកដោះគោខាប់២កំប៉ុងស្ករ ១គីឡូក្រាម ប្រេងឆា១ ដប នំប្រៃ១ធុង និងថវិកាមួយចំនួន។ ក្នុងនោះផងដែរព្រះអង្គពេជ្រ សីហាព្រះចៅអធិការវត្តឃោសសត្ថារាម ស្រះត្រាច ព្រះអង្គបានបន្ថែមនូវអំណោយចែកជូនដល់បងប្អូននូវ អង្ករ១០គីឡូក្រាម ទឹកបរិសុទ្ធចំនួន២យួរ ភេសជ្ជៈមួយថង់ និងថវិកា ១ម៉ឺនរៀល ៕