សន្ដិសុខសង្គម

រថយន្តរេចង្កូតបុ.កបង្គោលស្ពានបណ្តាលឲ្យស្លា.ប់៣នាក់របួ.ស៤នាក់

ដោយ៖ កំចាយ

កំពត÷ រថយន្តមួយគ្រឿងបានរេចង្កូតបុកបង្គោលស្ពានដោយសារអ្នកបើកបរងោកមួយភាំងបណ្តាលមនុស្សប្រុសស្រី៣នាក់បានស្លា.ប់ និង៤នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរីបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី២០ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩-៧០ បណ្តាលឲ្យមនុស្សប្រុសស្រីស្លា.ប់ និងរបួសយ៉ាងរន្ធត់បំផុត។ មុនហេតុការណ៍កើតឡើង គេឃើញរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A-4507 បើកមកពីទិសខាងជើង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតរួចជ្រុលទៅបុកបង្គោលស្ពានពេញទំហឹងតែម្តង។

ប្រភពដដែលបានបន្តថា ពេលអ្នកជិតខាងចូលទៅជួយក៏ឃើញមនុស្សប្រុសស្រី៣នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់។ តាមការបញ្ជាក់របស់អ្នករងរបួសថា ករណីនេះបណ្តាលមកពីអ្នកបើកបរងោកមួយភាំង។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកដែលបានស្លាប់ រួមមាន ១. ឈ្មោះ យិន ស្រីម៉ៅ ភេទស្រី អាយុ ៤១ឆ្នាំ។ ២. ឈ្មោះ ស៊ី អេង ភេទស្រី អាយុ ៧៣ឆ្នាំ។ ៣. ឈ្មោះ យ៉េន សុវណ្ណពណ្ណរាយ ភេទប្រុស អាយុ ៤ឆ្នាំ។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ ខាត់ សារឿន ភេទប្រុស អាយុ ៤៥ឆ្នាំ។ ២. ឈ្មោះ យ៉េន សុវណ្ណរក្សា ភេទស្រី អាយុ ១៦ឆ្នាំ។ ៣. ឈ្មោះ យ៉េន សុវណ្ណរុងរឿង ភេទប្រុស អាយុ ១៣ឆ្នាំ។ ៤. ឈ្មោះ យ៉េន សុវណ្ណអម្រិត ភេទប្រុស អាយុ ១៨ឆ្នាំ។ ទាំង៧នាក់ស្ថិតក្នុងក្រុមគ្រួសារតែមួយ មានទីលំនៅភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង៕