សេដ្ឋកិច្ច

ក្រុមហ៊ុន Tandem Partners និង ក្រុមហ៊ុន Worldbridge Group បង្កើតភាពជាដៃគូដើម្បីពង្រីកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ក្រុមហ៊ុន Tandem Partners ដែលជាក្រុមហ៊ុនបណ្តាក់ទុន និងក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនប្រតិបត្តិការក្នុងវិស័យ អចលនទ្រព្យ ដឹកជញ្ជូន និងបដិសណ្ឋារកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការលើឱកាសអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤។

ភាពជាដៃគូនេះត្រូវបានផ្តួចផ្តើមឡើងអំឡុងពេលចុះបេសកកម្មដោយដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា មានការចូលរួមដោយ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន WorldBridge Group ទៅកាន់ប្រទេសបារាំង ក្នុងអំឡុងពេលចុះបេសកកម្ម ក្រុមហ៊ុន Worldbridge Group បានជួបសំណះសំណាលជាមួយ ក្រុមហ៊ុន Tandem Partners ដើម្បីស្វែងរកឱកាស វិនិយោគដ៏មានសក្តានុពលមកកាន់ប្រទេសកម្ពុជា។

ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Tandem Partners និងក្រុមហ៊ុន Worldbridge Group នឹងសហការគ្នាក្នុងវិស័យចម្បងចំនួនពីរ – អចលនទ្រព្យ និងការកម្សាន្ត – ដើម្បីអភិវឌ្ឍន៍ឱកាសទៅលើផ្នែកអចលនទ្រព្យប្រណីត និងម៉ាកយីហោ ព្រមទាំងបទពិសោធន៍កម្សាន្តប្លែកៗ។ បន្ថែមពីនេះនៅក្នុងវិស័យអចលនទ្រព្យភាពជាដៃគូនឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងការវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការបង្កើតវេទិកាសម្រាប់អ្នកវិនិយោគកម្ពុជាក្នុងការស្វែងយល់ និងវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យក្រៅប្រទេស។

នៅក្នុងវិស័យកម្សាន្ត កិច្ចសហការនេះមានគោលបំណងរចនានិងអភិវឌ្ឍការសំដែងផ្ទាល់ ការតាំងពិពណ៌ដ៏អស្ចារ្យ និងកម្មវិធីបន្ថែមទៀត ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យទេសភាពវប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះនឹងស្វែងរកការណែនាំពីទម្រង់ និងបច្ចេកវិទ្យាកម្សាន្តដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយសម្របទៅតាមចំណូលចិត្ត និងតម្រូវការក្នុងស្រុកដើម្បីបង្កើតបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ និងអប់រំសម្រាប់ទាំងអ្នករស់នៅ និងអ្នកទស្សនា។

Tandem Partners នឹងណែនាំម៉ាកសញ្ញា និងគំនិតច្នៃប្រឌិតដែលបង្កើតឡើង និងច្នៃប្រឌិតដល់ទីផ្សារកម្ពុជាក្នុងវិស័យទាំងពីរ ដោយធ្វើការជាមួយក្រុមហ៊ុន Worldbridge Group ដើម្បីបង្កើនគុណភាព និងភាពសម្បូរបែបនៃអចលនទ្រព្យដែលមាន និងអនុវត្តគំនិតផ្តួចផ្តើមការកម្សាន្តប្រកបដោយប្រសិទ្ធភាព។

Tandem Partners គឺជាក្រុមវិនិយោគចម្រុះមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ដែលបានវិនិយោគនៅប្រទេសបារាំង និងអាស៊ី ហើយបានដឹកនាំដោយផ្នត់គំនិតសហគ្រិន។ Tandem Partners បានចូលរួមយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈសាខាប្រឹក្សាយោបល់របស់ខ្លួនគឺ Confluences ដែលមានជំនាញក្នុងការចូលទៅកាន់ទីផ្សារ និងសេវាកម្មចូលទីផ្សារសម្រាប់ទីផ្សារកម្ពុជា និងបណ្តាប្រទេសមហាអនុតំបន់មេគង្គផ្សេងទៀត។

ក្រុមហ៊ុន Worldbridge Group គឺជាក្រុមហ៊ុនដែលមានអាជីវកម្មចម្រុះ ហើយមានភាពពិនប្រសប់លើផ្នែកអចលនទ្រព្យ ភស្តុភារ បដិសណ្ឋារកិច្ច និង ផ្នែកជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕