ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ តាមរយ:ប្រធានចាស់របស់ខ្លួនបានអះអាងថា លទ្ធផលប្រមូលពន្ធដារនៅខេត្តនេះ ក្នុងរយ:ពេល៥ឆ្នាំជាប់ៗគ្នា ប្រមូលពន្ធបានលើសផែនការរហូត ទោះក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ។ដោយឡែកក្នុងរយ:ពេល១១ខែឆ្នាំ២០២៤នេះ សាខាប្រមូលចំនូលបាន៩៤.០៥២លានរៀល ឬស្មើនឹង៩៩% ។
នេះបើតាមលោក ព្រឹម សាលី អតីតប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្លែងរាយការណ៍ក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង លោក សន ស៊ីផល ប្រធានថ្មីសាខាពន្ធដារបន្ទាយមានជ័យថ្មី ជំនួសលោកផ្ទាល់ ។
លោកបានបន្តថា: សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កន្លងមកនេះ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន៩៤.០៥២លានរៀល ស្មើនឹង ៩៨.៨៧ % នៃផែនការ ។ ក្នុងនោះ រួមមានថវិកាថ្នាក់ជាតិប្រមូលបានចំនួន៣៨.២៥៩លានរៀល ស្មើនឹង១០៧,៣១ % នៃផែនការ។ ថវិកាថ្នាក់ក្រោមជាតិ ប្រមូលបានចំនួន ៥៥.៧៩៣ លានរៀល ស្មើនឹង ៩៣,៨១% នៃផែនការ។
បើប្រៀបធៀបចំណូលរយៈពេល១១ ខែឆ្នាំ២០២៤ ទៅនឹងចំណូលរយៈពេល១១ ខែឆ្នាំ២០២៣ ឃើញថាការប្រមូលចំណូលពន្ធមានការកើនឡើងដល់ទៅចំនួន៦.៣៦០ លានរៀលស្មើនឹង៧,២៥% ឬរាយចំណូលរយ:ពេល៥ឆ្នាំ(២០១៩-២០២៣ ): ឆ្នាំ២០១៩ ផែនការ៣៩.៨៧៥លានរៀល អនុវត្តបាន១០៦.៣២៥លានរៀលស្មើ២៦៧% ឆ្នាំ២០២០ ផែនការ៦៤.៧៣៤ លានរៀល អនុវត្តបាន៩០.៩២៥លានរៀល ….ឆ្នាំ២០២៣ ផែនការ ៧៧.៥៣៣លានរៀល អនុវត្តបាន៩៥.៦២៦លានរៀល ស្មើ ១២៣/% ជាដើម ។
តមក មានការអានប្រកាសស្តីពីការកែសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីរាជការលេខ៨០៤ សហវ.ប្រក.អពដ ចុះថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងលោក សន ស៊ីផល ពីប្រធានសាខាពន្ធដារខេត្តព្រះសីហនុ មកជាប្រធានថ្មីសាខាពន្ធដារខេត្តបន្ទាយមានជ័យ ជំនួសលោកព្រឹម សាលី ប្រធានចាស់ដែលត្រូវទទួលភារកិច្ចថ្មីជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ ។
លោក សន ស៊ីផល ប្រធានសាខាថ្មីខេត្តបន្ទាយមានជ័យបានប្តេជ្ញាចិត្តថា នឹងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងកិច្ចសហការល្អជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងខិតខំរដឹកនាំ គ្រប់គ្រង អនុវត្តតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
នាឱកាសនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរចំពោះប្រធានថ្មី និងប្រធានចាស់ដែលចូលមកទទួលភារកិច្ចថ្មីនិងថ្លែងអំណរគុណចំពោះការផ្តល់ជំនឿទុកចិត្តរបស់មន្ត្រីថ្នាក់ដឹកនាំចំពោះការផ្តល់ជំនឿទុកចិត្តរបស់មន្ត្រីថ្នាក់ដឹកនាំដែលផ្តល់ការតែងតាំង ប្រគល់ភារកិច្ចនេះ ។លោកមានសង្ឃឹមនិងជឿជាក់ជាមុនថា លោកប្រធានថ្មី សាខាពន្ធដារខេត្តបន្ទាយមានជ័យ នឹងខិតខំបន្តពង្រឹងលើការងារដែលល្អស្រាប់នៅសាខានេះ ក័ដូចជាជំរុញការប្រមូលពន្ធដារអោយបានច្រើនថែមទៀត ពោលគឺក្នុងខេត្តនេះ ពន្ធមិនដែលអតិរេក(ខ្វះឬខាត) ឡើយទាំងចំណូលពន្ធដារ ទាំងចំណូលពន្ធគយ ។
ក្នុងនោះ ការប្រមូលពន្ធដារ បានច្រើនជាងគេនៅក្រុងប៉ោយប៉ែត ពិសេសគឺពន្ធការប្រថាប់ត្រា ពន្ធលើអចលវត្ថុនិងលើសំណង់អគារអាជីវកម្ម ហើយចំណូលពន្ធគយច្រើនជាងគេក៏នៅច្រកទ្វារព្រំដែនអន្តរជាតិនៅក្រុងប៉ោយប៉ែតដែរ។បន្ទាប់មកការប្រមូលពន្ធដារបានច្រើននៅក្រុងសិរីសោភ័ណនិងឥឡូវ បន្ថែមនៅផ្នែកនៃស្រុកអូរជ្រៅ១ទៀតដែលបានចំណូលពន្ធដារខ្ពស់ ។
លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក៏បានថ្លែងនូវការកោតសរសើរចំពោះលោក សន ស៊ីផល ប្រធានសាខាពន្ធដារថ្មី ត្រូវបន្តខិតខំការបំពេញកិច្ចការងារឱ្យបានល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ។
ជាមួយគ្នានោះលោក បានលើកឡើងថា ការប្រមូលចំណូលពន្ធនៅថ្នាក់ក្រោមជាតិ ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការសន្សំទុក ដើម្បីធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះមុខ ៕