ដោយ៖ កំចាយ
កំពត÷ ភាពជោគជ័យនៃពិធីបុណ្យសមុទ្រនៅខេត្តកំពតនឹងបានជាគំរូសម្រាប់ការរៀបចំតាមបណ្តាខេត្តដទៃនាឆ្នាំបន្តបន្ទាប់ទៀត។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសបិទពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងគួរឱ្យមោទក:បំផុត។ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៤០ម៉ឺននាក់បានអញ្ជើញចូលរួមដោយទទួលបាននូវភាពរីករាយតាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា៖ ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។ បុណ្យសមុទ្រនៅខេត្តកំពតមានការចូលរួមពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាងមហោឡារឹកបំផុត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរការរៀបចំប្រកបដោយភាពល្អប្រពៃទាំងសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផលដែលបាននាំយកមកតាំងបង្ហាញភ្ញៀវជាដើមនោះជាគំរូសម្រាប់រៀបចំពិធីដូចគ្នានេះនៅឆ្នាំបន្តបន្ទាប់ទៀត។ ខ្លឹមសារសំខាន់នៃពិធីបុណ្យសមុទ្រគឺការផ្សព្វផ្សាយសក្តានុពលផ្នែកទេសចរណ៍ដែលខេត្តរបស់ខ្លួនមាន ហើយទទួលបានមកវិញនូវកំណើនភ្ញៀវបន្ថែម ព្រោះទេសចរណ៍ជាវិស័យអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពីស្ថាបនាបាននូវរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ឆ្នេរខ្សាច់កម្សាន្តតាមដងព្រែកកំពង់បាយ និងនាឡិកាខ្នាតយក្ស ព្រមទាំងសមិទ្ធផលបម្រើវិស័យទេសចរណ៍ដទៃទៀត ខេត្តកំពតមានភ្ញៀវចូលមកកម្សាន្តចន្លោះពី៣ម៉ឺននាក់ទៅ៥ម៉ឺននាក់ក្នុង១សប្តាហ៍។ ដោយឡែក សម្រាប់ពិធីបុណ្យសមុទ្រ៣ថ្ងៃនេះ ខេត្តកំពតមានភ្ញៀវជាតិ អន្តរជាតិចូលរួមកម្សាន្តប្រមាណជិត៤០ម៉ឺននាក់។ ក្នុងនោះទេសចរបរទេសប្រហែលជិត៤.០០០នាក់៕