ដោយ : បន្ទាយ
បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៃអាណត្តិទីបួន ដែលបានប្រារព្ធធ្វើនៅស្រុកព្រះនេត្រព្រះ ។គោលបំណងនៃវេទិកាគឺដើម្បីការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននាពេលកន្លង និងបញ្ហាប្រឈមបញ្ហាមួយចំនួនទៀតហើយជាការទទួលយកនូវមតិមហាជន ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបដោះស្រាយនូវបញ្ហាប្រឈមកង្វល់ និងសំណូមពរផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់ នៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋាន។ នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនារសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ ។
បន្ទាប់ពីស្ដាប់ន័យខ្លឹមសារ នៃរបាយការណ៍លទ្ធផលសំខាន់ៗ របស់រដ្ឋបាលខេត្តដែលលើកឡើងដោយ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី សមាជិកសមាជិកាអង្គវេទិកាបានចូលរួមមតិយោបល់ដោយបានលើកឡើងនូវបញ្ហាសំណូមពរ ក្ដីកង្វល់ចំនួន២៨ បញ្ហាសំណូមពរក្នុងនោះរួមមានការងារអភិវឌ្ឍន៍មូលដ្ឋាន មានដប់១៨សំណូមពរ និងការងារផ្សេងៗ ចំនួន១០បញ្ហាប្រឈមសំណូមពរ ។
ក្នុងនោះអង្គវេទិកា មានលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ អស់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានឡើងធ្វើ ការបំភ្លឺដោយផ្ទាល់មាត់ ចំពោះបញ្ហាដែលបានកើតឡើងដោយអង្គភាពជំនាញក៏បានដោះស្រាយនិងអនុវត្តតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ បានមួយផ្នែកធំចំពោះបញ្ហាមួយចំនួននឹងបន្តដោះស្រាយនៅពេលក្រោយទៀត។
លោក លី សុវណ្ណរិទ្ធិ អភិបាលខេត្តស្ដីទី និងលោក ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា : ខេត្តនឹងយកទៅពិនិត្យពិចារណាឆ្លើយតបដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តជាពិសេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានលើការចូលរួមរបស់ប្រជាពលរដ្ឋនិងអង្គភាពសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឲ្យបានកាន់តែប្រសើរ គឺនៅក្នុងគោលបំណងពង្រឹងនូវយន្តការតម្លាភាពគណនេយ្យភាព ផ្តល់សេវាជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណធម៌ សុជីវធម៌ យុត្តិធម៌ ព្រមទាំងពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នូវគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
លោកលី សុវណ្ណារឹទ្ធិ បានបន្តថា: តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យជាតិសំខាន់២ចំនួន៨: ទី១-ភាពជាតំណាងសាធារណៈ ២-សមត្ថភាពមូលដ្ឋាន ៣-ការពិគ្រោះយោបល់និងការចូលរួម ៤-ការឆ្លើយតបនឹងគណនេយ្យភាព ៥-ការលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងមូលដ្ឋាន។៦-ការលើកស្ទួយសមធម៌ ៧-តម្លាភាពនិងសុចរិតភាព និងទី៨-វិធានការប្រឆាំងអំពើពុករលួយនិងការរំលោភអំណាច។
ជាចុងក្រោយ លោក ប្លែក វារី បានធ្វើការលើកឡើងផងដែរថា ពិតមែនតែអង្គភាពវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះថ្ងៃនេះនៅមានសេសសល់បញ្ហាប្រឈមឬក៏សំណួរសំណូមពរមួយចំនួន ដែលពុំបានលើកឡើងឬក៏ជួបប្រទះ នាពេលខាងមុខ ។
ប្រជាពលរដ្ឋយើងក្ដី សង្គមស៊ីវិលក្ដី មានពេលវេលានិងឱកាសគ្រប់គ្រាន់ក្នុងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលក្រុងស្រុកឃុំសង្កាត់ដែលនៅកៀកជិតអស់លោកលោកស្រីនិងប្រជាពលរដ្ឋស្រាប់ ដើម្បីដាក់ជូនឲ្យក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត រកវិធានការឆ្លើយតប ដោះស្រាយជូន៕