រាជធានីភ្នំពេញ, ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2024៖ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា), ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងធនាគារ អូរៀនថល បានចាប់ផ្តើមកសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការជាមួយគ្នា ដើម្បីផ្តល់នូវដំណោះស្រាយដ៏សម្បូរបែបប្រកបដោយភាពច្នៃប្រឌិតជូនទៅកាន់អតិថិជនទាំងនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ គោលបំណងចម្បងនៃកិច្ចសហការនេះ គឺដើម្បីផ្តល់សិទ្ធិអាទិភាពដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសនូវផលិតផល និងសេវាកម្មគ្រប់ជ្រុងជ្រោយដែលស័ក្ដិសមទៅតាមតម្រូវការក្នុងការបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ និងភាពជឿជាក់។
ពិធីសម្ពោធកិច្ចសហការជាដៃគូយុទ្ធសាស្ត្រនេះប្រារព្ធឡើងក្រោមវត្តមានរបស់លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និង Datuk Phan Ying Tong អគ្គនាយក នៃធនាគារ អូរៀនថល។ ជាមួយគ្នានេះក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអតិថិជនរបស់ស្ថាប័នទាំងបីផងដែរ ដើម្បីចូលរួមធ្វើជាសក្ខីភាពពីការប្តេជ្ញាយ៉ាងមោះមុតក្នុងការពាំនាំមកនូវផលិតផលដ៏សម្បូរបែប ព្រមទាំងសេវាអតិថិជនឱ្យកាន់តែប្រសើរជាងមុន។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 2 ទសវត្សរ៍មកហើយ។ អ្វីដែលក្រុមហ៊ុនតែងតែផ្តោតសំខាន់នោះ គឺការផ្តល់ជូននូវដំណោះស្រាយជាច្រើនជម្រើស រាប់ចាប់ពីសេវាធានារ៉ាប់រងខ្នាតតូច និងកសិកម្ម រហូតដល់សេវាធានារ៉ាប់រងលើការធ្វើដំណើរ សំណង់ និងយានយន្តផងដែរ។ ការចាប់ដៃគូជាផ្លូវការជាមួយធនាគារ អូរៀនថល គឺជាសក្ខីភាពមួយបង្ហាញនូវគុណតម្លៃរួមគ្នាក្នុងការកសាងទំនុកចិត្ត និងភាពច្នៃប្រឌិតរបស់យើង។ ទាំងអស់គ្នាក្រោមកិច្ចសហការនេះ ពួកយើងអាចនាំមកនូវសេវាធានារ៉ាប់រង និងការការពារកាន់តែល្អជាងមុខជូនដល់អតិថិជនរបស់យើង មិនថាពួកគាត់កំពុងតែរ៉ាប់រងគ្រួសារ អាជីវកម្ម ឬក៏ផែនការណាមួយនាពេលអនាគតនោះទេ តាមរយៈភាពជាដៃគូនេះ គឺជាការបើកជំពូកថ្មីមួយក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងធានារ៉ាប់រងដ៏សម្បូរបែបដល់ប្រជាជនកម្ពុជា។”
Datuk Phan Ying Tong អគ្គនាយក នៃធនាគារ អូរៀនថល បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ “នៅធនាគារ អូរៀនថល ពួកយើងបាននិងកំពុងយកចិត្តទុកដាក់លើការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា តាមរយៈការបូកបញ្ចូលនូវបច្ចេកវិទ្យា និងដំណោះស្រាយទាំងឡាយណាដែលគិតដល់អតិថិជនមុនគេបង្អស់។ កិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រង គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មិនគួរឱ្យជឿសម្រាប់ពួកយើង។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត និងយូរអង្វែងរបស់យើងទាំងបី នឹងពាំនាំមកនូវដំណោះស្រាយគ្រប់ជ្រុងជ្រោយយ៉ាងល្អបំផុតជូនដល់អតិថិជនរបស់យើង ដែលនឹងគ្របដណ្តប់ទាំងសេវាធនាគារ ធានារ៉ាប់រង និងភាពច្នៃប្រឌិតផ្នែកឌីជីថល។”
លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “បេសកកម្មស្នូលរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ គឺដើម្បីការពារអនាគតក្រុមគ្រួសារ និងអតិថិជនជាបុគ្គល តាមរយៈដំណោះស្រាយធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពច្នៃប្រឌិត និងមានច្រើនជម្រើស។ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ អូរៀនថល អាចអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ធ្វើការពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងប្រកបដោយនវានុវត្តន៍បន្ថែមទៀត។”
លោក ស៊ីថន បន្ថែមយ៉ាងដូច្នេះថា៖ “កិច្ចប្រតិបត្តិការអាជីវកម្មរបស់យើងជាមួយ ធនាគារ អូរៀនថល គឺមានភាពស៊ីចង្វាក់គ្នាល្អណាស់នៅលើទីផ្សារធនាគារ និងធានារ៉ាប់រង។ ស្ថាប័នរបស់យើងទាំងពីរ ផ្តោតសំខាន់ និងផ្តល់អាទិភាពពិសេសលើភាពសម្បូរបែបនៃផលិតផល គុណភាពសេវាកម្មបុគ្គល និងទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីបំពេញទៅតាមតម្រូវការ និងភាពស៊ីវិល័យក្នុងការរស់នៅរបស់បងប្អូនប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការពង្រឹងបន្ថែមលើទំនុកចិត្តជូនអតិជន និងម្ចាស់អាជីវកម្មជាដៃគូ ព្រមទាំងដំណើរឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុ។”
ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នទាំងបី បានទៅទស្សនាដោយផ្ទាល់នៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (SOSORO) មុនពិធីផ្លូវការចាប់ផ្តើម។ ដំណើរទស្សនកិច្ចនេះ បានបើកឱកាសឱ្យថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារទាំងអស់ បានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ព្រមទាំងបម្រែបម្រួលដ៏ឆាប់រហ័សនៃ រូបិយវត្ថុ សេដ្ឋកិច្ច និងនយោបាយទៅតាមសម័យកាលរបស់ប្រទេសកម្ពុជា៕
- អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។
ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com
- អំពី ធនាគារ អូរៀនថល
ធនាគារអូរៀនថលគឺជាធនាគារថ្មីមួយដែលត្រូវបានបង្កើតឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ភាគហ៊ុនិកសហគ្រិនដែលមានគោលគំនិតដូចគ្នា ក្នុងការឆ្ពោះទៅមុខ ដែលមានប្រវត្តិ និងជំនាញផ្សេងៗគ្នា ដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ វិស័យលក់រាយ និងផលិតកម្ម ជាមួយនឹង គោលដៅក្នងការពន្លឿនសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ទៅជាយុគសម័យឌីជីថល។ ប្រវត្តិ និងសាវតាររបស់ម្ចាស់ភាគហ៊ុនរបស់យើងរួមបញ្ចូលគ្នា បានផ្តល់នូវការយល់ដឹងនៃបញ្ហាប្រឈម ដែលអាចកើត មានឡើង និងឱកាសដែលអាចកើតមានឡើងក្នុងបរិបទអាជីវកម្ម។ ដូច្នេះហើយ ពួកយើងអាចផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ក្នុងការចាប់យក ឱកាសទាំងនេះ។
ទស្សនវិស័យវិជ្ជមាន និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរនោះ គួបផ្សំនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ផ្តល់នូវថ្នាលដ៏ល្អមួយសម្រាប់យើងខ្ញុំក្នុងការបង្កើតធនាគារ អូរៀនថល ម.ក។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.orientalbank.com.kh/
រាល់ចម្ងល់ទាក់ទងនឹងព័ត៌មានខាងលើ សូមទាក់ទងទៅកាន់៖
លោក សារិ សៀងម៉េង
អនុប្រធាន ផ្នែកទំនាក់ទំនង និងឧបត្តម្ភ នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍
seangmeng@fortelifeassurance.com | 010 351 216
អត្ថបទ៖ ក្រុមហ៊ុន