ប្រែសម្រួល៖ស្រីស្រស់
មនុស្សដែលមានខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេសនៅតំបន់ចង្កេះ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីជាគ្មានកត្តាហានិភ័យផ្សេងទៀតក៏ដោយ។
ការកាត់បន្ថយទម្ងន់លើសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការកាត់បន្ថយទម្ងន់គឺការបរិភោគអាហារឱ្យបានសមតុល្យ គ្រប់គ្រងបរិមាណអាហារ និងបង្កើនសកម្មភាពរាងកាយ។
កុំព្យាយាមកាត់បន្ថយទម្ងន់លឿនពេក – របបអាហារបែបនិយមភាគច្រើនមិនមានភាពជាក់ស្តែងទេ។ វាពិបាកក្នុងការអនុវត្តរយៈពេលវែង និងអាចមានផលប៉ះពាល់ដល់សុខភាព។
ការកាត់បន្ថយទម្ងន់យឺតៗ ប្រហែល ១-២ ផោន (រវាងកន្លះគីឡូ និងមួយគីឡូ) ក្នុងមួយសប្តាហ៍ គឺមានសុខភាពល្អជាង ហើយអ្នកទំនងជាអាចរក្សាទម្ងន់បានយូរ។
- គន្លឹះសម្រាប់គ្រប់គ្រងទម្ងន់របស់អ្នក៖
១. កុំរំលងពេលអាហារ។ ចាប់ផ្តើមថ្ងៃជាមួយអាហារពេលព្រឹកដែលមានសុខភាពល្អ។ ការបរិភោគអាហារ៣ពេលក្នុងមួយថ្ងៃជួយឱ្យរាងកាយមានថាមពលដែលត្រូវការ និងការពារការឃ្លាន។
២. គ្រប់គ្រងទំហំដែលត្រូវបរិភោគ។ ប្រើចានស្តង់ដារទំហំ ៩ អ៊ីញ ជៀសវាងការប្រើចានធំជាងនេះ។
៣. បរិភោគនៅពេលឃ្លាន។ ជៀសវាងការបរិភោគដើម្បីកម្សាន្ត ឬដោយសារតែអផ្សុក ឬធ្លាក់ទឹកចិត្ត។ ដើរលេង ឬធ្វើអ្វីមួយដែលអ្នកចូលចិត្តជំនួសវិញ។
៤. ទាញយកកំណត់ត្រាអាហារ Croí និងបំពេញវាក្នុងរយៈពេលប៉ុន្មានថ្ងៃ។
៥. កំណត់ការបរិភោគស្ករ និងនំ។ បង្អែមមានកាឡូរីច្រើន និងសារជាតិចិញ្ចឹមតិច។
៦. ផឹកទឹកឱ្យបានច្រើន។ ព្យាយាមផឹកទឹកយ៉ាងតិច ៦-៨ កែវ (២ លីត្រ) ក្នុងមួយថ្ងៃ។
៧. ជ្រើសរើសអាហារសម្រន់មានសុខភាពល្អ។ បរិភោគផ្លែឈើស្រស់ បន្លែ ឬយ៉ាអ៊ួរមានជាតិខ្លាញ់ទាប ជំនួសឱ្យអាហារសម្រន់ដែលមានការវេចខ្ចប់។
៨. សកម្មភាពរាងកាយទៀងទាត់ – ព្យាយាមធ្វើការហាត់ប្រាណ ៣០ នាទី ៥ថ្ងៃក្នុងមួយសប្តាហ៍។ នេះធានាបាននូវតុល្យភាពរវាងថាមពលដែលអ្នកទទួលបានពីអាហារ និងថាមពលដែលអ្នកប្រើប្រាស់។
យើងត្រូវយកចិត្តទុកដាក់លើគុណភាពអាហាររបស់យើង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ របបអាហារមេឌីទែរ៉ានេ គឺជារបបអាហារការពារបេះដូង ដែលលើកទឹកចិត្តឱ្យមានការបរិភោគដែលអាចនាំឱ្យមានការថយចុះទម្ងន់ និងសុខភាពល្អជាទូទៅ៖
-ការបរិភោគផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន
-ជ្រើសរើសនំប៉័ងធញ្ញជាតិគ្រាប់ពេញ អង្ករសម្រូប ម៉ាការ៉ូនីធញ្ញជាតិគ្រាប់ពេញ និងធញ្ញជាតិផ្សេងៗ
-ជំនួសប៊ឺដោយខ្លាញ់មានប្រយោជន៍ដូចជាប្រេងអូលីវ និងប្រេងគ្រាប់ស្ពៃ (rapeseed)
-ប្រើគ្រឿងទេស និងស្លឹកឈើក្រអូបជំនួសអំបិលដើម្បីបង្កើនរសជាតិអាហារ
-ជំនួសសាច់ក្រហមដោយត្រី និងសាច់មាន់
-បរិភោគត្រីយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ដោយមួយដងត្រូវជាត្រីមានខ្លាញ់ (ត្រីម៉ាកឃើរ៉ែល ត្រីអណ្តែង ត្រីហឺរីង ត្រីសាឌីន និងត្រីសាល់ម៉ុន)
-ផឹកគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ
បញ្ជាក់៖ បើមានបញ្ហាផ្សេងៗទៀតសូមទាក់ទងមជ្ឈមណ្ឌលបេះដូង និងដាច់សរសៃឈាមខួរក្បាល Croí តាមលេខ ០៩១-៥៤៤៣១០ អ៊ីមែល info@croi.ie ឬចូលទៅកាន់គេហទំព័រ www.croi.ie