សន្ដិសុខសង្គម

មរណភាពលោកគ្រូ អ៊ឹម បញ្ញា នាយករងវិទ្យាល័យតាលោជាការបាត់បងធនធានមនុស្សនិងអ្នកដឹកនាំដ៏ល្អម្នាក់

ដោយ : បន្ទាយ

ពោធិ៍សាត់៖ គណ:គ្រប់គ្រង បុគ្គលិក សិស្សានុសិស្ស ឪពុកម្តាយ អាណាព្យាបាលសិស្សនិងអាជ្ញាធរ មានសមត្ថកិច្ចនៅឃុំនិងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ បានចាត់ទុកថាមរណភាពលោកគ្រូ អ៊ឹម បញ្ញា នាយករងវិទ្យាល័យតាលោជាការបាត់បងធនធានមនុស្ស គ្រូបង្រៀននិងអ្នកដឹកនាំដ៏ល្អម្នាក់។នេះបើតាមលោកតេង ធា នាយកវិទ្យាល័យនេះនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចបានដឹងកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា : លោកគ្រូ អ៊ឹម បញ្ញា អាយុ៤០ឆ្នាំ ជានាយករងវិទ្យាល័យតាលោបានទទួលមរណភាពកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ ដោយជំងឺដាច់សរសៃឈាមក្នុងខួក្បាល ពោលគឺបន្ទាប់ពីអាការធ្វើទុក្ខ កើតឡើងនៅភូមិ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបាកាន(នៅបឹងខ្នារ) និងបន្តទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។

ឥឡូវនេះ សពលោកគ្រូត្រូវតម្កល់ទុកធ្វើបុណ្យឈាបនកិច្ចនៅគេហដ្ឋានលោកនាភូមិតាលោ ឃុំតាលោស្រុកតាលោសែនជ័យ ។មានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង នាយក នាយករង លោកគ្រូអ្នកគ្រូ ពលរដ្ឋ សិស្សានុសិស្ស ញាតិមិត្តជាច្រើនបានមកចូលរួមបុណ្យសពនិងជូនដំណើរចុងក្រោយវិញ្ញាណក្ខន្ធសព។

សូមរំលឹកថា លោកគ្រូ អ៊ឹម បញ្ញា មានបងប្អូន២នាក់គឺបងស្រីនិងលោកជាកូនពៅ ។ ឪពុកម្តាយលោកបានស្លាប់អស់ហើយដែរ។

លោកមានស្រុកកំណើតនៅភូមិបោះពួយ ឃុំលាជ ស្រុកភ្នំក្រវាញ ។ លោកជាគ្រូបង្រៀន ហើយទៅបម្រើការនៅវិទ្យាល័យតាលោ តាំងពីបង្កើតជាអនុវិទ្យាល័យមកម្ល៉េះ ។លោកបានសិក្សា បណ្តុះបណ្តាលនិងមានស្នាដៃជាច្រើនក្នុងការងារ។ ភរិយាលោក គឺអ្នកស្រីគង់ សោម៉ា និងមានកូនស្រី២នាក់ ។

សូមបញ្ជាក់ថា វិទ្យាល័យតាលោកជាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណ: ស្ថិតនៅតំបន់ជនបទដាច់ស្រយាលមួយ ប៉ុន្តែទទួលចំណាត់ថ្នាក់លេខ១ ឬស្ថិតលើកំពូលតារាងជាប់ៗគ្នា៣ឆ្នាំ លើលទ្ធផលនិងភាគរយបេក្ខជន/នារីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងក៏ជាសាលារៀន ដែលត្រូវបានមន្ទីរអប់រំ យុវជននិងកីឡាវាយតម្លៃជាសាលារៀនមាននាយកល្អផងដែរ។វិទ្យាល័យនេះមានទីតាំងនៅផ្លូវខេត្ត នាភូមិតាលោឃុំតាលោស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់៕