ប្រែសម្រួល៖ រតនា
ទីក្រុងសេអ៊ូល៖ ប្រធានាធិបតី យូន ស៊ុក យូល ដែលកំពុងជួបវិបត្តិនយោបាយ បានបដិសេធមិនលាលែងពីតំណែងនៅថ្ងៃសៅរ៍ (ថ្ងៃទី៧ ខែធ្នូ) ក្រោយការប្រកាសច្បាប់អាជ្ញាសឹក ខណៈពេលដែលការបោះឆ្នោតដើម្បីដកហូតតំណែងលោកនឹងត្រូវធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងខាងមុខ និងការតវ៉ាតាមដងផ្លូវជាច្រើនត្រូវបានគ្រោងធ្វើឡើងនៅទីក្រុងសេអ៊ូល។
លោក យូន បានធ្វើឱ្យប្រទេសជាតិ និងសហគមន៍អន្តរជាតិភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ ដោយបានប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងបានបញ្ជូនកងទ័ព និងឧទ្ធម្ភាគចក្រទៅរដ្ឋសភា។
ប៉ុន្តែសមាជិកសភាបានបោះឆ្នោតច្រានចោលសេចក្តីប្រកាសនេះ ដោយបង្ខំឱ្យលោក យូន ដកសេចក្តីប្រកាសនេះវិញនៅម៉ោងដំបូងៗនៃថ្ងៃពុធ ក្នុងយប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ប្រទេសដែលត្រូវបានគេសន្មតថាជាប្រទេសប្រជាធិបតេយ្យមានស្ថិរភាព។
“ការប្រកាសច្បាប់អាជ្ញាសឹកកើតចេញពីភាពបន្ទាន់របស់ខ្ញុំក្នុងនាមជាប្រធានាធិបតី” លោកមានប្រសាសន៍ក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍ ដែលជាលើកដំបូងដែលលោកបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិនយោបាយ។
“ទោះយ៉ាងណាក៏ដោយ ក្នុងដំណើរការនេះ ខ្ញុំបានបង្កឱ្យមានការព្រួយបារម្ភ និងភាពមិនងាយស្រួលដល់សាធារណជន។ ខ្ញុំសូមអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះប្រជាពលរដ្ឋដែលមានការពិបាកចិត្តយ៉ាងខ្លាំង។”
គណបក្សប្រឆាំង និងសមាជិកសំខាន់ៗនៃគណបក្សរបស់លោកផ្ទាល់បានអំពាវនាវឱ្យលោកលាលែងពីតំណែង ហើយរដ្ឋសភានឹងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍នេះលើការដកហូតតំណែងរបស់លោក ទោះបីជាមេដឹកនាំគណបក្សប្រឆាំងបានប្រាប់ AFP ថា មិនច្បាស់ថាសេចក្តីស្នើនេះអាចអនុម័តបានឬអត់។
នគរបាលបាននិយាយថា ពួកគេរំពឹងថានឹងមានអ្នកតវ៉ាប្រឆាំងលោក យូន រាប់ម៉ឺននាក់នឹងចេញមកតាមដងផ្លូវមុនការបោះឆ្នោត ដោយអ្នករៀបចំសង្ឃឹមថានឹងមានមនុស្សចំនួន ២០០.០០០ នាក់នឹងចូលរួម។
លោក យូន មិនបានស្នើសុំលាលែងពីតំណែងក្នុងសុន្ទរកថាខ្លីរបស់លោកទេ ដោយគ្រាន់តែនិយាយថា លោកនឹង “ផ្តល់ឱ្យគណបក្សនូវវិធានការដើម្បីធ្វើឱ្យស្ថានភាពនយោបាយមានស្ថិរភាព រួមទាំងអាណត្តិការងាររបស់ខ្ញុំផងដែរ”។
គណបក្សរបស់លោកមានការបែកបាក់គ្នាលើបញ្ហានេះ ដោយសមាជិកសភាកាលពីយប់ថ្ងៃសុក្រនៅតែប្រកាន់ខ្ជាប់នូវជំហរផ្លូវការដែលថា ពួកគេនឹងរារាំងការដកហូតតំណែង ទោះបីជាប្រធានគណបក្ស ហាន ដុងហ៊ូន បាននិយាយថា លោក យូន ត្រូវតែចាកចេញ បើមិនដូច្នោះទេ ទីក្រុងសេអ៊ូលនឹងប្រឈមនឹងវិបត្តិនយោបាយកាន់តែច្រើន។
“ការបំពេញភារកិច្ចធម្មតារបស់ប្រធានាធិបតីគឺមិនអាចធ្វើទៅបានក្រោមកាលៈទេសៈ (បច្ចុប្បន្ន) ហើយការលាលែងមុនកំណត់របស់ប្រធានាធិបតីគឺជារឿងដែលមិនអាចជៀសផុត” លោក ហាន ដុងហ៊ូន បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃសៅរ៍។
ក្រុមគណបក្សប្រឆាំងមានអាសនៈចំនួន ១៩២ នៅក្នុងរដ្ឋសភាដែលមានសមាជិកសរុប ៣០០ រូប ខណៈដែលគណបក្សប្រជាជនមានអំណាច (PPP) របស់លោក យូន មានអាសនៈចំនួន ១០៨។
មានតែសមាជិកសភាគណបក្សកាន់អំណាចចំនួន ៨ រូបប៉ុណ្ណោះដែលត្រូវបោះបង់គណបក្សដើម្បីឱ្យការបោះឆ្នោតទទួលបានសំឡេងភាគច្រើនពីរភាគបី។ សមាជិកសភា PPP ម្នាក់បានប្រកាសជាសាធារណៈរួចហើយថា គាត់នឹងបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។
ការបោះឆ្នោតដោយជោគជ័យនឹងព្យួរលោក យូន ពីតំណែងរង់ចាំសេចក្តីសម្រេចពីតុលាការរដ្ឋធម្មនុញ្ញ។នគរបាលបានចាប់ផ្តើមស៊ើបអង្កេតលោក យូន និងអ្នកដទៃទៀតពីបទបះបោរដែលត្រូវបានចោទប្រកាន់។
“ខ្ញុំនឹងមិនគេចវេះពីបញ្ហាទំនួលខុសត្រូវផ្នែកច្បាប់ និងនយោបាយទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកទេ” លោក យូន បានមានប្រសាសន៍ក្នុងសុន្ទរកថារបស់លោក។
នៅយប់ថ្ងៃសុក្រ អ្នកតវ៉ាប្រឆាំងលោក យូន យ៉ាងហោចណាស់ ១៥.០០០ នាក់បានប្រមូលផ្តុំគ្នានៅស្រុកយូអ៊ីដូនៃទីក្រុងសេអ៊ូល ជាកន្លែងដែលរដ្ឋសភាស្ថិតនៅ ដោយមិនខ្លាចអាកាសធាតុត្រជាក់។
បាតុករមួយចំនួនបានបោះជំរំអស់មួយយប់ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង ខណៈដែលតំណាងរាស្ត្រគណបក្សប្រឆាំងនៅតែស្ថិតនៅក្នុងរដ្ឋសភា ដោយភ័យខ្លាចថាលោក យូន អាចនឹងព្យាយាមធ្វើសកម្មភាពដ៏អស់សង្ឃឹមណាមួយដើម្បីស្ថិតនៅក្នុងអំណាច។
ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថាការគាំទ្រចំពោះប្រធានាធិបតីវ័យ ៦៣ ឆ្នាំរូបនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១៣ ភាគរយ។
- “ធាតុប្រឆាំងរដ្ឋ”
ក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិនាយប់ថ្ងៃអង្គារ លោក យូន បានមានប្រសាសន៍ថា ច្បាប់អាជ្ញាសឹកនឹង “ការពារកូរ៉េខាងត្បូងសេរីពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនីស្តកូរ៉េខាងជើង និងលុបបំបាត់ធាតុប្រឆាំងរដ្ឋដែលប្លន់យកសេរីភាព និងសុភមង្គលរបស់ប្រជាជន”។
កងកម្លាំងសន្តិសុខបានបិទព័ទ្ធរដ្ឋសភាជាតិ ឧទ្ធម្ភាគចក្របានចុះចតនៅលើដំបូល ហើយទាហានប្រមាណ ៣០០ នាក់បានព្យាយាមបិទអគារនេះ។
ប៉ុន្តែនៅពេលដែលបុគ្គលិករដ្ឋសភាបានរារាំងទាហានដោយប្រើសាឡុង និងធុងពន្លត់អគ្គិភ័យ តំណាងរាស្ត្រគ្រប់គ្រាន់បានចូលទៅក្នុងអគារ – ជាច្រើននាក់បានឡើងជញ្ជាំងដើម្បីចូល – និងបានបោះឆ្នោតប្រឆាំងនឹងការសម្រេចរបស់លោក យូន។
មេដឹកនាំនយោបាយសំខាន់ៗត្រូវបានបញ្ជាឱ្យឃាត់ខ្លួន តាមការអះអាងរបស់តំណាងរាស្ត្រមកពីគណបក្សទាំងពីរ ដោយមានមេទ័ពជាន់ខ្ពស់ម្នាក់ដែលពាក់ព័ន្ធបាននិយាយនាសប្តាហ៍នេះថា ពួកគេត្រូវបានបញ្ជាឱ្យ “ទាញចេញ” តំណាងរាស្ត្រពីរដ្ឋសភា។
ហេតុការណ៍នេះបាននាំមកនូវការរំឭកឡើងវិញនូវអតីតកាលផ្តាច់ការរបស់កូរ៉េខាងត្បូង និងធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនភ្ញាក់ផ្អើល ដោយរដ្ឋបាលសហរដ្ឋអាមេរិកបានដឹងតាមរយៈទូរទស្សន៍តែប៉ុណ្ណោះ។
លោក អាន់តូនី ប្លីនខិន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់សមភាគីកូរ៉េរបស់លោកគឺលោក ចូ តេ យុល កាលពីថ្ងៃសុក្រថា លោក “រំពឹងថាដំណើរការប្រជាធិបតេយ្យនឹងឈ្នះ”៕
ប្រភព៖ AFP/gs