សន្ដិសុខសង្គម

នគរបាលឃាត់ខ្លួននិងញែកបញ្ជូនក្នុងចំណោមជនជាតិថៃ១០នាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ ថា ករណីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងជនរងគ្រោះសេពគ្រឿងញៀនជនជាតិថៃចំនួន១០នាក់កន្លងមកនោះ។ការិយាល័យបានញែកនិងកសាងសំណុំរឿងបញ្ជូនខ្លះទៅតុលាការនិងខ្លះទៀតជាអ្នកសេពគ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលអប់រំ ដើម្បីបន្សាបសារធាតុញៀន។

នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចអគារថ្មីស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរម្នាក់ ១-ឈ្មោះចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរិបអូសបានសម្ភារ និងវត្ថុតាង .១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន០៣គ្រាប់។២.លិខិតឆ្លងដែនមួយក្បាល។
៣.អត្តសញ្ញាណសញ្ជាតិថៃមួយ។

បន្ទាប់មក នៅយប់នៃថ្ងៃដដែល ជននេះសហការនឹងកម្លាំង សមត្ថកិច្ចជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យ ជួញដូរ ចែកចាយនិងប្រើប្រាស់បំពានសារធាតុញៀនចំនួន៩នាក់ទៀត ជាជនជាតិថៃ នៅម្តុំបុរីសុខស្រេង(ហែលទឹក) ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ,២.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ៣.ឈ្មោះគីត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ,៤.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ,៥.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ,៦.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ,៧.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ,៨.ឈ្មោះឈុនធីឆាវវងថាំភូ ភេទស្រី អាយុ៣១ឆ្នាំ, ៩.ឈ្មោះផិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ។រួចហើយកម្លាំងធ្វើការត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរកឃើញមាន៖ -សម្ភារនិងវត្ថុតាង រួមមានៈ
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩.៥៧៦គ្រាប់), ២.ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់), ៣.ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់) , ៤.ម្សៅក្រាមស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់, ៥.លិខិតឆ្លងដែនមួយក្បាល, ៥.អត្តសញ្ញាណសញ្ជាតិថៃមួយ,៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។

បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធីនិងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ។

នគរបាលជំនាញក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ រួចសួរចម្លើយ ហើយបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដើម្បីសួរចម្លើយបន្ថែម រួចកសាងសំណុំរឿងបញ្ជូនជនសង្ស័យជួញដូរ ចែកចាយគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនិតិវិធី និងក្រៅពីនោះ អ្នកសេពបំពានសារធាតុញៀន ត្រូវបញ្ជូនទៅបន្សាបសារធាតុញៀននៅមណ្ឌលជីវិតថ្មី ភ្នំបាក់ នាសង្កាត់ទឹកថ្លៃក្រុងសិរីសោភ័ណ ៕