ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យគណៈកម្មការ អនុគណៈកម្មលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ពិនិត្យទាំងអាជីវកម្ម សេវាកម្មឯកជន និងទាំងការប្រើប្រាស់ឱសថ(ថ្នាំពេទ្យ)សរុបទាំងជាង១.០០០ ទីតាំងក្នុងខេត្តមួយនេះពោល គឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ យើងត្រូវអនុវត្តឱ្យបានហ្មត់ចត់តាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋភិបាល ដោយធ្វើរួមតែម្តង។ ព្រោះថាកន្លងមកមានឱសថក្លែងក្លាយភាគច្រើននៅបង្កប់ជាមួយនឹងអាហារបំប៉ន មានឱសថហាមឃាត់ ឱសថក្លែងក្លាយ ដោយដាក់លាយឡំគ្នាបន្លំ។ រូបភាពមួយទៀតតាមរយៈគ្រូពេទ្យស្ម័គ្រចិត្តតាមសមាគម ដើម្បីសាកល្បង។
ឯកឧត្តមបានបន្ថែមថា៖ ក្នុងនាមគណៈកម្ម អនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ត្រូវមើល នៅពេលដែលមានអង្គការដៃគូ សប្បុរសជនណាមកសុំព្យាបាលជំងឺត្រូវសាកសួរឱ្យបានច្បាស់លាស់ពីប្រវត្តិឱសថ ជួនជាឱសថយកមកសាកល្បង ដែលបណ្តាលឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ពិសេសដែលធ្វើឱ្យកុមារក្រោមអាយុ ១២ ឆ្នាំមានជំងឺទឹកនោមផ្អែម ជាដើម ហើយដាក់បន្ទុកថា ក្មេងនោះទទួលទានចំណីអាហារផ្អែម សាលារៀនបើកឱ្យមានការលក់ដូរ នំណីអាហារមានសារជាតិផ្អែម ម្តាយមិនបំបៅដោះកូនដោយទឹកដោះខ្លួនឯង ជាដើមនោះ។
ឯកឧត្តមបានបន្តថា៖ ដោយពិនិត្យមើលតាមរយៈការព្យាបាលជំងឺ តាមសមាគម តាមអង្គការ តាមសប្បុរសជនណាក៏ដោយពាក់ព័ន្ធនឹងលក្ខន្តិកៈ នៃការប្រើប្រាស់ថ្នាំ ហើយត្រូវតែធានាថា ថ្នាំនោះជាថ្នាំដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានការអនុញ្ញាតត្រឹមត្រូវ ដោយស្ថិតក្នុងសុពលភាព នៃការប្រើប្រាស់។ ការចុះពិនិត្យនេះទៀតសោតត្រូវមើល ទាំងអាជីវកម្មសេវាកម្មឯកជនផង និងទាំងការប្រើប្រាស់ឱសថ(ថ្នាំពេទ្យ) នេះផង។
សូមបញ្ជាក់ថា ការស្នើរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមលើបញ្ហាចុះពិនិត្យអាជីវកម្មសេវាកម្មឯកជន និងទាំងការប្រើប្រាស់ឱសថ ខាងលើនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនមិនច្បាប់អនុញ្ញាត។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៣ ធ្នូនេះ៕