ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅកាត់ថា CTAFA បានចុះអនុស្សណៈយោគយល់គ្នាជាមួយសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជាហៅកាត់ថា CTLA នៅអគារណាហ្គាវើល១ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំ២០២៤។
តំណាងសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ដែលបានចូលរួមក្នុងការចុះអនុស្សរណៈនៅពេលនោះមានលោក ទេព សិដ្ឋាន់ណា អនុប្រធានសមាគម CTAFA។ រីឯសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា CTLA គឺមានឯកឧត្តម លឹម តុង ប្រធានសមាគម CTLA និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ដែលបានធ្វើឡើងរវាងសមាគម CTAFAនិងសមាគម CTLA នៅពេលនេះគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករវាងសមាគមទាំង២ឲ្យកាន់តែរឹងមាំ។
ក្នុងនោះការងារសំខាន់របស់សមាគម CTAFA គឺផ្តោតជាសំខាន់គឺប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយទៅលើបញ្ហាពន្ធដារ គណនេយ្យនិងសវនកម្មដល់ម្ចាស់អាជីវកម្ម ហើយខាងសមាគម CTLA គឺផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជាការផលិត ការនាំចេញធ្វើយ៉ាងណាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ៕