ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ ជាសិស្សពូកែបាន ត្រូវចេះមុខវិជ្ជាអក្សរសាស្រ្តខ្មែរឱ្យបានច្បាស់ គឺជាគន្លឹះមូលដ្ឋានក្នុងការសិក្សាឈានឆ្ពោះទៅរកមុខវិជ្ជាផ្សេងទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍យ៉ាងដូច្នេះកាលពីថ្ងៃទី ២៨ វិច្ឆិកា ការដែលឯកឧត្តមបានអញ្ជើញចូលរួមពិធីផ្តល់រង្វាន់សិស្សឆ្នើមថ្នាក់ទី ១០ ចំនួន ២៧ នាក់ប្រចាំស្រុកព្រៃឈរដែលទទួលបានជ័យលាភីលើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ សិស្សគ្មានមូលដ្ឋានគ្រឹះ មិនអាចក្លាយជាសិស្សពូកែបាននោះទេ គឺជាសិស្សពូកែត្រូវពង្រឹងចំណេះដឹងទូទៅដូចជា ប្រវត្តិវិទ្យា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា និងមុខវិជ្ជាផ្សេងទៀត។ ប៉ុន្តែមុខវិជ្ជាគន្លឹះជាមូលដ្ឋានអាចជាគណិតវិទ្យា ជាពិសេសអក្សរសាស្រ្តខ្មែរ គឺចេះមិនច្បាស់អក្សរសាស្រ្តខ្មែរហើយអ្វីៗផ្សេងទៀតក៏អត់ច្បាស់ដែរ គឺត្រូវចេះឱ្យច្បាស់មុខវិជ្ជាខ្មែរ ប្រត្តិវិវិទ្យា ក៏ត្រូវចេះឱ្យច្បាស់ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត ឥឡូវនេះសំខាន់គេនិយាយអំពីបច្ចេកវិទ្យាឌីជីថល គឺកុំព្យូទ័រនេះឯង។
ឯកឧត្តមបានបន្តថា៖ ដូច្នេះដើម្បីឱ្យក្មួយៗ ក្លាយជាធនធានប្រកបដោយគុណភាព គឺត្រូវប្រឹងប្រែរៀនសូត្រ គ្មានអ្វីផ្តល់នូវអំណាយ ឬឱកាសជាងការសិក្សារៀនសូត្រនោះទេ មនុស្សមិនដូចគ្នាទេ អ្នកខ្លះកើតមកនៅក្នុងគ្រួសារមួយមាន ម្នាក់ទៀតកើតមកនៅក្នុងគ្រួសារមួយក្រីក្រ។ ប៉ុន្តែបើក្មួយៗ ខិតខំសិក្សារៀនសូត្រចេះឱ្យច្បាស់ គឺក្មួយៗនឹងទទួលបានយុត្តិសង្គមមួយ តាមរយៈការសិក្សារៀនសូត្រ តាមរយៈការអប់រំ។
សូមបញ្ជាក់ថា រង្វាន់សម្រាប់សិស្សឆ្នើម ជ័យលាភី សម្ដេចធិបតីហ៊ុន ម៉ាណែត ចំណាត់ថ្នាក់លេខ១ ទទួលបានប័ណ្ណសរសើរមួយសន្លឹក, ម៉ូតូ មួយ គ្រឿង ម៉ាក Honda Dream ១២៥, ថវិកាមួយលានរៀល និងសៀវភៅ ពីរឈុត (មួយឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និងមួយឈុតទៀតសម្រាប់ថ្នាក់ទី១២)។ ចំណាត់ថ្នាក់លេខ២ ទទួលបានប័ណ្ណសរសើរ មួយសន្លឹក, ម៉ូតូមួយគ្រឿង ម៉ាក Wave ,ថវិកា ១ លានរៀល និងសៀវភៅពីរ ឈុត ដូចគ្នា និងចំណាត់ថ្នាក់លេខ៣ ទទួលបានប័ណ្ណសរសើរ, មួយសន្លឹកម៉ូតូមួយគ្រឿង ម៉ាក Wave, ថវិកា មួយលានរៀល និងសៀវភៅ ពីរឈុតដែរ ៕