ដោយ : បន្ទាយ
ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២នាក់ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ថា : ពលទាហាន២រូបនោះ ទី១- លោកអនុសេនីយ៍ទោ ហួត ភ័ស និង ទី២-លោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា។
ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានមេដាយចំនួន៣គ្រឿងជូនដល់អង្គភាព រួមមាន ៖ វិញ្ញាសាបាញ់សហការ បាញ់ប៉ះដៃ និង បាញ់ថែប (កម្ពុជាចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយមាស ១, វិញ្ញាសាបាញ់សហការ និងរត់បាញ់ថែប (កម្ពុជាចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយប្រាក់ ១, វិញ្ញាសាបាញ់សហការបណ្ដាក់ (កម្ពុជាចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយសំរឹទ្ធិ១៕