ប្រែសម្រួល៖ រតនា
ក្រុងឡាអេ៖ ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានថ្លែងកាលពីថ្ងៃពុធ (ថ្ងៃទី២៧ ខែវិច្ឆិកា) ថា លោកនឹងស្នើសុំដីកាចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាជនជាតិមូស្លីម។
ចៅក្រមបីរូបនឹងសម្រេចថាតើមានមូលដ្ឋានគ្រប់គ្រាន់ដែលអាចជឿបានថា នាយឧត្តមសេនីយ៍ មីន អ៊ុងង ឡាំង មានការទទួលខុសត្រូវផ្លូវព្រហ្មទណ្ឌចំពោះការនិរទេស និងការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេសឬទេ។
ការសម្រេចលើការចេញដីកាចាប់ខ្លួននេះ ជាទូទៅត្រូវការពេលប្រមាណបីខែ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបទៅនឹងការហៅទូរសព្ទពីសំណាក់សារព័ត៌មាន Reuters ភ្លាមៗក្រោយការប្រកាសនេះទេ។ Reuters បានស្នើសុំការបញ្ជាក់ពីរដ្ឋាភិបាលយោធាតាមរយៈអ៊ីមែល។
ជនជាតិរ៉ូហ៊ីងយ៉ាជាង៧៣០.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសក្នុងអំឡុងយុទ្ធនាការ ដែលអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានឲ្យដឹងថា ត្រូវបានអនុវត្តដោយមាន “ចេតនាប្រល័យពូជសាសន៍”។
មីយ៉ាន់ម៉ា ដែលភាគច្រើនជាជនជាតិជឿព្រះពុទ្ធសាសនា បដិសេធការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ និងតែងតែអះអាងថា ខ្លួនមិនបានកំណត់គោលដៅទៅលើជនស៊ីវិលទេ ដោយនិយាយថា ខ្លួនបានធ្វើប្រតិបត្តិការយោធាប្រឆាំងភេរវករ។
មីយ៉ាន់ម៉ាមិនមែនជាសមាជិកនៃ ICC ទេ ប៉ុន្តែក្នុងសេចក្តីសម្រេចឆ្នាំ២០១៨ និង២០១៩ ចៅក្រមបានថ្លែងថា តុលាការមានយុត្តាធិការលើបទល្មើសឆ្លងដែនដែលបានកើតឡើងដោយផ្អែកនៅក្នុងប្រទេសបង់ក្លាដេស ដែលជាសមាជិក ICC និងថាព្រះរាជអាជ្ញាអាចបើកការស៊ើបអង្កេតផ្លូវការបាន។
ICC បានស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងជនជាតិរ៉ូហ៊ីងយ៉អស់រយៈពេលជិតប្រាំឆ្នាំមកហើយ។ ការស៊ើបអង្កេតនេះមិនត្រឹមតែត្រូវបានរារាំងដោយកង្វះការចូលរួមដំណើរការទៅកាន់ប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែមីយ៉ាន់ម៉ាស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល អ៊ុង សាន ស៊ូជី នៅឆ្នាំ២០២១ ដែលបានបង្កឱ្យមានចលនាប្រឆាំងដែលចាប់ផ្តើមជាការតវ៉ាដោយសន្តិវិធី និងក្រោយមកបានវិវត្តទៅជាការបះបោរប្រដាប់អាវុធនៅលើសមរភូមិច្រើនកន្លែង។
“ការសម្រេចរបស់ព្រះរាជអាជ្ញា ICC ក្នុងការស្វែងរកដីកាប្រឆាំងនឹងនាយឧត្តមសេនីយ៍ មីន អ៊ុង ឡាំងបានកើតឡើងក្នុងពេលមានឧក្រិដ្ឋកម្មថ្មីៗប្រឆាំងនឹងជនស៊ីវិលរ៉ូហ៊ីងយ៉ា ដែលដូចគ្នានឹងអ្វីដែលបានកើតឡើងកាលពីប្រាំពីរឆ្នាំមុន” នោះបើតាមការថ្លែងរបស់លោកស្រី Maria Elena Vignoli ទីប្រឹក្សាជាន់ខ្ពស់ផ្នែកយុត្តិធម៌អន្តរជាតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស៕
ប្រភព៖ Reuters/dy