អន្តរជាតិ

ក្រុមហ៊ុន Adani ថាបានខាតបង់៥៥ ពាន់លានដុល្លារបន្ទាប់ពីការចោទប្រកាន់របស់អាមេរិក

ប្រែសម្រួល៖ រតនា
ញូវដេលី៖ ក្រុមហ៊ុនសម្ព័ន្ធ Adani Group របស់ឥណ្ឌាបាននិយាយនៅថ្ងៃពុធ (ថ្ងៃទី២៧ ខែវិច្ឆិកា) ថាខ្លួនបានខាតបង់ប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារភាគហ៊ុន ចាប់តាំងពីរដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ស្ថាបនិក និងមន្ត្រីផ្សេងទៀតពីបទក្លែងបន្លំកាលពីសប្តាហ៍មុន។

បណ្តឹងចោទប្រកាន់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក បានចោទប្រកាន់លោក Gautam Adani ជាឧស្សាហករមហាសេដ្ឋី និងអ្នកក្រោមបង្គាប់ជាច្រើននាក់ពីបទចេតនាបំភាន់វិនិយោគិនអន្តរជាតិ ដែលជាផ្នែកមួយនៃគ្រោងការសូកប៉ាន់។

បណ្តឹងនេះបានបញ្ជាក់ថា ពួកគេបាន “រៀបចំផែនការដើម្បីផ្តល់ អនុញ្ញាត ធ្វើ និងសន្យាថានឹងធ្វើការបង់ប្រាក់សំណូកទៅឱ្យមន្ត្រីរដ្ឋាភិបាលឥណ្ឌា”។

ក្រុមហ៊ុនដែលបដិសេធការចោទប្រកាន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា៖ “ចាប់តាំងពីមានការជូនដំណឹងអំពីបណ្តឹងចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិក ក្រុមហ៊ុនបានរងការខាតបង់ប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក នៅក្នុងមូលធនទីផ្សាររបស់ខ្លួនក្នុងក្រុមហ៊ុនចុះបញ្ជីទាំង ១១”។

លោក Gautam Adani អាយុ ៦២ ឆ្នាំ ត្រូវបានសង្ស័យថាបានចូលរួមក្នុងគ្រោងការសូកប៉ាន់ដែលមានទឹកប្រាក់ ២៥០ លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យារដ្ឋាភិបាលដែលមានប្រាក់ចំណេញច្រើន។
ក្រុមហ៊ុន Adani Group បានចេញសេចក្តីបដិសេធយ៉ាងម៉ឹងម៉ាត់ ដោយពិពណ៌នាការចោទប្រកាន់ថា “គ្មានមូលដ្ឋាន” ប៉ុន្តែវាបានបង្កឱ្យមានការលក់ភាគហ៊ុន Adani យ៉ាងច្រើននៅទីក្រុងមុមបៃកាលពីសប្តាហ៍មុន ដោយមានការផ្អាកការជួញដូរជាច្រើនដង។

ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Enterprises បានកើនឡើង ១,៨ ភាគរយនៅថ្ងៃពុធ ប៉ុន្តែក្រុមហ៊ុនសំខាន់របស់ក្រុមនេះបានខាតបង់ជាង ២០ ភាគរយនៃមូលធនទីផ្សាររបស់ខ្លួន ចាប់តាំងពីបណ្តឹងចោទប្រកាន់ត្រូវបានចេញផ្សាយ។

សេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធបានឱ្យដឹងថា មន្ត្រី Adani “ត្រូវបានចោទប្រកាន់តែ” ពីបទក្លែងបន្លំមូលបត្រ ការឃុបឃិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក និងការក្លែងបន្លំមូលបត្រប៉ុណ្ណោះ។ ក្រុមហ៊ុនបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ក្រុមហ៊ុនបាននិយាយថា វា “មិនត្រឹមត្រូវ” ទេដែលនិយាយថា លោក Gautam Adani ឬក្មួយប្រុសរបស់គាត់ គឺលោក Sagar Adani ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ឬអំពើពុករលួយ។

លោក Adani គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលជាអ្នកជាតិនិយមហិណ្ឌូ ហើយធ្លាប់ជាមនុស្សមានបំផុតទី២នៅលើពិភពលោក ហើយអ្នករិះគន់តែងតែចោទប្រកាន់គាត់ថាបានទទួលផលប្រយោជន៍ដោយមិនត្រឹមត្រូវពីទំនាក់ទំនងរបស់ពួកគេ។
• “ផលប៉ះពាល់យ៉ាងខ្លាំង”
ក្រុមហ៊ុនបាននិយាយថា សកម្មភាពនេះបាននាំឱ្យមាន “ផលប៉ះពាល់យ៉ាងខ្លាំង” រួមទាំង “ការលុបចោលគម្រោងអន្តរជាតិ ផលប៉ះពាល់ទីផ្សារហិរញ្ញវត្ថុ និងការពិនិត្យភ្លាមៗពីដៃគូយុទ្ធសាស្ត្រ វិនិយោគិន និងសាធារណជន”។

នោះរួមទាំងនៅប្រទេសកេនយ៉ា ដែលប្រធានាធិបតី William Ruto បាននិយាយថា ក្រុមហ៊ុន Adani Group នឹងលែងពាក់ព័ន្ធក្នុងផែនការពង្រីកបណ្តាញអគ្គិសនី និងព្រលានយន្តហោះសំខាន់របស់ប្រទេសនៅអាហ្វ្រិកខាងកើតនេះទៀតហើយ។

ក្រុមហ៊ុន Adani Group គ្រោងនឹងវិនិយោគទឹកប្រាក់ ១,៨៥ ពាន់លានដុល្លារអាមេរិកនៅព្រលានយន្តហោះ Jomo Kenyatta និង ៧៣៦ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនសាធារណៈ KETRACO។

ប្រទេសស្រីលង្កាបានបើកការស៊ើបអង្កេតលើការវិនិយោគក្នុងស្រុករបស់ក្រុមនេះ រួមទាំងកិច្ចព្រមព្រៀងថាមពលខ្យល់ដែលមានទឹកប្រាក់ ៤៤២ លានដុល្លារអាមេរិក និងកំពង់ផែសមុទ្រជ្រៅដែលដឹកនាំដោយក្រុមហ៊ុន Adani នៅកូឡុំបូ ដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃជាង ៧០០ លានដុល្លារអាមេរិក។
ជាមួយនឹងចក្រភពអាជីវកម្មដែលគ្របដណ្តប់លើធ្យូងថ្ម ព្រលានយន្តហោះ ស៊ីម៉ងត៍ និងប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុន Adani Group បានឆ្លងកាត់ការចោទប្រកាន់ពីការក្លែងបន្លំសាជីវកម្មកាលពីមុន និងបានរងការខាតបង់ភាគហ៊ុនស្រដៀងគ្នាកាលពីឆ្នាំមុន។

សម្ព័ន្ធក្រុមហ៊ុននេះបានខាតបង់ ១៥០ ពាន់លានដុល្លារអាមេរិកនៅក្នុងតម្លៃទីផ្សាររបស់ខ្លួនក្នុងឆ្នាំ២០២៣ បន្ទាប់ពីរបាយការណ៍របស់ក្រុមហ៊ុន Hindenburg Research បានចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្តអំពើក្លែងបន្លំសាជីវកម្ម “ដោយគ្មានការអៀនខ្មាស់”។

លោក Adani បានបដិសេធការចោទប្រកាន់របស់ Hindenburg ហើយបាននិយាយថា របាយការណ៍របស់ខ្លួនគឺជា “ការប៉ុនប៉ងដោយចេតនា” ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីផលប្រយោជន៍របស់អ្នកលក់ខ្លី។
ការពង្រីកយ៉ាងរហ័សរបស់ក្រុមហ៊ុន Adani Group ទៅក្នុងអាជីវកម្មដែលត្រូវការមូលធនច្រើនបានបង្កឱ្យមានការព្រួយបារម្ភកន្លងមក ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Fitch និងអ្នកស្រាវជ្រាវទីផ្សារ CreditSights បានព្រមានក្នុងឆ្នាំ២០២២ ថា ខ្លួន “ជំពាក់គេច្រើនហួសហេតុ”។

លោក អាដានី ដែលកើតក្នុងគ្រួសារមធ្យមនៅក្រុងអាម៉េដាបាដ រដ្ឋគុជារ៉ាត បានឈប់រៀននៅអាយុ១៦ឆ្នាំ ហើយបានផ្លាស់ទៅរស់នៅទីក្រុងមុមបៃ ដើម្បីស្វែងរកការងារក្នុងជំនួញត្បូងថ្មដ៏មានប្រាក់ចំណេញនៅរាជធានីហិរញ្ញវត្ថុនេះ។

បន្ទាប់ពីបានធ្វើការរយៈពេលខ្លីនៅក្នុងអាជីវកម្មផ្លាស្ទិករបស់បងប្រុសគាត់ លោកបានបង្កើតក្រុមហ៊ុនគ្រួសារដែលមានឈ្មោះរបស់គាត់នៅឆ្នាំ១៩៨៨ ដោយចាប់ផ្តើមពីជំនួញនាំចេញ៕
ប្រភព៖ CNA/rc