ដោយ៖សហការី
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូកៀរជាមួយខឿនពុះចែកទ្រូងផ្លូវដួលបោកក្បាលនឹងបង្គោលប៉ាន់ណូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមានស្រាបៀរចំនួន២កំប៉ុងនៅជិតខ្លួន ប្រជាពលរដ្ឋសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង កាលពីវេលា២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្រ្ដីម្នាក់ជាអ្នកលក់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1Q-5788 ម្នាក់ឯងតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម។លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែម៉ូតូគាត់បានកៀរខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងបង្គោលប៉ាន់ណូបណ្តាលឲ្យជនរងគ្រោះដេកស្តូកស្តឹងនៅកន្លែងកើតហេតុ និងមានស្រាបៀរចំនួន២កំប៉ុងនៅជិតខ្លួនផងដែរ។ ប្រជាពលរដ្ឋសង្ស័យថាបុរសខាងលើបើកម៉ូតូក្នុងស្ថានភាពស្រវឹងទើបជ្រុលទៅកៀរខឿនពុះចែកទ្រូងផ្លូវ ហើយខ្ទាតបោកទៅនឹងបង្គោលប៉ាន់ណូបែបនេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ប្រហែលមួយសន្ទុះមានបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅមើល ហើយមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យសពខាងលើភ្លាមៗ និងមិនមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួនទេ មានតែកាត ការងារជាកម្មកររោងចក្រស្បែកជើង យ៉េន យុត មិនដឹងរស់នៅភូមិណានៅឡើយ។ សមត្ថកិច្ចបានយកសពទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកដើម្បីរង់ចាំសាច់ញាតិនឹងប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ៕