ប្រែសម្រួល៖រតនា
តូក្យូ៖ សហរដ្ឋអាមេរិកកំពុងរៀបចំផែនការបម្រុងសម្រាប់ការដាក់ពង្រាយកងកម្លាំងយោធានៅប្រទេសជប៉ុន និងហ្វីលីពីន ក្នុងករណីមានអាសន្នទាក់ទងនឹងតៃវ៉ាន់ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន។
ផែនការទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងផែនការប្រតិបត្តិការរួមគ្នាលើកដំបូង ដែលនឹងត្រូវរៀបចំនៅខែធ្នូ នេះបើយោងតាមការរាយការណ៍របស់ក្យូដូកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៤ ខែវិច្ឆិកា) ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងទំនាក់ទំនងជប៉ុន-អាមេរិក។
កងអនុសេនាធំទ័ពជើងទឹកអាមេរិក ដែលមានប្រព័ន្ធកាំជ្រួចចល័តច្រើនកាំភ្លើង HIMARS (High Mobility Artillery Rocket System) នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយខ្សែកោះណានសៃរបស់ជប៉ុន ដែលលាតសន្ធឹងពីក្យូស្យូ ទៅកោះយ៉ូណាគុនិជិតតៃវ៉ាន់ នេះបើតាមក្យូដូ។
ចាប់តាំងពីដំណាក់កាលដំបូង ប្រសិនបើស្ថានភាពអាសន្នតៃវ៉ាន់កាន់តែមានសភាពធ្ងន់ធ្ងរ មូលដ្ឋានបណ្តោះអាសន្ននឹងត្រូវបង្កើតឡើងនៅលើកោះដែលមានប្រជាជនរស់នៅ ដោយផ្អែកលើគោលការណ៍ណែនាំយោធាអាមេរិកសម្រាប់ការបញ្ជូនទ័ពជើងទឹកជាក្រុមតូចៗទៅកាន់ទីតាំងជាច្រើន នេះបើតាមរបាយការណ៍បន្ថែម។
កងកម្លាំងយោធាជប៉ុនត្រូវបានរំពឹងថានឹងចូលរួមជាចម្បងក្នុងការគាំទ្រផ្នែកភស្តុភារដល់អង្គភាពទ័ពជើងទឹក រួមមានការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ នេះបើតាមរបាយការណ៍បានឱ្យដឹង។
ក្យូដូបានបន្ថែមថា កងទ័ពជើងគោកអាមេរិកនឹងដាក់ពង្រាយអង្គភាពកងកម្លាំងប្រតិបត្តិការពហុវិស័យ (Multi-Domain Task Force) ដែលមានប្រព័ន្ធបាញ់ចម្ងាយឆ្ងាយនៅប្រទេសហ្វីលីពីន។
ក្រសួងការពារជាតិជប៉ុន និងហ្វីលីពីនមិនអាចទាក់ទងសុំការបញ្ជាក់បានភ្លាមៗនោះទេ។
ស្ថានទូតអាមេរិកនៅទីក្រុងម៉ានីលបដិសេធមិនធ្វើអត្ថាធិប្បាយ។
នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះកាលពីថ្ងៃចន្ទ ក្រសួងការបរទេសប៉េកាំងបានថ្លែងថា តៃវ៉ាន់គឺជា “ផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន”។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ោ នីង បានថ្លែងថា “ចិនប្រឆាំងយ៉ាងម៉ឹងម៉ាត់ចំពោះប្រទេសពាក់ព័ន្ធនានាដែលប្រើប្រាស់បញ្ហាតៃវ៉ាន់ជាលេសដើម្បីពង្រឹងការដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់ បង្កភាពតានតឹង និងការប្រឈមមុខដាក់គ្នា ព្រមទាំងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។
ចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈកំពុងបង្កើនសម្ពាធលើតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។
វ៉ាស៊ីនតោនកំពុងពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់ ខណៈធ្វើឱ្យប៉េកាំងខឹងសម្បា ដោយការដាក់ពង្រាយនាវា និងយន្តហោះចម្បាំងជាទៀងទាត់នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង៕
ប្រភព៖ AFP/dy