ដោយ៖សហការី
ភ្នំពេញ៖ក្មេងជំទង់២នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ទាំងអស់គ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
អ្នកស្លាប់ទី១ឈ្មោះ បាត់ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើការងាររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅស្រុងបាភ្នំខេត្តព្រៃវែង។
អ្នកស្លាប់ទី២ឈ្មោះ ហ៊ឹម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខផ្សារត្រពាំងថ្លឹងស្រាប់តែបើកវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្តាលឲ្យរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 3-0674 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងយ៉ាងអាណោចអាធ័មបំផុត។
បន្ទាប់ពីកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅថ្ងៃក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន៕