អន្តរជាតិ

គណៈកម្មការមូលបត្រ និងប្តូរប្រាក់អាមេរិក (SEC) ចេញដីកាកោះហៅលោក Adani និងក្មួយប្រុសរបស់គាត់ ទាក់ទងនឹងការចោទប្រកាន់ពីបទសូកប៉ាន់

ប្រែសម្រួល៖ រតនា

គណៈកម្មការមូលបត្រ និងប្តូរប្រាក់សហរដ្ឋអាមេរិកSEC បានចេញដីកាកោះហៅមហាសេដ្ឋីឥណ្ឌា Gautam Adani ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់នៅសហរដ្ឋអាមេរិក ទាក់ទងនឹងបណ្តឹងព្រហ្មទណ្ឌសហព័ន្ធដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងរូបគាត់ យោងតាមឯកសារតុលាការបានបង្ហាញ។

SEC កំពុងប្តឹងប្រធានក្រុមហ៊ុន Adani Group និងក្មួយប្រុសរបស់គាត់ឈ្មោះ Sagar Adani ដោយចោទប្រកាន់ថាពួកគេបានចូលរួមក្នុងការសូកប៉ាន់រាប់រយលានដុល្លារ ដើម្បីជួយក្រុមហ៊ុន Adani មួយ ខណៈពេលដែល “បានអះអាងខុសការពិតអំពីការអនុវត្តតាមគោលការណ៍ និងច្បាប់ប្រឆាំងការសូកប៉ាន់របស់ក្រុមហ៊ុន ទាក់ទងនឹងការចេញមូលបត្របំណុលចំនួន ៧៥០ លានដុល្លារ”។

ដីកាកោះហៅនេះតម្រូវឱ្យមានការឆ្លើយតបក្នុងរយៈពេល ២១ថ្ងៃ យោងតាមឯកសារចុះថ្ងៃពុធនៅតុលាការសហព័ន្ធនៅស្រុកភាគខាងកើតនៃញូវយ៉ក។ បណ្តឹងរបស់ SEC ស្វែងរកទោសទណ្ឌជាទឹកប្រាក់ដែលមិនបានបញ្ជាក់ច្បាស់លាស់ និងការហាមឃាត់មិនឱ្យក្រុម Adani បម្រើការជាមន្ត្រីនៃក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន។

តំណាងក្រុមហ៊ុន Adani Group មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអធិប្បាយពី Reuters នៅថ្ងៃអាទិត្យនេះទេ។

ក្រុមហ៊ុននេះបានបដិសេធការចោទប្រកាន់បទព្រហ្មទណ្ឌថាជា “ការចោទប្រកាន់គ្មានមូលដ្ឋាន”។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបាននិយាយថា បណ្តឹងនេះទាក់ទងនឹងកិច្ចសន្យាមួយរបស់ក្រុមហ៊ុន Adani Green Energy ដែលមានចំនួនប្រមាណ ១០ភាគរយនៃអាជីវកម្មរបស់ខ្លួន ហើយគ្មានក្រុមហ៊ុនផ្សេងទៀតក្នុងសម្ព័ន្ធក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តខុសឡើយ។

រដ្ឋអាជ្ញាសហព័ន្ធបានចេញដីកាចាប់ខ្លួនលោក Gautam និង Sagar Adani ដោយចោទប្រកាន់ថាពួកគេបានចូលរួមក្នុងគម្រោងសូកប៉ាន់ទឹកប្រាក់ ២៦៥ លានដុល្លារដល់មន្ត្រីឥណ្ឌា ដើម្បីទទួលបានកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពល។

អាជ្ញាធរបាននិយាយថា លោក Adani និងចុងចោទប្រាំពីរនាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់គាត់ Sagar បានព្រមព្រៀងសូកប៉ាន់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យាដែលរំពឹងថានឹងទទួលបានប្រាក់ចំណេញ ២ ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំ និងអភិវឌ្ឍគម្រោងរោងចក្រថាមពលព្រះអាទិត្យធំជាងគេនៅឥណ្ឌា។

វិបត្តិនេះគឺជាវិបត្តិលើកទីពីរក្នុងរយៈពេលពីរឆ្នាំដែលប៉ះពាល់ដល់សម្ព័ន្ធក្រុមហ៊ុនកំពង់ផែ និងថាមពលដែលបង្កើតឡើងដោយលោក Adani អាយុ ៦២ឆ្នាំ ដែលជាមនុស្សមានបំផុតម្នាក់នៅលើពិភពលោក។ ផលវិបាកត្រូវបានគេដឹងភ្លាមៗ ដោយប្រាក់រាប់ពាន់លានដុល្លារត្រូវបានបាត់បង់ពីតម្លៃទីផ្សារនៃក្រុមហ៊ុន Adani Group ហើយប្រធានាធិបតីកេនយ៉ាបានលុបចោលគម្រោងព្រលានយន្តហោះដ៏ធំមួយជាមួយក្រុមហ៊ុននេះ៕

ប្រភព៖ Reuters