អន្តរជាតិ

រុស្ស៊ីដកតំណែងមេបញ្ជាការជាន់ខ្ពស់នៅសមរភូមិអ៊ុយក្រែនដោយសាររាយការណ៍កុហក

ប្រែសម្រួល៖ រតនា

ទីក្រុងម៉ូស្គូ៖ រុស្សីបានដកតំណែងនាយឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបនៅអ៊ុយក្រែន ដោយសារការផ្តល់របាយការណ៍មិនត្រឹមត្រូវអំពីដំណើរការសង្គ្រាម ខណៈរដ្ឋមន្ត្រីការពារជាតិ អាន់ដ្រេ បេឡូសុវ ព្យាយាមដកចេញមេបញ្ជាការដែលមានសមត្ថភាពខ្សោយ នេះបើតាមអ្នកសរសេរប្លក់សង្គ្រាមគាំទ្ររុស្សី និងប្រព័ន្ធផ្សព្វផ្សាយរុស្សីបានឱ្យដឹង។

មុនរដូវរងា កងកម្លាំងរុស្សីបានវាយលុកចូលអ៊ុយក្រែនក្នុងល្បឿនលឿនបំផុតចាប់តាំងពីការឈ្លានពានដំបូងក្នុងឆ្នាំ២០២២ ប៉ុន្តែការរីកចម្រើននេះមានល្បឿនយឺតជាងនៅតំបន់មួយចំនួន ជាពិសេសនៅជុំវិញតំបន់ស៊ីវឺស្ក (Siversk) ក្នុងតំបន់ដូនេតស្ក (Donetsk) ភាគខាងកើត។

ប្រព័ន្ធផ្សព្វផ្សាយរុស្សីបានដកស្រង់ប្រភពអនាមិកដែលបាននិយាយថា វរសេនីយឯក ហ្សេណាឌី អាណាស្គីន (Gennady Anashkin) មេបញ្ជាការក្រុមភាគខាងត្បូង ត្រូវបានដកចេញពីតំណែងរបស់គាត់ ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អាន់ដ្រេ បេឡូសុវ

អ្នកសរសេរប្លក់សង្គ្រាមរុស្សីបានត្អូញត្អែរជាយូរមកហើយអំពីការបញ្ជាប្រតិបត្តិការនៅជុំវិញស៊ីវឺស្ក ដែលពួកគេបាននិយាយថា កងកម្លាំងរុស្សីដែលមិនមានការគាំទ្រគ្រប់គ្រាន់ត្រូវបានបញ្ជូនទៅក្នុងការប្រយុទ្ធដ៏គ្រោះថ្នាក់ដោយគ្មានផលចំណេញផ្នែកយុទ្ធសាស្ត្រច្បាស់លាស់។

“មានតែអ្នកខ្ជិលប៉ុណ្ណោះដែលមិនបានសរសេរអំពីបញ្ហានៅទីនោះ៖ ជារួម វាត្រូវការពេលប្រព័ន្ធប្រហែលពីរខែដើម្បីឆ្លើយតបបានត្រឹមត្រូវ” នេះបើតាម Rybar ដែលជាអ្នកសរសេរប្លក់គាំទ្ររុស្សីដែលគេគោរព បាននិយាយនៅលើ Telegram។

“អាណាស្គីន ត្រូវបានដកចេញពីតំណែងដោយសាររបាយការណ៍មិនពិតនៅតំបន់សេវេស្ក” Rybar បាននិយាយ ដោយប្រើឈ្មោះទីកន្លែងតាមបែបរុស្សី។ អ្នកយកព៏ត៌មានសង្គ្រាមម្នាក់របស់ទូរទស្សន៍រដ្ឋរុស្សីក៏បាននិយាយថា អាណាស្គីនត្រូវបានដកចេញពីការបញ្ជារបស់គាត់ដែរ។

ក្រសួងការពារជាតិរុស្សីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ Reuters ដែលមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះ មិនអាចទាក់ទងអាណាស្គីនដើម្បីសុំការអត្ថាធិប្បាយបានទេ ដោយសារស្ថានភាពសន្តិសុខក្នុងប្រទេសរុស្សី។

ប្រសិនបើរុស្សីអាចគ្រប់គ្រងតំបន់ស៊ីវឺស្កបាន វាអាចវាយលុកទៅមុខឆ្ពោះទៅក្រាម៉ាតស្ក (Kramatorsk) ដែលជាទីក្រុងសំខាន់មួយក្នុងតំបន់នោះ។

RBC បានដកស្រង់ប្រភពអនាមិកមួយពីក្រសួងការពារជាតិដែលបាននិយាយថា អាណាស្គីនត្រូវបានផ្លាស់ប្តូរជាផ្នែកមួយនៃ “ការបង្វិលជុំដែលបានគ្រោងទុក” នៃបុគ្គលិក។

ក្នុងរបាយការណ៍របស់គាត់អំពីការផ្លាស់ប្តូរការបញ្ជា អ្នកសរសេរប្លក់សង្គ្រាមគាំទ្ររុស្សីល្បីឈ្មោះ យូរី ផូដូលយ៉ាកា (Yuri Podolyaka) បានដកស្រង់សម្តីរបស់បេឡូសុវដែលបាននិយាយថា “អ្នកអាចធ្វើកំហុស ប៉ុន្តែអ្នកមិនអាចកុហកបានទេ”៕

ប្រភព៖ Reuters/ec