ប្រែសម្រួល៖ រតនា
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក ហ្គោតាម អាដានី ក្មួយប្រុសរបស់គាត់ សាហ្គា អាដានី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយចោទប្រកាន់ពីការបង់ប្រាក់សូកប៉ាន់ជាង ២៥០ លានដុល្លារទៅឱ្យមន្ត្រីរដ្ឋាភិបាលឥណ្ឌា ទាក់ទងនឹងកិច្ចសន្យាថាមពលកកើតឡើងវិញក្នុងឆ្នាំ២០២០។
ការចោទប្រកាន់បានអះអាងថា ក្រុមហ៊ុន Adani Green Energy បានបំភាន់វិនិយោគិន និងធនាគារដើម្បីទទួលបានហិរញ្ញប្បទានរាប់ពាន់លានដុល្លារ និងរារាំងដល់យុត្តិធម៌។ ក្រុមហ៊ុន Adani Group បានបដិសេធការចោទប្រកាន់ទាំងនេះ។
ការវិវត្តន៍នេះគឺជាការប៉ះទង្គិចដ៏សំខាន់មួយសម្រាប់ចក្រពត្តិអាជីវកម្មតម្លៃ ១៦៩ ពាន់លានដុល្លាររបស់អាដានី និងជាការអាម៉ាស់ផ្នែកនយោបាយដែលអាចកើតមានសម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា ម៉ូឌី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាដានី។
រឿងអាស្រូវនេះមានផលប៉ះពាល់ផ្នែកនយោបាយ ជាពិសេសសម្រាប់លោក រ៉ាហ៊ុល ហ្គាន់ឌី មេដឹកនាំគណបក្សប្រឆាំងដែលបានរិះគន់ទំនាក់ទំនងរវាងម៉ូឌី-អាដានី ជាផ្នែកមួយនៃយុទ្ធនាការរបស់គាត់ប្រឆាំងនឹងមូលធននិយមបក្សពួក។
ទោះយ៉ាងណា ការចោទប្រកាន់នេះបានលេចឡើងក្រោយការបោះឆ្នោតនៅរដ្ឋមហារ៉ាស្ត្រា ដែលកម្រិតផលប៉ះពាល់នយោបាយភ្លាមៗរបស់វា។
ដីកាចោទប្រកាន់រួមមានការចោទប្រកាន់អំពីគម្រោងសូកប៉ាន់ដែលពាក់ព័ន្ធអាដានី និងក្រុមហ៊ុនផ្សេងទៀត ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលរដ្ឋឥណ្ឌាឱ្យទិញថាមពលដែលមានតម្លៃថ្លៃ។ DOJ អះអាងថាគម្រោងនេះពាក់ព័ន្ធនឹងការប្រើប្រាស់ខុសឆ្គងនូវប្រព័ន្ធហិរញ្ញវត្ថុអាមេរិកដើម្បីទទួលបានមូលនិធិ។ ផលវិបាកបានប៉ះពាល់រួចហើយដល់តម្លៃទីផ្សាររបស់អាដានី ដែលសំខាន់សម្រាប់ការទទួលបានហិរញ្ញប្បទានបំណុល។
ក្នុងប្រទេស ករណីនេះអាចវិវត្តទៅជាវិបត្តិនយោបាយសម្រាប់លោកម៉ូឌី ជាពិសេសប្រសិនបើវានៅតែបន្តនិងមានឥទ្ធិពលលើអ្នកបោះឆ្នោត។ ជាអន្តរជាតិ ការចោទប្រកាន់នេះផ្តល់អំណាចចរចាដល់រដ្ឋបាលអាមេរិកថ្មីក្នុងការចរចាលក្ខខណ្ឌពាណិជ្ជកម្មជាមួយឥណ្ឌា។ ករណីនេះបង្កើនការរិះគន់ពីមុនទៅលើអាដានី និងអាចមានផលប៉ះពាល់រយៈពេលវែងដល់ទិដ្ឋភាពនយោបាយនិងអាជីវកម្មរបស់ឥណ្ឌា៕
ប្រភព៖ Bloomberg/el