សន្ដិសុខសង្គម

បង្រ្កាបគ្រឿងញៀនបាន៣០បេ ឃាត់ខ្លួនជនជាតិថៃនិងឡាវសរុប៤នាក់

ដោយ៖ សុខុម

ស្ទឹងត្រែងៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រះវិហារ និងស្ទឹងត្រែង បានស្ទាក់បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមជាមួយគ្រឿងញៀនចំនួន៣០បេ រថយន្តមួយគ្រឿង កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ ករណីនេះមន្រ្តីជំនាញបានបញ្ជូនបន្តបន្តនីតិវិធីទៅក្រសួង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីថ្ងៃទី២០វិច្ឆិកា កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក៧)ចុះស្រាវជ្រាវ និងបង្រ្កាបករណីដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣០បេ នៅលើរថយន្តមួយគ្រឿងត្រង់ចំណុចខ្ទមអ្នកតា ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ ស្រុកឆែបខេត្តព្រះវិហារ។ សមត្ថកិច្ចបានតាមមុខសញ្ញារហូតមកដល់ភូមិសាស្រ្តចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២១វិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ២នាក់ទី១.ឈ្មោះខាំ ឡេហឺ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិឡាវ។ទី២.ឈ្មោះសា ឡាំផុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។វត្ថុតាងសង្ស័យជាសារធាតុញៀនចំនួន៣០បេ, រថយន្តមួយគ្រឿង, ទូរសព្ទនិងលិខិតឆ្លងដែន។នៅថ្ងៃដដែលបន្តចូលឆែកបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតក្នុងនោះមានស្រ្តីម្នាក់ផង(ជនជាតិថៃនិងឡាវ)៕