ដោយ៖ កំចាយ

កំពត÷ ថ្នាក់ដឹកនាំសមាគមកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឲ្យមានប្រសិទ្ធភាព ព្រោះជនរងគ្រោះតាមរយ:បច្ចេកវិទ្យានេះពិបាកជួយសង្គ្រោះបានទាន់ពេលណាស់។
នាថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតមានបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិយាប័ន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”។
ថ្លែងបើកវគ្គបណ្តុះបណ្តាលខាងលើ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃសមាគមកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដោយប្រព័ន្ធអនឡាញជាបញ្ហាប្រឈម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកុមារ ក្មេងស្រី និងស្ត្រី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព្រោះតែមិនបានដឹងនូវវិធីសាស្រ្តាការពារខ្លួនពីការឆបោក កេងប្រវ័ញ្ច ក៏ដូចជាការរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូច។ ដូច្នេះ នាយក និងមន្រ្តីថ្នាក់កណ្តាល ថ្នាក់សាខា យុវជន និងអ្នកស្ម័គ្រចិត្តមកពីគ្រប់ខេត្តត្រូវយកចិត្តទុកដាក់ស្តាប់រាល់បទបង្ហាញរបស់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹងសម្រាប់សាមីខ្លួនម្នាក់ៗ។ លោកស្រីនាយិកាបានបន្តថា ពេលត្រឡប់ទៅវិញ សូមពិភាក្សាគ្នា រួចដាក់ចេញនូវផែនការពង្រឹងការអនុវត្តគោលនយោបាយការពារកុមារនៅតាមសាខារបស់ខ្លួនដោយបន្ស៊ាំជាមួយផែនការថ្នាក់ជាតិដើម្បីបញ្ចៀសកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព។ បន្ថែមលើនេះក៏ត្រូវបង្កើនឱកាសឲ្យកុមារទទួលបានសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវកិច្ចការពារ និងសិទ្ធិចូលរួមដោយគ្មានការរំលោភបំពាន និងភាពភ័យខ្លាច។
លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការអេផល(APLE)បានបញ្ជាក់ថា ការរំលោភបំពានកុមារតាមរយ:ប្រព័ន្ធអនឡាញមានលក្ខណៈស្មុគស្មាញ មិនងាយស្រួលក្នុងការដោះស្រាយ និងពិបាកជួយសង្គ្រោះឲ្យបានទាន់ពេលវេលាណាស់។ មានតែវិធីម្យ៉ាងគត់ គឺការពារខ្លួនដែលជាជម្រើសដ៏ល្អបំផុត។ លោកនាយកប្រតិបត្តិបានបន្តថា តាមរយ:របាយការណ៍របស់សហរដ្ឋអាមេរិក ក្នុង១ឆ្នាំ នៅជុំវិញពិភពលោកមានកុមាររងគ្រោះតាមប្រព័ន្ធអនឡាញប្រមាណ២១លានករណី។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០២៣ មានកុមាររងគ្រោះតាមប្រព័ន្ធអនឡាញចំនួន២៧៨ករណី។ ក្នុងនោះអាចសង្គ្រោះកុមារបានជាង១០រូប ហើយរកមុខជនល្មើសបានតែ១ម្នាក់គត់។ សម្រាប់១០ខែឆ្នាំ២០២៤នេះ កុមាររងគ្រោះជាង១៦០ករណីប៉ុណ្ណោះ ប៉ុន្តែមានសណ្ឋានធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០២៣៕
