ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ យានយន្តគ្រប់ប្រភេទ ពិសេសខ្នាតធំបានដឹកលើសទម្ងន់ វានឹងបំផ្លាញផ្លូវថ្នល់ដាច់ខ្ទេចគ្មានសល់ នេះតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសហការទប់ស្កាត់ឱ្យខាងតែបាន។
នេះគឺជាប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក សេង ឈួន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ,លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចអង្គភាពពាក់ព័ន្ធដូចជា ទីចាត់ការអន្តរវិស័យសាលាខេត្ត,នគរបាលនគរបាលខេត្តជាដើម ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានអោយដឹងថា : ១១ខែឆ្នាំ២០២៤ កន្លងមក ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តបានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិ២ខ្សែក្នុងចំណោម៤ខ្សែគឺលេខ៥ លេខប៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសរុបចំនួន៥.៩៣៨គ្រឿង ។ក្នុងនោះ ថយន្តលក្ខណៈត្រឹមត្រូវ ៥.៣៥៤គ្រឿង , ហួសសុពលភាពឆៀក ចំនួន៦៤គ្រឿង ,គ្មានពាក់ស្លាកលេខចំនួន២៣០គ្រឿង, យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន២គ្រឿង និងប័ណ្ណបើកបរខុសប្រភេទយានយន្តចំនួន២៨០គ្រឿង។
នៅក្នុងកិច្ចប្រជុំនេះផងដែរអស់លោកលោកស្រី ដែលជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការលើកឡើងថា: ជារៀងរាល់ថ្ងៃ ក៏បានធ្វើការឃាត់រថយន្តមួយចំនួន ដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ដូចជារថយន្តដឹកខ្សាច់ រថយន្តកែច្នៃតទ្រុង ដឹកអង្កាមជាដើម។
ចំពោះបញ្ហាប្រឈមមួយចំនួនដែលមានការពិបាកនោះគឺយានយន្តធុនធំ រថយន្តតទ្រុងខុសបច្ចេកទេស ចរាចរណ៍ដឹកនៅពេលយប់ ដើម្បីជាការលាក់បាំងដល់មន្ត្រីមានសមត្ថកិច្ចឬមន្ត្រីជំនាញ។
ដូចនេះមន្ត្រីស្នើសុំគោលការណ៍ដើម្បីធ្វើការទប់ស្កាត់និងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្ត ដឹកលើសទម្ងន់និងរថយន្តទ្រុងខុសលក្ខណៈបច្ចេកទេស ព្រោះថាស្ថានភាពទូទៅនៃចរាចរណ៍នៅកម្ពុជាបាននិងកំពុង ប្រែក្លាយជាបញ្ហាដ៏ធំ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ លោក សេង ឈួន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបានថ្លែងថា : មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺមាន៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់។តែអ្វីដែលសំខាន់ជាងនេះ នាបច្ចុប្បន្នគឺយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ហេតុនេះ សូមមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានប្រើប្រាស់បានយូរអង្វែង តម្រូវឲ្យមន្ត្រីទាំងឡាយដែលជាអ្នកពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់ ខុសលក្ខណៈបច្ចេកទេស មន្ត្រីអាចឃាត់ ទប់ស្កាត់បានគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ៕