សន្ដិសុខសង្គម

បង្រ្កាបបានជនសង្ស័យ២នាក់រឹបអូសគ្រឿងញៀន២០គីឡូក្រាមបញ្ជូនទៅតុលាការ

ដោយ៖ សុខុម

ស្ទឹងត្រែង៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន២នាក់រួមជាមួយគ្រឿងញៀន២០គីឡូក្រាមទៅតុលាការក្រោយចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ ឃាត់ខ្លួននៅចំណុចគោលដៅព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ខេត្តស្ទឹងត្រែង។នៅពេលធ្វើប្រតិបត្តិការនោះ រកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន ២០ដុំ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ១.ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។២- ឈ្មោះ នឿន ចាន់រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំ ប្រមាណជា២០គីឡូក្រាម និង ម៉ូតូ ០១គ្រឿង,ទូរសព្ទដៃចំនួន ០២គ្រឿង៕