ប្រែសម្រួល៖រតនា
រុស្ស៊ីបានបាញ់មីស៊ីលលើប្រទេសអ៊ុយក្រែនដែលអាចជាការវាយប្រហារដ៏ធំមួយ ដោយមានរបាយការណ៍បង្ហាញថាមានការប្រើប្រាស់មីស៊ីលបាលីស្ទិកឆ្លងទ្វីប (ICBM) ដែលអាចផ្ទុកកាំជ្រួចនុយក្លេអ៊ែរកាលពីព្រឹកនេះ។
ការវាយប្រហារក្បាលគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបរបស់រុស្ស៊ីនៅពេលនេះទំនងជាការសងសឹកឆ្លើយតបទៅលើអ៊ុយក្រែនដែលបានប្រើអាវុធអាមេរិកនិងអង់គ្លេសបាញ់ចូលទៅក្នុងទឹកដីរុស្ស៊ីថ្មីៗនេះ។
មីស៊ីលនេះ ដែលសង្ស័យថាជាប្រភេទ RS-26 “Frontier” បានបាញ់សំដៅទៅលើទីក្រុងឧស្សាហកម្មដនីប្រូ ដែលជាទីតាំងមជ្ឈមណ្ឌលអាកាសចរណ៍និងការពារជាតិរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី និងអ្នកវិភាគយោធាបានកត់សម្គាល់ពីល្បឿននិងកម្ពស់ហោះហើររបស់មីស៊ីលនេះ ប៉ុន្តែបានសង្ស័យពីភាពចាំបាច់ក្នុងការប្រើប្រាស់អាវុធដែលមានតម្លៃថ្លៃបែបនេះសម្រាប់ការវាយប្រហារធម្មតា។ អ្នកវិភាគជឿថានេះគឺជាសញ្ញាសម្រាប់បំភិតបំភ័យលោកខាងលិចក្នុងដំណាក់កាលតានតឹងបច្ចុប្បន្ន។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅយោធារុស្ស៊ី ដែលម៉ូស្គូចាត់ទុកថាជាការបង្កើនភាពតានតឹង។ ក្នុងពេលជាមួយគ្នា រុស្ស៊ីបានចេញការគំរាមកំហែងប្រឆាំងនឹងមូលដ្ឋានការពារមីស៊ីលបាលីស្ទិករបស់សហរដ្ឋអាមេរិកថ្មីៗនៅប្រទេសប៉ូឡូញ ដែលបង្កើនការភ័យខ្លាចពីការរីករាលដាលនៃជម្លោះ។ អង្គការណាតូបានដាក់ពង្រាយប្រព័ន្ធការពារជាការឆ្លើយតបទៅនឹងការវាយប្រហារ ខណៈដែលក្រសួងការបរទេសរុស្ស៊ីបានរិះគន់ការចូលរួមរបស់លោកខាងលិច និងបានបង្ហាញពីវិធានការបង្កើនការប្រយុទ្ធនាពេលអនាគត។
ក្នុងគ្រាតានតឹងកាន់តែខ្លាំងឡើង រុស្ស៊ីនៅតែបន្តបាញ់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដើម្បីធ្វើឱ្យប្រទេសនេះចុះខ្សោយក្នុងរដូវរងារ ខណៈដែលអ៊ុយក្រែននៅតែបន្តការតស៊ូដោយមានការគាំទ្រពីលោកខាងលិច។ ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើងត្រូវនឹងថ្ងៃសេចក្តីថ្លៃថ្នូរនិងសេរីភាពរបស់អ៊ុយក្រែន ដែលរំឭកពីការតស៊ូដើម្បីឯករាជ្យភាពរបស់ខ្លួន។
អ្នកសង្កេតការណ៍អន្តរជាតិព្រមានថា ការវិវត្តន៍ទាំងនេះបង្ហាញពីដំណាក់កាលថ្មីដ៏គ្រោះថ្នាក់មួយក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលអាចប៉ះពាល់ដល់ស្ថានភាពសន្តិសុខសកល៕